ជាតិ
ទើប​តែអាយុ៩ឆ្នាំ សុវណ្ណធីណា ឈ្នះ​ពាន និង​មេដាយ​ជាង ៥០ពីការ​​ប្រកួត​គណិត​វិទ្យាអូឡាំព្យា
01, Jun 2024 , 7:59 am        
រូបភាព
កុមារី ចាន់ សុវណ្ណធីណា ម្ចាស់ពាន និង​មេដាយជាង ៥០
កុមារី ចាន់ សុវណ្ណធីណា ម្ចាស់ពាន និង​មេដាយជាង ៥០
ភ្នំពេញ៖ មានវ័យ​៩ឆ្នាំ កុមារី ចាន់ សុវណ្ណធីណា បាន​ទទួល​ពាន​ និង​មេដាយ​សរុប​ចំនួន ៥៣ ពី​ការ​ប្រកួត​គណិត​វិទ្យា​អូឡាំ​ព្យា​នៅ​ក្នុង​ប្រទេសកម្ពុជា ថៃ និង​សិង្ហបុរី។ ភាព​ជោគជ័យ​របស់​នាង​តូច សុវណ្ណធីណា កើត​ចេញ​ពីការ​ចូលចិត្ត និង​ការ​ខិត​ខំលើ​​មុខវិជ្ជា​គណិត​វិទ្យា ជាពិសេស​ការ​បង្រៀន​ពី​លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល។



ជាកូនស្រី​ច្បង​ ក្នុង​ចំណោម​បង​ប្អូន​ស្រី២​នាក់ កុមារី ចាន់ សុវណ្ណធីណា មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ខាង​គណិត​វិទ្យា​។ បច្ចុប្បន្ន កុមារី ចាន់ សុវណ្ណធីណា រៀន​ថ្នាក់ទី៣ នៅ​សាលាវេស្ទើនអន្តរជាតិ​។ តាំងពី​ចូលរួម​ប្រកួតចាប់ពីឆ្នាំ​២០២២មក សុវណ្ណ​ធីណា ទទួល​បាន​ពាន និង​​មេដាយ សរុបចំនួន ៥៣ ​ពី​​ការ​ប្រកួត​គណិត​វិទ្យាអូឡាំព្យាកម្រិតពិភពលោក​ផ្សេង​ៗ។ 
 
បើតាម​ការ​សង្កេតរបស់​ឪពុកម្ដាយ កុមារី សុវណ្ណធីណា ពូកែ និង​ចូលចិត្ត​មុខវិជ្ជា​​គណិត​វិទ្យា នៅពេល​នាង​តូចរៀន​ថ្នាក់​មត្តេយ្យ​ គឺ​នៅ​អាយុ​ជិត៥​ឆ្នាំ។ ក្នុង​បទសម្ភាស​ជា​មួយ​សារព័ត៌មាន​ថ្មីៗ លោក គឹម ចាន់ ដែលជា​អាណាព្យាបាល បាន​ឱ្យដឹងថា កូន​ស្រី​របស់លោក​មាន​ចំណាប់អារម្មណ៍​ផ្នែកគិតលេខ ដែល​ធ្វើ​ឱ្យ​លោក​ខិតខំ​បណ្ដុះ​កូនបន្ថែម ក្រៅពី​រៀន​នៅ​សាលា។ 

កុមារី ចាន់ សុវណ្ណធីណា ទទួល​ពានរង្វាន់​នៅប្រទេសថៃ។ រូបភាពផ្ដល់ដោយលោក គឹម ចាន់
 
«ពី​តូច​មក​ការ​ប្រឡង​របស់​គាត់ បាន​ពិន្ទុល្អៗ ពេញ​ៗរហូត ដូច្នេះ​គាត់​ខ្លាំង​ខាង​គណិត​។ តាម​បទ​ពិសោធ​កន្លង​មក គឺខ្ញុំ​ជួយបង្រៀន​គាត់​បន្ថែម​​។ ក្រោយ​មកក៏​មាន​ការ​ប្រឡង​​គណិត​វិទ្យា​អន្តរជាតិ ដែល​សាលា​គាត់​​យក​កម្មវិធី​ពីក្រៅមក ដូច្នេះក៏​សាកល្បង​ចុះ​ឈ្មោះ​ឱ្យ​គាត់ចូលរួម​ប្រកួត​ប្រជែងនៅ​ថ្នាក់ទី១»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក គឹម ចាន់។ 
 
