កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​នាយក​កីឡាចិន Zhongwen ប្រឈមជាប់ទោស ករណីពុករលួយ
03, Jun 2024 , 5:39 pm        
រូបភាព
អតីតមន្ត្រីកីឡាកំពូលរបស់ចិន លោក Gou Zhongwen ស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV សប្តាហ៍មុន ស្របពេលចិន បានកាត់ទោសមនុស្ស១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតរួចមកហើយ ជុំវិញករណីពុករលួយក្នុងវិស័យកីឡាបាល់ទាត់។



លោក Gou Zhongwen ដែលធ្លាប់បម្រើការជានាយករដ្ឋបាលទូទៅកីឡារបស់ចិនពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ត្រូវបានសង្ស័យថាបានរំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធអំពើពុករលួយក្នុងវិស័យកីឡាចិន។
 
បច្ចុប្បន្ន លោក Zhongwen កំពុងស្ថិតក្រោមការត្រួតពិនិត្យវិន័យ និងស៊ើបអង្កេតពីសំណាក់ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលចំនួនពីររបស់ក្រុងប៉េកាំង រួមមានគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ និងគណៈកម្មាធិការត្រួតពិនិត្យជាតិ។
 
លោក Zhongwen ទំនងពាក់ព័ន្ធករណីពុករលួយធ្ងន់ធ្ងរ និងប្រឈមការជាប់ទោស ចាប់តាំងពីអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) លោក Chen Xuyuan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិតពីបទទទួលសំណូកប្រាក់ ១១លានដុល្លារ។ លោក Xuyuan ក្នុងចំណោមមន្ត្រី CFA ១០នាក់ដែលទទួលរងកំហុសពីអ្នកឃ្លាំមើលរបស់ស្ថាប័នពុករលួយចិន។
 
ចាប់តាំងពីលោកប្រធានាធិបតី ស៊ី ជីនពីង ឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់ចិន  បានត្រួតពិនិត្យ និងការបង្រ្កាបមន្ត្រីពុករលួយច្រើនរួប យ៉ាងទូលំទូលាយជាពិសេសពាក់ព័ន្ធនឹងឧស្សាហកម្មកីឡាបាល់ទាត់៕
 

Tag:
 CFA
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com