ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ បឋមសិក្សាអណ្ដូងទឹក ខ្វះគ្រូបង្រៀន និងអាគារសិក្សា
25, Dec 2022 , 2:30 pm        
រូបភាព
ដោយ៖ ឈិន យួន (យុវជនអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ នាយកសាលាបឋមសិក្សាអណ្ដូងទឹក លោក សៅ រិទ្ធ បានឱ្យដឹងថា បច្ចុប្បន្នសាលារបស់លោក ខ្វះគ្រូបង្រៀនចំនួន ៣នាក់ និងសម្ភារៈសម្រាប់សិស្សរៀន និងសិក្សាស្រាវជ្រាវ។ លោកបន្តថាភាពខ្វះខាតនេះ អាចនឹងធ្វើឱ្យការសិក្សារបស់សិស្សមានការថយចុះមួយកម្រិតផងដែរ។




សាលាបឋមសិក្សាអណ្ដូងទឹកមានចំនួន ៣អាគារ ដែលមាន ១២បន្ទប់។ បច្ចុប្បន្នបន្ទប់សម្រាប់បង្រៀនសិស្សមាន ៩បន្ទប់ ក្នុងនោះ ២បន្ទប់ត្រូវផ្ដាច់ចេញដើម្បីបង្រៀនថ្នាក់មតេ្តយ្យ ហើយនៅសល់ ៧បន្ទប់ត្រូវបានដាក់ឱ្យដំនើរការបង្រៀនកម្រិតបឋមសិក្សា។ នេះបើតាមលោក សៅ រិទ្ធ។
 
លោក សៅ រិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នសាលាបឋមសិក្សាអណ្ដូងទឹក ខ្វះបន្ទប់សម្រាប់សិស្សរៀន ព្រោះក្នុងមួយឆ្នាំៗ មានសិស្សកើនឡើងជារៀងរាល់ឆ្នាំ។ បើតាមលោក សៅ រិទ្ធ នៅឆ្នាំ២០២២ មានសិស្សកើនរហូតដល់ ៧០នាក់ បើធៀបឆ្នាំ២០២១ ដូច្នេះសម្រាប់ថ្នាក់រៀនត្រូវរៀបចំចំនួន ២បន្ទប់ទៀត ទើបការបង្រៀនរបស់លោកគ្រូអ្នកគ្រូងាយស្រួលគ្រប់គ្រងសិស្ស និងមានគុណភាពនៃការសិក្សារបស់សិស្សល្អប្រសើរ។ 
  

លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក។

«មូលហេតុដែលសិស្សរៀនមួយថ្នាក់ ៦០ទៅ៧០នាក់ ព្រោះខ្វះទាំងគ្រូ និងបន្ទប់រៀន ដូច្នេះគុណភាពការទទួលបានចំណេះដឹងរបស់សិស្សអាចធ្លាក់ចុះ។ យើងស្រម៉ៃមើលក្មេងដូចចាប់ក្ដាមដាក់ចង្អេរ អ៊ឹចឹងមានការលំបាក»។ លោក សៅ រិទ្ធលើកឡើងបែបនេះ រួចបន្តថា សិស្សច្រើនដាក់បង្រៀនក្នុងពេលតែមួយ ពិតណាស់គឺមានផលប៉ះពាល់ ដូចជាលោកគ្រូអ្នកគ្រូមើលការខុសត្រូវមិនបានគ្រប់ជ្រុងជ្រោយ ហើយធ្វើខុសគោលការណ៍ និងនិយាយរបស់ក្រសួងអប់រំ ដែលកំណត់ឱ្យបង្រៀនសិស្សមួយថ្នាក់យ៉ាងច្រើនបំផុតតែជាង ៣០នាក់ប៉ុណ្ណោះ។
លោក រិទ្ធ បានបញ្ជាក់ថា គ្រូបង្រៀននៅសាលាបឋមសិក្សាអណ្ដូងទឹក បច្ចុប្បន្នមានគ្រូចំនួន ១៤នាក់ ក្នុងនោះគ្រូនៅទីចាត់ការ ២នាក់ និងគ្រូប័ណ្ណាល័យម្នាក់ ខណៈសាលារៀននៅខ្វះគ្រូចំនួន ៣នាក់ទៀត ទើបគ្រប់គ្រាន់ក្នុងការបង្រៀនសិស្ស។
  


ដោយឡែកលោក សៅ រិទ្ធ ក៏បានបន្ថែមថា ស្ថានភាពជាក់ស្ដែងនៅសាលាបឋមសិក្សាអណ្ដូងទឹក គឺខ្វះអាគារសម្រាប់សិស្សសិក្សាចំនួន ៦បន្ទប់ផងដែរ។ លោកនាយកសាលារូបនេះ ក៏មានផែនការស្នើឱ្យក្រសួងជួយធ្វើអាគារចំនួន ១ខ្នង ដែលមានចំនួន ៦បន្ទប់ ព្រមទាំងចង់ឱ្យសិស្សមានមូលដ្ឋានគ្រឹះ និងបំណិនក្នុងការប្រើប្រាស់ផ្នែក IZTផងដែរ។ លោក រិទ្ធ លើកឡើងបែបនេះ ហើយបន្តថា ខ្វះបន្ទប់សម្រាប់ដាក់កុំព្យូទ័រ បន្ទប់សម្រាប់ទុកសម្ភារៈ បន្ទប់សង្គ្រោះបឋម និងបន្ទប់សម្រាប់ធ្វើការពិសោធន៍ផ្សេងៗ ដែលទាក់ទងជាមួយនឹងការរៀន និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ។
សូមជម្រាបថា សាលាបឋមសិក្សាអណ្ដូងទឹក ត្រូវបានកសាងតាំងពីមុនឆ្នាំ ១៩៧៩។ បច្ចុប្បន្នសាលានេះ មានសិស្សថ្នាក់មត្តេយ្យ ៤៨នាក់ និងថ្នាក់មឋម ៤៨៧នាក់ ស្រី ២០៧នាក់ ដែលសរុបទាំងកម្រិតមត្តេយ្យ និងបឋមចំនួន ៥៣៥នាក់ ដែលបាន និងកំពុងរៀននៅសាលាបឋមសិក្សាអណ្ដូងទឹក៕
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ខ្វះគ្រូបង្រៀន
  បឋមសិក្សាអណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com