កីឡាអន្តរជាតិ
អន្តរជាតិ
ថ្នាក់ដឹកនាំ Bayern ជឿជាក់លើលោក Tuchel នឹងទៅដឹកនាំក្រុមបិសាចក្រហម
25, May 2024 , 9:39 pm        
រូបភាព
ក្រុមថ្នាក់ដឹកនាំក្លិប Bayern Munich បង្ហាញភាពជឿជាក់ លោក Thomas Tuchel ដែលបានបដិសេធសំណើរបន្តដឹកនាំក្រុមយក្សអាល្លឺម៉ង់ ព្រោះតែលោកទទួលបានសំណើរ និងបានយល់ព្រមក្នុងការទៅដឹកនាំក្រុមដទៃផ្សេងទៀត។ ក្លិបដែលលោក Tuchel ទំនងទៅដឹកនាំនោះគឺជាក្លិប Manchester United។ នេះបើតាមការលើកឡើងរបស់លោក Christian Falk ជាអ្នកនាយកកាសែតកីឡា Sport BILD ជិតស្និទ្ធិទៅនឹងក្លិបយក្ស Bayern Munich។

 
លោក Tuchel ត្រូវបានគេរាយការណ៍ថា បានយល់ព្រមទៅលើកិច្ចព្រមព្រៀងដឹកនាំក្រុម Man United នៅក្នុងក្របខណ្ឌ Premier League និងជាការវិលត្រឡប់ទៅដឹកនាំក្លិបក្នុងប្រទេសអង់គ្លេស សារជាថ្មី។ លោក Erik ten Hag ត្រូវបានគេរំពឹងថានឹងចាកចេញ ក្រោយពេលដឹកនាំក្រុមប្រកួតប្រជែងពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ទល់ក្រុម Manchester City រួច។ 
 
ការស្វែងរកអ្នកជំនួសលោក Ten Hag ក្រុមបិសាចក្រហមហាក់ដូចជាធ្វើការងារលឿន លើបញ្ហានេះ ហើយបទពិសោធន៍ដឹកនាំក្រុម Chelsea ជោគជ័យគ្រាកន្លង នឹងអាចធ្វើឱ្យក្លិបមានប្រវត្តិសាស្ត្រល្បីល្បាញ ងាកសម្លឹងមើលទៅកាន់លោក Tuchel។
 
កាលពីខែកុម្ភៈ  ឆ្នាំ២០២៤ លោក Tuchel បានសម្រេចចិត្តចាកចេញពីក្លិប Bayern ក្រោយចប់រដូវកាល ក្រោមមូលហេតុចម្បងគឺ ក្រុមមិនបានឈ្នះពានអ្វីទាំងអស់រដូវកាលនេះ ហើយថែមទាំងធ្លាក់ទម្រង់លេងទៀត។ ចាប់តាំងពីការប្រកាសរបស់លោក Tuchel ក្លិបយក្សអាល្លឺម៉ង់ ក៏បានស្វែងរកអ្នកជំនួស យ៉ាងលំបាក ព្រោះតែត្រូវបានគ្រូបង្វឹកដទៃបដិសេធសំណើរ។
 
យ៉ាងណា Bayern កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថានឹងនាំយកលោក Vincent Kompany គ្រូបង្វឹកក្រុម Burnley បាតតារាងក្របខណ្ឌ Premier League មកដឹកនាំនៅរដូវកាលក្រោយ។ រវាងក្លិប Bayern និងលោក Kompany ឈានដល់កិច្ចព្រមព្រៀង ខណៈភាគីសងខាងកំពុងតែជជែងជាមួយនឹងក្លិប Burnley។
 
ពេលកន្លងមក Bayern ក៏បានបង្ហាញចេតនា​ចង់ឱ្យលោក Tuchel បន្តដឹកនាំក្រុមនៅរដូវកាលក្រោយ ប៉ុន្តែត្រូវបានបុរសសញ្ជាតិអាល្លឺម៉ង់បដិសេធ​សំណើរ ទោះមានកិច្ចពិភាក្សាជាច្រើន បានធ្វើឡើងរវាងថ្នាក់ដឹកនាំក្លិប ជាមួយនឹងលោក Tuchel ក៏ដោយ។​ ហេតុផលដែលលោក Tuchel បដិសេធសំណើរដឹកនាំបន្ត ត្រូវបានក្លិប Bayern បង្ហាញជំនឿជាក់ថាបុរសវ័យ ៥០​ឆ្នាំ បានយល់ព្រមទទួលការងារនៅក្លិបថ្មីរួចបាត់ទៅហើយ។ ក្លិបដែល Bayern ជឿជាក់នោះគឺជា Man United ដែលជាទីកន្លែងបន្ទាប់របស់លោក Tuchel៕
 

Tag:
 Thomas Tuchel
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com