លោក គឹម ចាន់ បន្ត​ថា ការ​ចូលរួម​ប្រឡង​គណិត​វិទ្យា​អន្ត​រជាតិ​ដំបូង​ៗ មិន​បាន​លទ្ធផល​ល្អនោះទេ។ ទោះ​ជាយ៉ាង​ណា លោក គឹម ចាន់ និង​កូន​ស្រី មិន​បោះ​បង់​ការ​តស៊ូឡើយ រហូត​បាន​ជាប់​ពាន និង​មេដាយ​ជា​បន្ត​បន្ទាប់។ មេដាយ​មាសដំបូង​ ដែល​សុវណ្ណ​ធីណា ទទួល​បាន ​គឺ​ពេលនាង​រៀន​ថ្នាក់ទី​១ ក្នុង​ការ​ប្រកួត​គណិត​វិទ្យា​នៅ​កម្ពុជា​។ 
 
បុរស​វ័យ​ ៣៨ឆ្នាំរូបនេះ បរិយាយ​បែបនេះ៖«​ដំបូងៗលទ្ធផលគាត់​ក៏​មិន​ទាន់​ល្អ និង​ភ័យៗ។ តែក្រោយ​ៗ​មក​ ក៏​ជាប់​ជា​បន្ត​បន្ទាប់​ មាន​មេដាយ​មាស ប្រាក់​ សំរឹទ្ធជាដើម។ យើង​ចេះ​តែបណ្ដុះ​ការ​ប្រឡង​ និង​បំប៉នគាត់​ជា​ប្រចាំ»។ 
 
នៅ​ពេល​ទទួល​បាន​​​មេដាយ​ពី​មួយទៅ​មួយ​ កាន់តែ​ជំរុញ​ចិត្ត​កុមារី សុវណ្ណ​ធីណា ឱ្យ​ខិត​ខំ​បន្ថែម។ លោក គឹម ចាន់ រៀបរាប់​ពីការ​ប្រឡង​របស់​កូន​ស្រី​ដំបូង​ គឺ​នៅ​ប្រទេស​ថៃ ក្នុង​កម្ម​វិធី​ WIMO ឆ្នាំ​២០២២ ដែល​ជ្រើសរើស​​​សិស្ស​ជាប់​មេដាយ​មាស​ ទៅប្រឡង​ថ្នាក់​អន្តរជាតិ​បន្ត​ទៀត​។ 
 
ភាព​ជោគជ័យ​របស់ សុវណ្ណ​ធីណា ជា​គំរូ​សម្រាប់​កុមារ និង​អាណាព្យាបាលដទៃ​...

មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​កុមារី ចាន់​ សុវណ្ណ​ធីណា ​ទទួល​បាន​ពាន​ និង​មេដាយ​ផ្នែកគណិតវិទ្យាជាច្រើននេះ។ តាម​ពិតទៅ​ឪពុក​របស់​កុមារី ចាន់ សុវណ្ណធីណា ក៏ជា​អតី​ត​សិស្ស​ពូកែ​គណិត​វិទ្យាទូទាំង​ប្រទេស ​ចំណាត់​ថ្នាក់លេខ៣ នៅ​ឆ្នាំ​២០០៥ ដែលមក​ពី​ខេត្ត​កំពត។ ដោយសារ​មាន​ឈាម​ជ័រ​ពូកែ​គណិត​វិទ្យា បូក​រួម​​ការ​ប្រឹង​របស់​នាង​តូច និងការ​បង្ហាត់​បង្រៀន​ពី​លោក​គ្រូ​អ្នក​គ្រូ​ ទើប​ធ្វើ​ឱ្យ​ជាប់​ពាន និង​មេដាយ​ជាហូរហែ។ 

