កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាកាប៉ាឌី អាយុជិត ៥០០០ឆ្នាំ នឹងបង្ហាញវត្តមានលើកដំបូង នៅកម្ពុជា
31, May 2024 , 6:59 pm        
រូបភាព
ការប្រកួតពានរង្វាន់ពិភពលោកកីឡាកាប៉ាឌី (World Cup Kabaddi) ឆ្នាំ ២០២៤ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នាខែសីហាខាងមុខ។ កីឡាកាប៉ាឌី មានអាយុកាលជិត ៥០០០ឆ្នាំ តាមជំនឿប្រជាជនឥណ្ឌា និងនៅលើសិលាចរិត ដោយមានភាពស្រដៀងគ្នា ទៅនឹងល្បែងកម្សាន្ត «លេងអ៊ូ» របស់កម្ពុជា​ ដែលតែងប្រទះឃើញនៅតាមភូមិស្រុកនានា។



កីឡាកាប៉ាឌី មានដើមកំណើតមកពីប្រទេសឥណ្ឌា អាយុកាលជិត ៥០០០ឆ្នាំហើយ។ ការប្រកួតកីឡាកាប៉ាឌី ពានរង្វាន់ពិភពលោក លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានក្រុមអត្តពលិក និងគ្រូបង្វឹក ៤០០នាក់ នាប្រកួតពីថ្ងៃទី២០ ដល់ទី ២៥ ខែសីហា។ ក្រុមការពារជើងឯកឥណ្ឌា ត្រូវបានគេប៉ាន់ស្មានថា នៅតែជាក្រុមដ៏ខ្លាំងសម្រាប់កីឡាប្រភេទនេះ ខណៈប៉ាគីស្ថានជាគូប្រជែងដ៏ខ្លាំងមួយរូបផងដែរ។
 
កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួត រួមជាមួយ ១៧ប្រទេសដទៃផ្សេងទៀត ដូចជា អូស្រ្តាលី, អាហ្គានីស្ថាន, អាល់ហ្សេរី, កាណាដា, កាមេរ៉ូន, អេហ្ស៊ីប, អង់គ្លេស, ហុងកុង, អ៊ីតាលី, កេនយ៉ា, ម៉ាឡេស៊ី, ស្កុតឡែន, តង់សានី, ទុយណេស៊ី, ឥណ្ឌា, ប៉ាគីស្ថាន និងអ៊ូហ្គង់ដា។



បើតាមការលើកឡើងរបស់លោក S.T Arasu អគ្គលេខាធិការកីឡាកាប៉ាឌីពិភពលោក មូលហេតុដែលនាំឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ព្រោះតែកម្ពុជា និងឥណ្ឌា មានទំនាក់ទំនងស្រដៀងគ្នាទៅលើប្រភេទកីឡាកាប៉ាឌី ទាំងផ្នែកប្រពៃណី និងវប្បធម៌។ មួយវិញទៀត កម្ពុជា បានបង្កើនភាពជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងប្រទេសកម្ពុជា ទើបជំរុញឱ្យសហព័ន្ធកីឡាកាប៉ាឌីពិភពលោក ជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
ការប្រកួតពានរង្វាន់ពិភពលោក កាប៉ាឌីនេះ មិនមានតម្លៃប្រាក់រង្វាន់ឡើយ ប៉ុន្តែប្រាក់ឧបត្ថម្ភត្រូវអាស្រ័យលើសហប័ន្ធកីឡា តាមប្រទេសនីមួយ ផ្តល់ទៅកាន់ក្រុមកីឡាករ ដែលធ្វើបានទៅតាមចំណាត់ថ្នាក់ល្អ ដែលពួកគេទទួលបាន។ សម្រាប់ក្រុមជើងឯក និងទទួលបានមេដាយមាស ,មេដាយប្រាក់សម្រាប់ក្រុមលេខ ២ និងមេដាយសំរិទ្ធិសម្រាប់ក្រុមលេខ ៣ ដែលជាការផ្តល់រង្វាន់ស្រដៀងទៅនឹងព្រឹត្តិការណ៍កីឡាអាស៊ី និងអូឡាំពិកជាដើម។



ការប្រកួតកីឡាកាប៉ាឌី មួយក្រុមមានសមាជិក ៧នាក់ បែងចែកដាច់ដោយឡែក ២ក្រុមផ្សេងគ្នា នៅក្នុងទីលានប្រកួត។ របៀបប្រកួត ក្រុមម្ខាងៗ នឹងមានតួនាទីជាអ្នកប្រយុទ្ធ (Raider) ឬ អ្នកវាយឆ្មក់ ដោយកីឡាករម្នាក់ នឹងត្រូវទៅប៉ះ ឬចាប់គូប្រកួត ​ដែលកំពុងស្ថិតក្នុងនាមជាក្រុមការពារ (Defender) ដោយការប៉ះបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន មុនពេលវិលត្រឡប់មកកាន់ ខ្សែបន្ទាត់កណ្តាលទីលានប្រកួតវិញ ដោយមិនត្រូវឱ្យក្រុមការពារចាប់ឃាត់បាន ក្នុងរយៈពេល ៣០វិនាទី។ 
 
ពិន្ទុនឹងត្រូវផ្តល់ទៅកាន់ក្រុមវាយឆ្មក់ នៅពេលពួកគេប៉ះបានកីឡាករក្រុមការពារ ទៅតាមចំនួនដែលអាចធ្វើបា ហើយវិលត្រឡប់ដល់ខ្សែបន្ទាត់កណ្តាលទីលានវិញ។ 
 
កីឡាករស្ថិតក្នុងក្រុមការពារ ដែលត្រូវបានគេប៉ះ ហើយមិនអាចឃាត់ ឬចាប់អ្នកវាឆ្មក់នោះបាន នឹងត្រូវដកចេញពីការប្រកួត ជាបន្តបន្ទាប់ រហូតអស់សមាជិកក្នុងក្រុម។ ក្រុមទាំងសងខាងនឹងត្រូវផ្លាស់ប្តូរតួនាទីគ្នាម្នាក់ម្តង ក្នុងនាមជាក្រុមប្រយុទ្ធ និងក្រុមការពារ។ ក្រុមការពារដែលអាចចាប់បាន កីឡាករដែលវាយឆ្មក់ពីក្រុមម្ខាងទៀតបាន ក៏នឹងត្រូវផ្តល់ពិន្ទុដូចគ្នា។ ការប្រកួតកីឡាកាប៉ាឌី ក៏បានបែងចែកជា ២វគ្គ ដូចទៅនឹងកីឡាបាល់ទាត់ ហើយក្នុងវគ្គនីមួយៗ មានរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ៕




 

Tag:
 កីឡាកាប៉ាឌី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com