ជាតិ
​សម្ដេច ហ៊ុន សែន​៖ គ្មាន​អ្នកណា​មានបំណង​ឱ្យ​ខ្ញុំ​អវត្តមាន​ក្នុង​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី និង​ថៃ​ទេ​
15, Nov 2022 , 9:56 pm        
រូបភាព
សម្តេច ហ៊ុន សែន ពេលត្រឡប់ពីឥណ្ឌូណេស៊ី មកដល់កម្ពុជាវិញ ក្រោយរកឃើញថាឆ្លងកូវីដ-១៩។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេច ត្រូវខកខានការចូលរួម​កិច្ចប្រជុំ G20 ដែលរៀបចំនៅឥណ្ឌូនេស៊ី ពីថ្ងៃទី១៥-១៦ វិច្ឆិកា។
សម្តេច ហ៊ុន សែន ពេលត្រឡប់ពីឥណ្ឌូណេស៊ី មកដល់កម្ពុជាវិញ ក្រោយរកឃើញថាឆ្លងកូវីដ-១៩។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេច ត្រូវខកខានការចូលរួម​កិច្ចប្រជុំ G20 ដែលរៀបចំនៅឥណ្ឌូនេស៊ី ពីថ្ងៃទី១៥-១៦ វិច្ឆិកា។
សម្តេច ហ៊ុន សែន ស្នើ​កុំឱ្យ​មានការ​វិភាគ​ណាមួយ ជុំវិញ​ករណី​ដែល​សម្តេច មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅពេល​សម្តេច បាន​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ G20​។ ការស្នើ​នេះ ធ្វើឡើង​តាមរយៈ​សារ​សំឡេង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​សម្តេច និង​ប្រតិភូ បាន​វិលត្រឡប់​ពី​ប្រទេស ឥណ្ឌូណេស៊ី មកដល់​កម្ពុជា​វិញ​។​

 
​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា គ្មាន​អ្នកណា​មាន​ចេតនា​រារាំង​មិនឱ្យ​សម្តេច មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ G20 នោះទេ​។ «​គ្មាន​អ្នកណា​មានបំណង ដើម្បីឱ្យ​ខ្ញុំ​មិនមាន​វត្តមាន នៅក្នុង​ការប្រជុំ ទាំង​ការប្រជុំ G20 នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ការប្រជុំ APEC នៅឯ​ប្រទេស​ថៃ​នោះឡើយ​។ ខ្ញុំ​សូមឱ្យ​បំបាត់ចោល​នូវ​ការភ័នច្រឡំ ឬ​ការវិភាគ​ណា​ដែល​នាំទៅដល់​ផ្លូវ​នេះ​តែម្តង​»​។ 
 
​ទន្ទឹមនឹង​ការស្នើ​នេះ សម្តេច ហ៊ុន សែន ក៏ លើកឡើង​ពី​ក្តីបារម្ភ​របស់ខ្លួន ដែល​ខ្លាច​ថា អាចមាន​មេដឹកនាំ​ប្រទេស ដែល​បាន​ចាក​ចេញពី​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។ 
 
​សូមជម្រាបថា ក្រៅពី​ខកខាន​ចូលរួម​កិច្ចប្រជុំ G20 ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប្រ​មុ​រដ្ឋាភិបាល​កម្ពុជា ក៏ត្រូវ​ខកខាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​បារាំង នាទី​ក្រុង​បាងកក ប្រទេស​ថៃ នា​កិច្ចប្រជុំ APEC ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៨-១៩ វិច្ឆិកា​នេះដែរ​៕

អត្ថបទទាក់ទង
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com