កុមារី ចាន់ សុវណ្ណធីណា និង​ក្រុម​គ្រួសារ។ រូបភាពផ្ដល់ដោយលោក គឹម ចាន់
 
ទោះបី​ឪពុក​ជា​អតីត​សិស្ស​ពូកែគណិតវិទ្យា​​ក៏ដោយ តែបើ​កូន​មិនចូលចិត្ត​មុខវិជ្ជានេះ ក៏​មិន​អាច​សម្រេច​លទ្ធផល​ដូច​ពេល​បច្ចុប្បន្ននេះ​ដែរ។ បើតាម​លោក គឹម ចាន់ កូនស្រី​របស់​លោក មាន​ចំណង់​ចំណូល​ចិត្ត​ខាងផ្នែកគិតលេខនេះ ហើយអាច​មកពី​សមត្ថភាព​ ឬ​ទេពកោសល្យ​ពី​កំណើត​របស់​នាង​។
 
«ដោយសារ​ការ​ចូលចិត្ត​របស់​គាត់ ឬ​អាច​និយាយថាជាដុង​របស់គាត់។ ពេល​បាន​លទ្ធ​ផល​ល្អ ​ចេះតែ​​លើកទឹក​ចិត្ត​។ មួយ​ទៀត មុននឹង​គាត់ស្គាល់​ការ​ប្រឡង គាត់​​ក៏​ធ្លាប់​ឃើញ​មេដាយ​របស់ខ្ញុំ។ គាត់​គិត​ថាចង់​ប្រឡង​ឱ្យ​បានមេដាយ​ដូច​ប៉ា»​។ លោក គឹម ចាន់ បញ្ជា​ក់​ដូច្នេះ។ 
 
តាមរយៈ​លទ្ធ​ផល​ដែល​នាង​តូចទទួលបាន ក៏​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​កុមារ​ដទៃ​ចូលរួម​ប្រឡងដូចនាងដែរ។ លោក គឹម ចាន់ បាន​បញ្ជាក់ថា មាន​អាណាព្យាបាលមួយចំនួន តែង​តែ​សួរ​នាំលោក​ពី​កម្មវិធី​ប្រឡង​ផ្សេងៗ ជា​ពិសេស​គន្លឹះ​ដែល​អាច​ទទួល​បាន​មេដាយ និង​ពាន។ ឪពុករូបនេះ បញ្ជាក់ថា៖«កន្លង​មក​ ទាំង​មិត្ត​ភក្តិ និង​អ្នក​ដទៃ ​ឃើញ​សុវណ្ណធីណា បាន​លទ្ធផល​ល្អ គឺ​ចង់​ចូលរួម​ប្រកួត​ប្រជែងដែរ»។ 
 
ជាមួយ​គ្នានេះ ការ​ប្រកួត​គណិត​វិទ្យា​ ក៏​ផ្ដល់​ឱកាស​ដល់​កុមារី សុវណ្ណធីណា បាន​ស្គាល់​មិត្ត​ភក្តិ​ថ្មីៗ។ លោក គឹម ចាន់ លើក​ឡើងថា៖«​នៅ​ពេល​គាត់​ជាប់ គាត់​មាន​អារម្មណ៍​សប្បាយ​ និង​បាន​ជួប​មិត្ត​ភក្តិដែល​ប្រឡង​ជាមួយ​គ្នា​»។ 

មេដាយ និង​ពានរបស់កុមារី ចាន់ សុវណ្ណធីណា
 
ទើបតែ​រៀន​ថ្នាក់ទី​៣ តែបច្ចុប្បន្ននេះ​​ សុវណ្ណធីណា អាច​ធ្វើ​លំហាត់​គណិត​វិទ្យា​ថ្នាក់ទី​៤ និង​ទី​៥​។ ក្រៅ​ពី​ពូកែ​គណិត​វិទ្យា កុមារី សុវណ្ណ​ធីណា ក៏​ពូកែ​មុខវិជ្ជា​ដទៃទៀត ដោយ​នាង​តែង​ទទួល​បាន​និទ្ទេស Aជា​ប្រចាំ​។
 
តួនាទី​ឪពុកម្ដាយសំខាន់ ក្នុង​ការ​ចូលរួម​បណ្ដុះ​ការ​អប់រំ​​កូន!

