អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន​​មិន​សហការ​ជាមួយតុលាការ ICC ក្នុង​ការ​ស៊ើបអង្កេត​សង្គ្រាម​គ្រឿងញៀន
21, Jul 2023 , 6:19 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លើការសម្លាប់មនុស្សរាប់ពាន់នាក់ដែលបានប្រព្រឹត្តក្នុងកំឡុង សង្គ្រាមគ្រឿងញៀនរបស់អ្នកកាន់តំណែងមុននោះទេ។ លោក Marcos Jr បានអះអាងថា ICC មិនមានអំណាចលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ព្រោះបានដកខ្លួនចេញតាំងពីខែមីនា ឆ្នាំ ២០១៩ នោះទេ​។

 
ប៉ុន្មានថ្ងៃក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ច្រានចោលការប៉ុនប៉ងមិនឱ្យស្ថាប័នស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន លោក Marcos បានលើកឡើងថា ហ្វីលីពីននឹងមិនសហការជាមួយពួកគេតាមមធ្យោបាយ រូបរាង ឬទម្រង់ណាមួយឡើយ ។ 
 
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនក្នុងអំឡុងអាណត្តិអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ នេះបើតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស ។ ស្ថិតិរបស់ប៉ូលិសបានបង្ហាញថាមានអ្នកស្លាប់ប្រហែល ៦២០០នាក់
 
លោក Marcos បាននិយាយថា ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ត្រូវតែដោះស្រាយនៅក្នុងប្រទេសនេះ ដូចដែលពួកគេបានប្រព្រឹត្តនៅក្នុងទឹកដីហ្វីលីពីន។ ក្រសួង​យុត្តិធម៌​បាន​សន្យា​ថា​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​សង្គ្រាម​គ្រឿងញៀន​នឹង​មាន​ភាព​យុត្តិធម៌។ នេះបើតាមការលើកឡើងរបស់ លោក Marcos ។ 
 
លោកបន្តថា រដ្ឋបាលលោកនឹងបន្តការពារអធិបតេយ្យភាពរបស់ហ្វីលីពីន និងបន្តចោទសួរអំពីអំណាចរបស់ ICC ក្នុងការស៊ើបអង្កេតរបស់ពួកគេនៅទីនេះលើទឹកដីហ្វីលីពីន។
 
ខណៈហ្វីលីពីនលែងជាប្រទេសហត្ថលេខីរបស់តុលាការអន្តរជាតិ រដ្ឋអាជ្ញាកំពូលរបស់ ICC បានឱ្យដឹងថា តុលាការពិតជាមានអំណាចក្នុងការដោះស្រាយកិច្ចការនេះ ដោយសារប្រទេសនេះជាភាគីនៅពេលឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់៕ 
 
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com