អន្តរជាតិ
កូរ៉េខាងត្បូង រិះគន់កូរ៉េខាងជើងរឿងបង្ហោះប៉ឺតប៉ោងផ្ទុកសំរាមចូលដីខ្លួន
01, Jun 2024 , 6:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik នៅថ្ងៃទី១ ខែមិថុនា បានថ្កោលទោសសកម្មភាពកូរ៉េខាងជើង ដែលបានបង្ហោះប៉ឺតប៉ោងផ្ទុកសំរាម និងលាមកសត្វចូលដីរបស់ខ្លួន។ ប្រមុខការពារជាតិកូរ៉េខាងត្បូង ក៏បានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបែបនេះភ្លាមៗផងដែរ។

 
នៅដើមសប្តាហ៍នេះ កូរ៉េខាងជើង បានបង្ហោះប៉ឺតប៉ោងជាច្រើន ដោយមានផ្ទុសំរាម និងលាមកសត្វ ចូលក្នុងដីកូរ៉េខាងត្បូង ដោយខ្លះបានធ្លាក់នៅក្នុងក្រុងសេអ៊ូលថែមទៀត។ ក្រោយការបង្ហោះបែបនេះ កូរ៉េខាងត្បូង មិនពេញចិត្តឡើយ ហើយថ្កោលទោសថែមទៀត។
 
«នេះជាសកម្មភាពគួរឱ្យអៀនខ្មាស»។ លោក Shin Won-sik បានថ្លែងបែបនេះ នៅក្នុងវេទិកា Shangri-La Dialogue នាសិង្ហបុរី ក្នុងថ្ងៃទី១ ខែមិថុនា។ វេទិកា Shangri-La Dialogue ជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលរដ្ឋមន្រ្តីការពារជាតិ និងមន្រ្តីជាន់ខ្ពស់ប្រទេសជាច្រើន ទៅជួបជុំគ្នានៅសិង្ហបុរី ដើម្បីពិភាក្សាពីសន្តិសុខក្នុងតំបន់ និងការគំរាមកំហែងផ្សេងៗ។ 
 
ចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើង ប្រឆាំងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ប្រមុខការពារជាតិរូបនេះ បានជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្ករឿងជាបន្ទាន់។ ទន្ទឹមនេះ Shin Won-sik បានអះអាងថា ការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ជាការគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោក៕ 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com