កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona បណ្តេញលោក Xavi បន្ទាប់ពីភាពចលាចលពេញមួយរដូវកាល
25, May 2024 , 6:59 pm        
រូបភាព
ក្រុម Barcelona បានបញ្ចប់តំណែងរបស់លោក Xavi Hernandez រាត្រីថ្ងៃទី២៤ ខែឧសភា។ ពោលគឺ ៤សប្តាហ៍មុនពេល ដែលកិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ​ត្រូវផុតកំណត់ជាមួយក្លិប Barcelona។

 
ការសម្រេចចិត្តបញ្ចប់ការងារនេះ ក៏បានបញ្ចប់ការឈ្លោះប្រកែកគ្នាជាច្រើនខែ រវាងក្រុម Barca និងលោក Xavi ព្រោះ កាលពីខែកុម្ភៈ អតីតខ្សែបម្រើប្រចាំក្លិបលោក Xavi ធ្លាប់មានជម្លោះជាមួយក្រុមកីឡាករ ហើយបានប្រកាសនឹងចាកចេញពីតំណែងក្រោយចប់រដូវកាល កាលពីខែមករា។ 
 
អំឡុងជាកីឡាករ Barca លោក Xavi បង្ហាញខ្លួនលេងបាន ៧៦៧ប្រកួត បន្ទាប់ពីចំណាយពេលលេងរយៈពេល ១៧ឆ្នាំ និងជួយដល់ក្រុមឈ្នះពានរង្វាន់ចំនួន ២៥ ក្នុងអាជីព។
 
បើតាមសេចក្តីថ្លែងការណ៍របស់ Barca ពីការចែកផ្លូវជាមួយនឹងលោក Xavi៖«ថ្ងៃនេះ[ថ្ងៃទី២៤ ខែឧសភា] លោក Joan Laporta ប្រធានក្លិប FC Barcelona បានបញ្ជាក់ថាលោក Xavi Hernandez នឹងមិនធ្វើជាគ្រូបង្វឹកដឹកនាំក្រុមទៀតឡើយ នៅក្នុងរដូវកាល ២០២៤-២០២៥។ ក្រុម Barcelona ក៏ជូនពរ និងអរគុណ Xavi សម្រាប់ការងារជាគ្រូបង្វឹករបស់គាត់។[…]។ 
 
រដូវកាលនេះទៀតសោត ​Barca នឹងបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាងក្របខណ្ឌ​ La Liga ដោយមានគម្លាតចំនួន ៩ពិន្ទុ ពីក្រុមជើងឯក Real Madrid ដែលមាន ៩៤ពិន្ទុ។ 
 
មុនពេលត្រូវក្លិបបញ្ចប់តំណែងលោក Xavi ក៏ធ្លាប់ត្រូវបានគេឃើញថាបានទៅជួបពិភាក្សាជាមួយនឹងលោក Laporta ស្ថិតក្នុងផ្ទះរបស់ប្រធានក្លិបមួយនេះ ក្នុងទីក្រុង Barcelona។ ក្រោយពេលជជែកជាមួយប្រធានក្លិប លោក Xavi ហាក់បង្ហាញបំណងចង់បន្តដឹកនាំក្រុមរដូវកាលក្រោយ ប៉ុន្តែក៏ត្រូវស្ថិតក្រោមលក្ខខណ្ឌមិនជាក់លាក់ដែលកំណត់ដោយក្លិប។
 
ទោះបីជាជួយក្រុម Barca ឈ្នះពាន La Liga នៅក្នុងរដូវកាលដំបូងនៃការចូលមកដឹកនាំ ប៉ុន្តែសម្រាប់រដូវកាលនេះ លោក Xavi មិនអាចជួយក្រុមឱ្យឈ្នះពានរង្វាន់បានសូម្បីតែមួយ ខណៈគូប្រជែង Real Madrid ក៏កំពុងតែមានទម្រង់លេងខ្លាំង និងជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ថែមទៀត។
 
លោក Xavi ក្នុងនាមជាគ្រូបង្វឹកក្រុម Barca លោកបានដឹកនាំក្រុមប្រកួតចំនួន ១៤១ប្រកួត ដោយក្នុងនោះយកបានជ័យជម្នះ ៨៩លើក ស្មើ ២៣លើក និងចាញ់ ២៩លើក។
 
បន្ទាប់ពីចែកផ្លូវជាមួយនឹង Barca ភ្លាម លោក Xavi ត្រូវបានក្លិបបិសាចក្រហម Man United បង្ហាញការចាប់អារម្មណ៍ភ្លាម ហើយថែមទាំងបើកការជជែកក្នុងការនាំយកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ មកដឹកនាំក្រុមជំនួសលោក Erik ten Hag ដែលកំពុងតែជួបបញ្ហា ដឹកនាំក្រុមធ្វើមិនបានល្អក្នុងរដូវកាលនេះ៕
 

Tag:
 Barcelona
  Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com