ជាតិ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
29, May 2024 , 12:05 pm        
រូបភាព
អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍មួយឈ្មោះថា បុប្ផាអង្គរ ក្រោយពីធ្វើសកម្មភាពបោះចោលសំរាមចូលក្នុងទន្លេ។ រូបភាពនៃការបោះចោលសំរាម ចូលក្នុងទន្លេនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយយ៉ាងព្រោងព្រាត។

 
ក្រោយឃើញការចែកចាយរូបភាពបែបនេះ រដ្ឋបាលខណ្ឌដូនពេញ បានកោះហៅម្ចាស់ទូកកាណូតទេសចរណ៍ បុប្ផាអង្គរ មកសាកសួរ នៅថ្ងៃទី២៩ ឧសភានេះ ដោយភាគីម្ចាស់ទូក បានទទួលស្គាល់ថា ពួកគេពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។
 
បន្ទាប់ពីសាកសួរហើយ រដ្ឋបាលខណ្ឌដូនពេញ បានអប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន រួមទាំងផាកពិន័យម្ចាស់ទូកទេសចរណ៍នេះ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ «១១៣ អនក្រ.បក » របស់ក្រសួងបរិស្ថាន។ «បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ»។ នេះជាការសម្រេចរបស់អាជ្ញាធរខណ្ឌដូនពេញ៕

Tag:
 សំរាម
  ទូកទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com