ជាតិ
ប្រទះឃើញសត្វត្រដក់ធំជាង២០ក្បាល រកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ
25, May 2024 , 6:29 pm        
រូបភាព
តំបន់រ៉ាមសារបឹងទន្លេឆ្មារនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ កាលពីថ្មីៗនេះ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញសត្វត្រដក់ធំ យ៉ាងតិច២០ក្បាល រកចំណីនៅតំបន់នេះ។​

 


ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ រួមទាំងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា​(NatureLife  Cambodia Organization) នាថ្ងៃទី២៤ឧសភា សត្វដែលរកចំណីនៅតំបន់នេះ​ គឺមានមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល ក្នុងនោះ​មានសត្វត្រដក់ធំជាច្រើនក្រុមប្រមាណ២០ក្បាល បានរកចំណីនៅតំបន់នេះ​។
 
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានគាំទ្រដល់ឧទ្យានុរក្សតំបន់រ៉ាមសារនេះដោយល្បាតតាមដានជីវចម្រុះចាប់តាំងពីឆ្នាំ២០២០មក។ ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាកន្លងមក មានច្រើនបំផុតប្រម៉ាណជា១០ក្បាលប៉ុណ្ណោះនៅក្នុងតំបន់នេះ។
 
« ក្នុងឆ្នាំនេះប្រឈមនឹងការប្រែប្រួលអាកាសធាតុ ក្រុមការងារយើងសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ។  នេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី»។ នេះជាការបញ្ជាក់របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមការពារតំបន់ដីសើមនេះ និងបឹងទន្លេសាប ទាំងអស់គ្នា។ 
 
តំបន់រ៉ាមសារបឹងទន្លេឆ្មារ៖ តំបន់នេះ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា និងត្រូវបានចុះបញ្ជីលេខ ៩៩៧ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។  តំបន់រ៉ាមសារទន្លេឆ្មា នេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។  សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក  ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com