ក្រៅ​ពី​ការ​បណ្ដុះ និង​បង្ហាត់​បង្រៀន​ពី​លោក​គ្រូ​អ្នក​គ្រូ​ នៅ​ក្នុងសាលា ការ​ចូលរួម​របស់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​បន្ថែម​ ពិត​ជា​មាន​សារៈសំខាន់។ លោក គឹម ចាន់ ទទួ​ល​ស្គាល់ថា ឪពុកម្ដាយ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​បណ្ដុះ​ការ​អប់រំ​ដល់​កូន​បន្ថែម​ពី​សាលា។ 
 
ឪពុកដែល​ជា​មន្រ្តី​រាជការ​រូបនេះ លើកឡើងថា៖«តួនាទី​ឪពុកម្ដាយ សំខាន់សម្រាប់កូន។ យើង​មិន​អាច​រំពឹង​ទៅលើ​សាលា និង​គ្រូ​ទាំង​ស្រុង​នោះទេ។ នៅពេលដែល​គាត់​មក​ផ្ទះវិញ គឺ​អាណាព្យាបាល​ត្រូវ​ចូលរួម​បង្រៀន​គាត់​បន្ថែម មិនមែនតែ​មុខវិជ្ជា​គណិតវិទ្យាតែមួយមុខទេ គឺភាសា និង​មុខវិជ្ជា​ដទៃជាដើម»។ 

រូបភាពី​ហ្វេសប៊ុក​លោក គឹម ចាន់
 
ការ​ចូលរួម​ និង​តាម​ដាន​លើការ​សិក្សា​របស់​កូន​ជា​ប្រចាំ​ នឹង​ធ្វើឱ្យ​កូន​ទទួល​បាន​លទ្ធផល​ល្អ។ សម្រាប់​លោក គឹម ចាន់ តែង​តែ​បង្រៀន​កូន​បន្ថែម នៅពេល​ដែល​ទំនេរ​ពីការងារ។ «ក្រោយ​​ពី​គាត់​រៀន​នៅ​សាលា​ចប់ យើង​ឱ្យ​គាត់​ធ្វើ​កិច្ច​ការ​ផ្ទះ​ឱ្យ​អស់ ដល់​ពេល​គាត់​ទំនេរ ទើប​យើង​បំប៉ន​គាត់​បន្ថែម»។ នេះ​ជា​សកម្មភាព​ដែល​លោក គឹម ចាន់ តែងតែ​បណ្ដុះ​ដល់​កូន​សម្រាប់​មុខវិជ្ជា​គណិត​វិទ្យានេះ។ 
 
លោក គឹម ចាន់ ក៏​បាន​លើក​ទឹកចិត្ត​ដល់​អាណាព្យាបាល​ ត្រូវ​ពង្រឹង​សមត្ថភាពកូនបន្ថែម នៅពេល​ដែលកូន​ចូលចិត្ត​មុខវិជ្ជានេះ។ លើស​ពីនេះ លើកទឹកចិត្ត​ឱ្យ​កូន​សាក​ល្បង​ការ​ប្រកួត​ប្រជែង​នានា។ 
 
ពាន និង​មេដាយរបស់កូន ជា​មោទកភាពសម្រាប់ឪពុក​ម្ដាយ​...

