ជាតិ
កម្មវិធី NoDrug មានអ្នកប្រើប្រាស់ជាង៨០០០នាក់ ដើម្បីរួមគ្នាប្រឆាំងគ្រឿងញៀន
25, May 2024 , 5:59 pm        
រូបភាព
កម្មវិធី NoDrug លើទូរស័ព្ទដៃ។ រូបពី ក្រសួងព័ត៌មាន
កម្មវិធី NoDrug លើទូរស័ព្ទដៃ។ រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ ត្រឹមរយៈពេលមួយខែ កម្មវិធី NoDrug មានអ្នកប្រើប្រាស់ជាង៨ពាក់នាក់ ដើម្បីរួមគ្នាប្រឆាំងនឹងគ្រឿងញៀន និងរាយការណ៍ពីករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើតាមក្រសួងព័ត៌មានចេញផ្សាយ។

 
បើតាមលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ចាប់តាំងពីថ្ងៃទី២៣មេសា ដល់២៣ឧសភា ឆ្នាំ២០២៤ កម្មវិធី NoDrug ដែលជាApp សម្រាប់ទាញយកទៅប្រើលើទូរស័ព្ទដៃ មានអ្នកប្រើប្រាស់៨ ៦០៤ នាក់។ 
 
ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ឧសភា នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានចាត់ទុកការដំណើរកម្មវិធី NoDrug ជាការជំហានដ៏វិជ្ជមានមួយ លើការងារអប់រំ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម។ លោក នេត្រ ភក្រ្តា ជំនឿថា៖ «ចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះ នឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់»។   


លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រូបពី ក្រសួងព័ត៌មាន 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអះអាងថា តាមរយៈកម្មវិថី NoDrug គឺមានពលរដ្ឋបានចូលរួមរាយការណ៍ពី ករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀនជាច្រើន ហើយសមត្ថកិច្ចក៏ទទួលអនុវត្តបង្ក្រាបប្រកបដោយជោគជ័យ។ 
 
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដំឡើងនិងប្រើប្រាស់ NoDrug ទាំងអស់គ្នា ហើយជួយផ្សព្វផ្សាយបន្ត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងកសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន។
 
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ការងារផ្សព្វផ្សាយអប់រំពីករណីគ្រឿងញៀន ជាការងារអាទិភាពទី១ ហើយគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន។ 
 
កាលពីថ្ងៃទី២៣មេសា ឆ្នាំ ២០២៤ កម្មវិធីទូរស័ព្ទ APP NoDrug ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រកាសដាក់ឱ្យប្រើប្រាស់ 
ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។ ជាមួយគ្នាដែរ មហាជននឹងមានសមត្ថភាពកាន់តែរឹងមាំក្នុងការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។ 
 
កម្មវិធី NoDrug មានព័ត៌មានថ្មីៗច្រើន ទាក់ទងនឹងការប្រឆាំងគ្រឿងញៀន ដូចជា ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹងប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់និងជូញដូរគ្រឿងញៀនគ្រប់ប្រភេទ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com