កីឡាអន្តរជាតិ
អន្តរជាតិ
ធ្លាក់ Asian Cup៖ ចិន ត្រូវប្តូរគ្រូ និងបញ្ឈប់អំពើពុករលួយ ដើម្បីស្តាក្រុមបាល់ទាត់ឡើងវិញ
24, Jan 2024 , 12:09 pm        
រូបភាព
អ្នកគាំទ្រជនជាតិចិនខឹងសម្បារនឹងក្រុមកីឡាបាល់ទាត់របស់ពួកគេយ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ត្រឹមវគ្គចែកពូល។ ចិន ចាញ់ម្ចាស់ផ្ទះកាតានៅជំនួបចុងក្រោយពូល A ក្នុងលទ្ធផល ១-០ នៅថ្ងៃទី២៣ ខែមករា។ អ្នកវិភាគកីឡាចិន យល់ថាក្រុមបាល់ទាត់ចិនត្រូវរកគ្រូត្រឹមត្រូវទៅដឹកនាំ និងបំបាត់អំពើពុករលួយក្នុងវិស័យនេះ ដើម្បីស្តាគុណភាពក្រុមឡើងវិញ។



កាតា ដែលទទួលបានកៅអីវគ្គ១៦ក្រុមរួចស្រេចទៅហើយ នៅតែមិនបន្ធូដៃឱ្យចិននៅជំនួបចុងក្រោយ ដែលត្រូវការពិន្ទុប្រជែងលេលេខ២ ឬលេខ៣ល្អបំផុត ដើម្បីឆ្លងផុតវគ្គសន្សំពិន្ទុ។

១គ្រាប់ជ័យជម្នះដែលសម្រេចបានដោយកីឡាករ Hassan Al-Haydos បានជួយម្ចាស់ការពារតំណែងជើងឯកបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល A ដោយរកបាន៩ពិន្ទុពេញ។
 
ចិន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ មាន២ពិន្ទុ ក្រោយស្មើ២ និងចាញ់មួយ ស្របពេលតាហ្ស៊ីគីស្ថាន បានលេខ២ មាន៤ពិន្ទុ ក្រោយឈ្នះលីបង់នៅជំនួបចុងក្រោយ ២-១។ តាហ្ស៊ីគីស្ថាន ចាប់ដៃកាតា ទៅវគ្គ១៦ក្រុម ខណៈចិន ដែលមិនជាប់ជាក្រុមលេខ៣ល្អ និងក្រុមបាតតារាង លីបង់ ហាលអាវ។
 
លោកគ្រូបង្វឹក Aleksandar Jankovic សោកស្ដាយចំពោះការខកឱកាសរកគ្រាប់បាល់ជាច្រើនលើក ដែលនាំឱ្យក្រុមចិនមិនអាចឈានទៅវគ្គបន្ត។ បើទោះលើកឡើងយ៉ាងនេះក្តី ប៉ុន្តែអ្នកគាំទ្រចិន មិនបង្ហាញក្តីអាណិតអ្វីនោះឡើយ ដ្បិតក្រុមនេះតែងបរាជ័យជារើយៗ និងខកចិត្តជាប្រចាំ។ អ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់ បានស្រែកចំអកទៅកាន់ក្រុមចិនថា «អ្នកគួរខ្មាសខ្លួនឯង»។
 
ដោយឡែក អ្នកវិភាគកីឡាចិនលោក Wang Jianxiang បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ថា ដើម្បីកសាងក្រុមបាល់ទាត់ចិនឱ្យប្រសើរឡើងវិញ ទី១ត្រូវប្តូរគ្រូបង្វឹកដែលមានមូលដ្ឋានត្រឹមត្រូវឱ្យបានឆាប់ និងបញ្ឈប់ជាបន្ទាប់នូវអំពើពុករលួយក្នុងវិស័យបាល់ទាត់ចិន។
 
អ្នកវិភាគម្នាក់ទៀតលោក Ji Yuyang យល់ឃើញថាព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ បានធ្វើឱ្យខ្លូនមើលឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍដ៏លឿនរហ័សរបស់ក្រុមក្នុងទ្វីបអាស៊ី។
 
មកទល់ពេលនេះ Asian Cup រកឃើញក្រុមចំនួន១៣ហើយ ដែលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនោះមាន ម្ចស់ផ្ទះកាតា តាហ្ស៊ីគីស្ថាន អូស្ត្រាលី អ៊ូសបេគីស្ថាន ស៊ីរី អ៊ីរ៉ង់ អារ៉ាប់រួមអេមីរ៉ាត ប៉ាឡេស្ទីន អ៊ីរ៉ាក់ ហ្សកដានី កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងថៃ៕
 
 

Tag:
 Asian Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com