កុមារី ចាន់ សុវណ្ណ​ធីណា ស្គាល់​មេដាយ​មាស​តាំង​ពី​អាយុ៦ឆ្នាំ នៅពេល​នាង​រៀន​ថ្នាក់​ទី១។ លទ្ធផលនេះ បាន​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​របស់​នាង ទទួល​បាន​ការ​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​លោកគ្រូ​អ្នកគ្រូ និង​សាលា​រៀន។ ដោយ​ឡែក​សម្រាប់​ សុវណ្ណធីណា ក៏​ទទួល​បាន​ការសរសើរ​ថា​ ជា​សិស្ស​ពូកែ​វ័យ​ក្មេង​ផងដែរ។ 
 
នៅ​ពេល​កូន​ទទួល​បាន​លទ្ធផលល្អ ជាក្ដី​មោទក​សម្រាប់ឪពុកម្ដាយ។ ឪពុក​កុមារី សុវណ្ណធីណា បង្ហាញ​អារម្មណ៍​​ថា៖«​ក្នុង​នាម​ជា​ឪពុក​ម្ដាយ នៅពេល​កូន​បាន​លទ្ធផល​ល្អ គឺ​មាន​មោទក​ភាព​ និង​ចេះ​តែ​ប្រឹង​ជំរុញបន្ថែម​។ ហើយតែងរកកម្មវិធី​ប្រឡងល្អៗនៅក្រៅប្រទេស​សម្រាប់កូន ដែល​ធ្វើឱ្យ​កូន​សប្បាយ​ និង​​បាន​បទ​ពិសោធថ្មី»។ 

រូបភាពី​ហ្វេសប៊ុក​លោក គឹម ចាន់
 
ទោះ​ការ​ចូលរួម​​ប្រឡង​នៅ​ក្រៅ​ប្រទេស ត្រូវចំណាយ​លុយផ្ទាល់​ខ្លួនច្រើន តែ​លោក គឹម ចាន់ រីករាយ​នឹង​​ចំណាយ ដោយសារ​ការ​ខិត​ខំ​របស់​កូន​។ ត្បិតមាន​សមត្ថ​ភាព​អាច​ទៅ​ប្រឡង​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​លោក គឹម ចាន់ តែងតែ​ជ្រើសរើស​កម្មវិធី​ណា ដែល​មាន​ប្រទេស​ច្រើន​ចូលរួម ដោយ​១ឆ្នាំ​អាច​ទៅ​១ដង ឬ​២ដង​ប៉ុណ្ណោះ។ 
 
សម្រាប់​ទៅ​ថ្ងៃ​អនាគតលោក គឹម ចាន់ ចង់​ឃើញ​កូន​ស្រី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅក្រៅប្រទេស ជាពិសេស​ចង់ឱ្យ​កូនមាន​ឱកាស​​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​នៅ​ថ្នាក់ទី​៩ និង​ថ្នាក់​ទី​១២។ ពាន និង​មេដាយ​ដែល​កុមារី ចាន់ សុវណ្ណ​ធីណា ទទួល​បាន​រួមមាន ពាន  World Star ចំនួន ៣ (ពាន HKIMO FINAL 2022+2023 និងពានTIMO FINAL 2024), ពាន BBB Heat Round Outstanding Award 2024 (The highest scorer), មេដាយពេជ្រចំនួន ២, មេដាយមាស  ២៣, មេដាយប្រាក់  ១៣, មេដាយសំរឹទ្ធ  ១៤ និង​មេដាយកិត្តិយសចំនួន ១។ 
 
សូម​បញ្ជាក់ថា ក្រៅពីការប្រឡងគណិតវិទ្យាអូឡាំព្យា សុវណ្ណធីណា ក៏ជាម្ចាស់មេដាយមាស ការប្រឡងគំនូរប្រចាំសាលា និងជាម្ចាស់ពានការប្រកួតគំនូរកុមាររបស់កម្មវិធី Dumex Super Gold Kids Club 2022 ផងដែរ៕​

រូបភាពី​ហ្វេសប៊ុក​លោក គឹម ចាន់៖





Tag:
 កុមារ
  គណិត​វិទ្យា​
  អូឡាំព្យា
© រក្សាសិទ្ធិដោយ thmeythmey.com