កីឡាអន្តរជាតិ
អន្តរជាតិ
ចិន វែកមុខជនពុករលួយក្នុងបាល់ទាត់ ដែលមេខ្លោងធំ ជាអតីតអនុលេខាបក្ស​ និងជាប្រធាន CFA
30, Jan 2024 , 4:19 pm        
រូបភាព
លោក Chen Xuyuan បង្ហាញខ្លួនក្នុងសវនាការ។ រូបភាព៖ Xinhua
លោក Chen Xuyuan បង្ហាញខ្លួនក្នុងសវនាការ។ រូបភាព៖ Xinhua
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) លោក Chen Xuyuan បានចូលសវនាការកាត់ទោសពីបទស៊ីសំណូកប្រាក់ ១១,៣លានដុល្លារ នៅថ្ងៃទី២៩ ខែមករា។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស្របពេលប្រតិបត្តិការណ៍ប្រឆាំងអំពើពុករលួយបានវាយលុកទៅកាន់កីឡាករសំខាន់ៗ ក្នុងវិស័យកីឡាបាល់ទាត់ចិន។



លោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។
 
កាលពីថ្ងៃទី១១ ខែមករា នៅក្នុងភាពយន្តឯកសារតាមទូរទស្សន៍នោះ លោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន អះអាងថាខ្លួនបានបានបង់ប្រាក់សំណូកដល់ លោក Xuyuan អំឡុងនៅកាន់តំណែងប្រធាន និងជាអនុលេខាបក្ស CFA ចំនួន២លានយ័ន (ជិត៣០ម៉ឺនដុល្លារ) ដើម្បីទទួលបានតំណែងគ្រូជម្រើសជាតិចិន។
 
មិនត្រឹមតែទទួលសំណូកពីលោក Li Tie ឡើយ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងកីឡាចិន រួមនិងនាយកប្រតិបត្តិ CFA ប្រមាណ ១០នាក់ ក៏ជាប់ក្នុងករណីពុករលួយនៅប៉ុន្មានឆ្នាំចុងក្រោយ ជាមួយលោក Xuyuan ផងដែរ ដែលមានទឹកប្រាក់ ១១,៣លានដុល្លារ។
 
លោក Xuyuan វ័យ៦៧ឆ្នាំ ដែលជាសមាជិកបក្សកុម្មុយនិស្តចិនផង បានសារភាពទទួលកំហុស និងសូមទោសអ្នកគាំទ្រជនជាតិចិន ជុំវិញការប្រព្រឹត្តិរបស់ខ្លួនក្នុងវិស័យកីឡា។ 
 
«អ្នកគាំទ្រអាចទទួលយកការពិតដែលថាស្ថានភាពបាល់ទាត់របស់ចិនគឺអាក្រក់បំផុតនៅពេលនេះ។ ​ខ្ញុំដឹងថាអ្នកគាំទ្រ មិន​អាច​អត់ទោស​អំពើ​ពុករលួយ​នេះបាន​ទេ។ ខ្ញុំសូមអភ័យទោសគ្រប់យ៉ាង ចំពោះអ្នកគាំទ្រជនជាតិចិនទាំងអស់»។ នេះជាការរៀបរាប់របស់លោក Xuyuan។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua តុលាការប្រជាជនក្នុងក្រុង Huangshi ខេត្ត Hubei ប្រទេសចិន បានបើកសវនាការជាសាធារណៈលើកដំបូងលើលោក Xuyuan ក្រោមបទចោទអំពើពុករលួយធ្ងន់ធ្ងរ។ មិនទាន់បញ្ចប់នោះឡើយ ការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធដែលមានទាំងកីឡាករផង នឹងធ្វើឡើងបន្តបន្ទាប់ទៀត។
 
ដោយសារក្តីក្តាំពុករលួយនេះ បានធ្វើឱ្យកីឡាបាល់ទាត់ចិន មានបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ និងចុងក្រោយនេះ បានធ្លាក់ចេញពីពានរង្វាន់តំបន់អាស៊ី AFC Asian Cup ឆ្នាំ២០២៣ ត្រឹមវគ្គចែកពូល៕
 

Tag:
 CFA
  Chen Xuyuan
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com