កីឡាអន្តរជាតិ
អន្តរជាតិ
ផ្តាច់ព្រ័ត្រ FA Cup៖ លោក Pep ថាក្រុម Man City មានសមត្ថភាពល្អជាង Man United
25, May 2024 , 4:39 pm        
រូបភាព
ក្រុម Manchester City នឹងត្រូវប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester United នារាត្រីថ្ងៃទី២៥ឧសភា​ វេលាម៉ោង ៩យប់ (ម៉ោងនៅកម្ពុជា)។ មុនការប្រកួតមកដល់ លោក Pep Guardiola បាននិយាយថាក្រុមរបស់លោក គឺល្អជាងក្រុម Manchester United នាពេលបច្ចុប្បន្ន មុនជំនួបពានរង្វាន់ FA Cup ផ្តាច់ព្រ័ត្រមកដល់។

 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាននិយាយឆ្លើយតបទៅកាន់អ្នករិះគន់ថែមទៀតថា ក្រុមរបស់លោកមិនបានបង្កភាពធុញទ្រាន់នៅក្នុងលីគបាល់ទាត់ប្រទេសអង់គ្លេសឡើយ បន្ទាប់ពី Man City បានឈ្នះពាន Premier League រដូវកាលនេះ និងលើកទី៤ ជាប់គ្នា។ 
 
សម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្រុម Man City បានបញ្ចប់រដូវកាល Premier League ដោយរកបាន ៩១ពិន្ទុ ។ មកដល់ការប្រកួតក្នុងកីឡដ្ឋាន Wembley នាថ្ងៃទី២៥ ខែឧសភា ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស មានគម្លាត ៣១ពិន្ទុ ពីក្រុមបិសាចក្រហម។ 
 
មុនការប្រកួតមកដល់បុរសសញ្ជាតិអេស្ប៉ាញ បាននិយាយចំៗ ដោយថាក្រុម Man City បច្ចុប្ប ន្នគឺមានកម្រិតល្អជាងក្រុម Man United ប៉ុន្តែក៏ត្រូវផ្តោតលើការប្រកួត និងត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ FA Cup។ «មនុស្សគ្រប់គ្នាគិត ថានឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកមាន ៣១ពិន្ទុដាច់ពីក្រុម Man United? តែវាគឺខុសគ្នា វាជាការប្រកួតប្រជែង ១ប្រកួត អ្នកអាចចាញ់ និងឈ្នះ។ ជាក់ស្តែងក្នុងរយៈពេលវែង គឺយើងល្អជាងក្រុម Man United វាគឹជាការពិត ហើយយើងក៏ត្រៀមរួចរាល់សម្រាប់ការប្រកួតចុងក្រោយក្នុងរដូវកាលនេះ យើងគួរតែឈ្នះ FA Cup។»។ លោក Guardiola បាននិយាយបែបនេះ។
 
Man City ឈ្នះពាន Premier League ៤រដូវកាលជាប់គ្នា ដោយរដូវកាលនេះ ក្រុមបានយកឈ្នះត្រឹមតែគម្លាត ២ពិន្ទុ ពីក្រុម Arsenal នៅលេខ ២ ដែលទន្ទឹងរង់ចាំការឈ្នះពានជិត ២០ឆ្នាំ។ ក្រុមអ្នកគាំទ្រមួយចំនួន ការរិះគន់ចំពោះការឈ្នះ Premier League ទៅលើក្លិបដដែល ៤រដូវកាល ជាប់គ្នា ថាជារឿងដ៏ធុញទ្រាន់ ហើយលោក Guardiola បានឆ្លើយតបថាមិនមែនជារឿងដែលគួរឱ្យធុញទ្រាន់ ដូចលីគដទៃនោះទេ។
 
លោក Guardiola បាននិយាយដូច្នេះថា៖«យើងបានសម្របខ្លួននឹងរឿងនេះរួចរាល់ហើយ យើងចាប់ផ្តើមរដូវកាលនៅខែកញ្ញា តុលា ពួកគេនិយាយថាយើងនឹងឈ្នះ Champions League ហើយពេលនោះយើងមានត្រឹមតែ ២៥ពិន្ទុ នាំមុខនៅ Premier League រាល់ឆ្នាំ។ យើងឆ្លើយតបយើងមិនអីទេ។ ប៉ុន្តែពួកគេថាយើងគួរឱ្យធុញទ្រាន់! នៅពេលដែលអ្នកឈ្នះពានត្រឹមតែគម្លាត ២ ឬ៣ ពិន្ទុ វាមិនមែនជារឿងធុញទ្រាន់នោះទេ នាំមុខដាច់ ២០ ឬ​៣០ពិន្ទុ ទើបជារឿងដ៏ធុញទ្រាន់។»៕
 

Tag:
 Pep Guardiola
  Manchester City
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com