កីឡាអន្តរជាតិ
អន្តរជាតិ
Serie A៖ Martinez ជាប់ជាកីឡាករល្អប្រចាំរដូវកាល ក្រោយជួយ Inter លើកពាន
25, May 2024 , 5:19 pm        
រូបភាព
កីឡាករ Lautaro Martinez ប្រធានក្រុម Inter Milan និងជាកីឡាករស្បែងជើងមាសស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល ២០២៣-២០២៤។ លើសពីនេះ រូបលោក ថែមទាំងបានជាប់ឈ្មោះជាកីឡាករល្អប្រចាំរដូវកាល (MVP) របស់លីគកំពូលអ៊ីតាលី។

 
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រកបានគ្រាប់បាល់ចំនួន ២៤គ្រាប់ នៅក្នុងជ័យជម្នះពានរង្វាន់លីគ Serie A របស់ក្រុម Inter Milan។ Martinez រកបានគ្រាប់បាល់ច្រើនជាងកីឡាករ Dusan Vlahovic របស់ក្រុម Juventus ឈរលេខរៀងទី២ ដល់ទៅ ៨គ្រាប់។
កីឡាករ Vlahovic របស់ក្រុមរហស្សនាមសេះបង្កង Juventus បានជាប់ឈ្មោះជាកីឡាករខ្សែប្រយុទ្ធល្អប្រចាំរដូវកាល របស់លីគ Serie A។ កីឡាករក្រុម Monza អ្នកចាំទី Michele Di Gregorio ក្លាយជាអ្នកចាំទីល្អប្រចាំរដូវកាល។ 
 
មិត្តរួមក្រុមរបស់ Martinez រួមមានកីឡាករ Alessandro Bastoni និង Hakan Calhanoglu ត្រូវបានជាប់ឈ្មោះជាខ្សែការពារ និងខ្សែបម្រើល្អប្រចាំរដូវកាលផងដែរ។
 
សម្រាប់ពានរង្វាន់ឯកត្តជនដែល Martinez បានឈ្នះ រូបគេនឹងទទួលបាន នៅក្នុងការប្រកួតនាថ្ងៃទី២៦ ខែឧសភា ពេលដែលក្រុម Inter Milan បានបញ្ចប់ការប្រកួតក្របខណ្ឌ Serie A ដោយប៉ះក្រុម Verona នៅការប្រកួតចុងក្រោយ។ នេះបើតាមការប្រកាសរបស់លីគអ៊ីតាលី Serie A៕
 

Tag:
 Inter Milan
  Lautaro Martinez
© រក្សាសិទ្ធិដោយ thmeythmey.com