អន្តរជាតិ
អាម៉េរិក​បង្ហាញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​២,៦ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន
05, Apr 2023 , 9:29 pm        
រូបភាព
មន្ទីរបញ្ចកោណអាម៉េរិកនៅថ្ងៃទី៤ ខែមេសាបានប្រកាសពីការផ្ដល់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់២,៦ពាន់លានដុល្លារដល់អ៊ុយក្រែន។ កញ្ចប់ជំនួយនេះមានរ៉ាដាឃ្លាំមើលអាកាសចំនួនបី ​មីស៊ីលប្រឆាំងរថក្រោះ និងរថយន្តដឹកប្រេងមួយចំនួន ខណៈអ៊ុយក្រែនរៀបចំការវាយលុកនៅនិទាឃរដូវប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។



ចាប់តាំងពីផ្ទុះសង្ត្រាមនៅអ៊ុយក្រែន អាម៉េរិក ជាអ្នកផ្ដល់ជំនួយយ៉ាងសំខាន់របស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជារឿយៗអ៊ុយក្រែនតែងបានស្នើសុំជំនួយបន្ថែមពីសម្ព័ន្ធមិត្ត។ 
 
កញ្ចប់ជំនួយសព្វាវុធពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលមានទំហំទឹកប្រាក់២,១ពាន់លានដុល្លារ អនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន ទិញអាវុធពីក្រុមហ៊ុននានាជាជាងដកអាវុធចេញពីឃ្លាំងអាវុធអាម៉េរិក។ 
 
កញ្ចប់ USAI រួមមានការផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS បន្ថែមដល់ទីក្រុងកៀវ គ្រាប់បែកពីលើអាកាស គ្រាប់រ៉ុក្កែត GRAD សម័យសូវៀត គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះប្រព័ន្ធរថពាសដែកដែលប្រើក្នុងការវាយលុក រថយន្តដឹកប្រេងចំនួន១០៥គ្រឿង និងការបណ្តុះបណ្តាល និងថែទាំបន្ថែមដល់កងកម្លាំងអ៊ុយក្រែន។ ទឹកប្រាក់ចំនួន ៥០០ លានដុល្លារដែលនៅសេសសល់ នឹងអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកប្រើប្រាស់ក្នុងគ្រាអាសន្ន។
 
កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលអាវុធប្រភេទសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែករថក្រោះ និងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត HIMARS ផងដែរ។
 
ក្រោយការប្រកាសពីកញ្ចប់ជំនួយនេះ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានចេញមុខប្រតិកម្ម ដោយចោទប្រកាន់អាម៉េរិកថាចង់អូសបន្លាយសង្គ្រាមឱ្យបានយូរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ 
 
«ការសម្រេចចិត្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ ជាជំហានឆ្ពោះទៅរកការកើនឡើងនៃវិបត្តិអ៊ុយក្រែន និងការបង្កើនចំនួនជនស៊ីវិលដែលបាត់បង់ជីវិត»។ សារព័ត៌មាន TASS ដកស្រង់ខ្លឹមសារពីសេច​ក្តីថ្លែងការណ៍របស់ស្ថានទូតបែបនេះ។ 
 
កាលពីខែមុនអាល្លឺម៉ង់ និងព័រទុយហ្គាល់បានបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅអ៊ុយក្រែនប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី​។ ចំណែកអាម៉េរិកវិញ បានសន្យាផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនប្រមាណ ៣៥,២ ពាន់លានដុល្លារ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com