កីឡាអន្តរជាតិ
អន្តរជាតិ
Li Tie សារភាព ប្រើលុយសូកប៉ាន់ធ្វើគ្រូជម្រើសជាតិចិន និងកំណត់លទ្ធផលប្រកួត
11, Jan 2024 , 10:19 am        
រូបភាព
លោក Li Tie អតីតកីឡាករក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន បានសារភាពតាមកញ្ចក់ទូរទស្សន៍ថា ខ្លួនបានផ្តល់សំណូករាប់សែនដុល្លារ ដើម្បីទទួលបានការងារជាគ្រូបង្វឹកជម្រើសជាតិចិន និងករណីរៀបចំលទ្ធផលប្រកួតក្នុងក្លិប។


ក្រុមជម្រើសជាតិចិនទាំងមូល ក្រោយរងការចោទប្រកាន់ ត្រូបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតអំពើពុករលួយដ៏ធំ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធសុទ្ធតែមានមុខតំណែងខ្ពស់។
លោក Li Tie អតីតខ្សែបម្រើក្រុម Everton ដែលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតក្នុងឆ្នាំ ២០២២ ក្រោយមានការចោទប្រកាន់ពីសហព័ន្ធកីឡាបាល់ទាត់ចិន (CFA) ពីបទបំពានច្បាប់ធ្ងន់ធ្ងរ។
 
ចាប់តាំងពីមានការស៊ើបអង្កេតមក មិនមានព័ត៌មានលម្អិតបន្ថែមក្នុងការចោទប្រកាន់អ្នកជាប់ចោទទាំងនោះទៀតឡើយ រហូតដល់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ តាមរយៈការចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ CCTV លោក Li Tie បានឆ្លើយសារភាពដោយខ្លួនឯងជុំវិញករណីពុករលួយ។
 
នៅក្នុងកម្មវិធីទូរទស្សន៍ CCTV ដែលផ្សាយជាទៀងទាត់នូវចម្លើយសារភាពរបស់ជនសង្ស័យឧក្រិដ្ឋជន រួមទាំងអតីតមន្ត្រី មុនពេលត្រូវបង្ហាញខ្លួនក្នុងតុលាការនោះ លោក Li សារភាពថា ខ្លួនបានរៀបចំសំណូកជាង៤០ម៉ឺនដុល្លារ ដើម្បីទទួលបានតំណែងគ្រូបង្វឹកចិន ព្រមទាំងបានកំណត់លទ្ធផលប្រកួតទុកមុនអំឡុងធ្វើជាអ្នកចាត់ការទូទៅក្លិប។
 
«​ខ្ញុំ​សោកស្ដាយ​ណាស់ ចំពោះអ្វីដែលខ្ញុំបានធ្វើ។ ខ្ញុំ​គួរ​តែ​ធ្វើរឿងត្រឹម​ត្រូវ ដែលប្រសើរជាងនេះ​»។ Li Tie រៀបរាប់ពីកំហុសរបស់ខ្លួនដូច្នេះ មុនបន្ថែមថា ករណីបែបនេះ​នៅ​ពេល​នោះ​វាស្ទើរតែជា​ទម្លាប់​ទូទៅ​ក្នុង​បាល់ទាត់ចិនទៅហើយ។
 
បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ​​ ត្រូវបានតែងតាំងជាគ្រូបង្វឹកចិន នៅឆ្នាំ២០១៩ ដើម្បីជំនួសលោក Marcello Lippi ដោយការនោះលោកត្រូវមានភារកិច្ចដឹកនាំក្រុមយក្សចិនធ្វើយ៉ាងណា ឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ ប៉ុន្តែអ្វីៗមិនដូចបំណងនោះឡើយ។
 
 លោក Li Tie ដែលចាត់ទុកការបានធ្វើគ្រូបង្វឹកចិន ​ជាក្តី​សុបិន​តាំងពី​កុមារភាពក្លាយជាការពិតនោះ ធ្លាប់ជាអ្នកចាត់ការទូទៅក្លិបនៅលីគកំពូលចិនដូចជា Guangzhou Evergrande, Hebei China Fortune និង Wuhan Zall៕
 

Tag:
 Li Tie
  ជម្រើសជាតិចិន
© រក្សាសិទ្ធិដោយ thmeythmey.com