ជាតិ
ប្រធាន គ.ជ.ប៖ ការិយាល័យចំនួន៣ នៅភ្នំពេញ ដំណើរការបោះឆ្នោតរួចរាល់
26, May 2024 , 11:19 am        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(រាប់ពីឆ្វេងទៅទី៣) ចុះសង្កេតការណ៍ នៅការិយាល័យសាលារៀនបឋមសិក្សាទួលគោក។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(រាប់ពីឆ្វេងទៅទី៣) ចុះសង្កេតការណ៍ នៅការិយាល័យសាលារៀនបឋមសិក្សាទួលគោក។
ភ្នំពេញ៖ ត្រឹមម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៦ឧសភា ការិយាល័យបោះឆ្នោតចំនួន៣ហើយនៅរាជធានី បានបិទដំណើរការបោះឆ្នោត ខណៈការិយាល័យផ្សេងទៀត កំពុងដំណើរការជាធម្មតា។ នេះបើតាមការអះអាងរបស់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

 
ក្នុងដំណើរការចុះសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅការិយាល័យសាលាបឋមសិក្សាទួលគោក លោក ប្រាជ្ញ ចន្ទ បានថ្លែងប្រាប់ក្រុមសារព័ត៌មានថា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៦ឧសភា គ្រប់ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការ។ 
 
«មកដល់ម៉ោងនេះ ការិយាល័យមួយចំនួនបានបោះរួចហើយ ដូចនៅភ្នំពេញ៣ហើយបានបោះរួច ហើយខេត្តមួយចំនួនក៏បានរួចហើយខ្លះៗដែរ»។ ប្រធាន គ.ជ.ប  បាននិយាយបែបនេះ ដោយបានវាយតម្លៃថា ដំណើរការបោះឆ្នោតមានភាពល្អប្រសើរ ចាប់តាំងពីដំណើរការរហូតមក។ 
 
ដំណើរការបោះឆ្នោត នឹងបញ្ចប់នៅម៉ោង៣រសៀល ហើយម៉ោង៥រសៀល គ.ជ.ប នឹងមានសន្និសីទប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីដំណើរការបោះឆ្នោត រួមទាំងមានការប្រកាសលទ្ធផលបឋម ផងដែរ។ 
 
នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន១៤ ក្នុងនោះមានអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៨៩៩នាក់។ 
 
ដំណើរការបោះឆ្នោតក្រុមប្រឹក្សានេះ គណបក្ស៥ចូលប្រកួតប្រជែង គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានអ្នកបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com