កីឡាជាតិ
លោក Daisuke បកស្រាយ​ថា​ខ្លូន​មិនបាន​វាយ​ជំនួយការ​ឡើយ គ្រាន់តែ​ជាការ​អប់រំ​ប៉ុណ្ណោះ
13, Feb 2014 , 4:19 pm        
រូបភាព
គ្រូបង្វឹក Daisuke Yoshioka នៃ​ក្លិប​ត្រាយ​អេ​ស៊ី​ភ្នំពេញ បានទទួល​រង​នូវ​ការ​រិៈ​គន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​កីឡាបាល់ទាត់ បន្ទាប់ពី​លោក​បាន​វាយ​ទៅលើ​ជំនួយការ​ម្នាក់​ដែលជា​ជនជាតិ​ជប៉ុន​ដូចគ្នា ក្រោយ​ក្រុម​របស់លោក​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១-០ នា​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល D នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ទីលាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃ​ម្សិលមិញ។ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម១៦ឆ្នាំ​របស់​រូបនេះ បាន​អះអាងថា នេះ​មិនមែន​ជាការ​វាយតប់​នោះឡើយ ប៉ុន្តែ​គ្រាន់តែ​ជាការ​អប់រំ​ប៉ុណ្ណោះ។


សាក្សី​ដែល​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​បាន​រៀបរាប់ថា លោក Daisuke បាន​វាយ​ជាច្រើនលើក​ច្រើនសារ​ទៅលើ​ជំនួយការ​របស់ខ្លួន​ម្នាក់​ជា​ជនជាតិ​ជប៉ុន​ដូចគ្នា ខណៈដែល​កំពុង​ដើរ​ចេញពី​ទីលាន​ប្រកួត​ក្រោយ ត្រាយ​អេ​ស៊ី​មិនអាច​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។

ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​វ័យ​ជាង៤០ឆ្នាំ​រូបនេះ បាន​អះអាងថា កាយវិការ​របស់លោក​មិនមែន​ជាការ​វាយតប់​នោះឡើយ វា​គ្រាន់តែ​ជាការ​អប់រំ​ដើម្បី​ឲ្យ​មានការ​កែខ្លួន​ប៉ុណ្ណោះ។ លោក​បាន​ពន្យល់ថា៖ «គាត់​ភ្លេច​យក​ឯកសណ្ឋាន និង​លុយ ហើយ​នៅពេលដែល​ការប្រកួត​បានបញ្ចប់ គាត់​ហាក់ដូចជា​មិនមាន​អារម្មណ៍​នៅក្នុង​ខ្លួន​ឡើយ។ គាត់​គឺជា​ជំនួយការ​ជនជាតិ​ជប៉ុន ដូច្នេះ​គាត់​ដឹង​ច្បាស់​ថា នេះ​ជា​វប្បធម៌​របស់​ជប៉ុន​ក្នុងការ​អប់រំ​មនុស្ស​ឲ្យ​មានការ​កែប្រែ។ ពេលនេះ គាត់​កំពុងធ្វើការ​ជាមួយ​ខ្ញុំ សូមកុំ​មានការ​បារម្ភ​អ្វី!» ។

អតីត​គ្រូបង្វឹក​ជម្រើសជាតិ​នៃ​ឈុត U-16 របស់​កម្ពុជា​រូបនេះ បាន​ពន្យល់ថា រូបលោក​មិនមាន​ភាព​តានតឹង​អ្វី​ឡើយ​ក្រោយ​ការប្រកួត​កាលពី​ថ្ងៃ​ពុធ ពីព្រោះ​ពានរង្វាន់​សម្តេច ហ៊ុន សែន មិនមែនជា​គោលដៅ​របស់លោក​ឡើយ​នៅ​ឆ្នាំនេះ។ លោក Daisuke បាន​ពន្យល់ថា៖ «ខ្ញុំ​មិន​បារម្ភ​ពី​ការ​ចាញ់ ឬ​ឈ្នះ​ឡើយ។ ខ្ញុំ​បានផ្តល់​ឱកាស​ដល់​កីឡាករ​វ័យក្មេង​ឲ្យ​បាន​ចូល​លេង​យក​បទពិសោធន៍»។

លោក​បានបញ្ជាក់​បន្ថែម​ថា លោក​បាន​ផ្លាស់ប្តូរ​កីឡាករ​ជម្រើស​ដំបូង​រហូតដល់​ទៅ៧នាក់ ហើយ​ដាក់​កីឡាករ​បម្រុង​ឲ្យ​ចូល​លេង​ជាមួយ​ភ្នំពេញ​ក្រោ​ន។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ពេញចិត្ត​ចំពោះ​ការលេង​របស់​កីឡាករ​ខ្លួន។

លោក Daisuke បាន​អះអាងថា គោលដៅ​សំខាន់​របស់​ត្រាយ​អេ​ស៊ី គឺ​ឈរ​ឲ្យ​បាន​ក្នុងចំណោម៤ក្រុម​កំពូល​នា​រដូវ​កាល​នេះ និង​ចូល​លេង​ក្នុង​យុទ្ធនាការ AFC នៅក្នុង​ឆ្នាំ២០១៥ ៕



© រក្សាសិទ្ធិដោយ thmeythmey.com