កីឡាអន្តរជាតិ
អន្តរជាតិ
គ្មានឈ្មោះទៅ Euro 2024 Maguire ផ្តោតជួយ Man Utd រដូវកាលក្រោយវិញ
07, Jun 2024 , 3:39 pm        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានសម្រេចចិត្តប្រកាសបញ្ជីឈ្មោះកីឡាករ ២៦រូប ផ្លូវការ សម្រាប់ប្រជែងពានរង្វាន់ UEFA Euro 2024 ដែលពោរពេញដោយកីឡាករតំបន់ប្រយុទ្ធ ស្របពេលតំបន់ការពារមានចំនួនតិច។ ខ្សែការពារ Harry Maguire និងខ្សែបម្រើស្លាប Jack Grealish សុទ្ធតែអវត្តមាន។ Maguire ស្ម័គ្រធ្វើអ្នកគាំទ្រអង់គ្លេស និងផ្តោតសំខាន់ជួយ Manchester United នៅរដូវកាល។

 
ខ្សែបម្រើ Jude Bellingham ទើបជួយក្រុម Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ក៏ដូចជាខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Bayern Munich កីឡាករខ្សែប្រយុទ្ធ Phil Foden ដែលជួយដល់ក្រុម Manchester City គ្រងជើងឯកលីគកំពូលអង់គ្លេស Premier League និងខ្សែប្រយុទ្ធស្លាប Bukayo Saka សុទ្ធសឹងតែជាកីឡាករតំបន់ប្រយុទ្ធដ៏ខ្លាំងរបស់អង់គ្លេស។ 
 
បញ្ហារបួសច្រើនលើកនៅក្នុងក្លិបបិសាចក្រហម Manchester United ធ្វើឱ្យខ្សែការពារ Harry Maguire ដែលធ្លាប់បានបង្ហាញខ្លួនឱ្យជម្រើសជាតិ ៦៣លើក បាត់បង់ឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិអង់គ្លេសលើកនេះ។ ប៉ុន្តែខ្សែការពារ Luke Shaw ទោះមានបញ្ហារបួស ក៏រូបគេនៅតែត្រូវបានជ្រើសរើសចូលក្រុម។ 
 
ក្រោយគ្មានឈ្មោះចំណោមកីឡាករ២៦រូបឱ្យក្រុមតោកំណាច Maguire បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការខកចិត្តរបស់ខ្លួន។ យ៉ាងណាក៏ដោយខ្សែការពារថ្លៃជាងគេរូបនេះ នឹងធ្វើជាអ្នកគាំទ្រអង់គ្លេសក្នុងយុទ្ធនាការពានរង្វាន់អឺរ៉ុបនៅអាល្លឺម៉ង់ និងផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពខ្លួន ដើម្បីជួយក្រុម Man Utd រដូវកាលក្រោយវិញ។
  


Jack Grealish ទោះបានឈ្នះពាន Premier League ជាមួយក្រុម Man City ដែលបានលេងឱ្យជម្រើសជាតិចំនួន ៣៦លើក ក៏ស្ថិតក្នុងចំណោមបញ្ជីឈ្មោះកីឡាករ ៧រូប កាត់ចេញ ជាមួយនឹងកីឡាករ James Maddison, Jarrad Branthwaite, James Trafford, Curtis Jones និង Jarrell Quansah។
 
ក្រៅពីកីឡាករជើងចាស់មួយចំនួន ត្រូវបានដកឈ្មោះចេញពីជម្រើសជាតិអង់គ្លេស កីឡាករវ័យក្មេងមានសមត្ថភាព បច្ចេកទេសកំពុងតែរីកលូតលាស់ល្អ ត្រូវបានបញ្ចូលទៅក្នុងក្រុមសម្រាប់ការប្រកួតជម្រើសជាតិអង់គ្លេស។
 
ខាងក្រោមនេះសមាសភាពជម្រើសជាតិអង់គ្លេស ទៅកាន់ការប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់៖
 
អ្នកចាំទី៖ Dean Henderson (Crystal Palace), Jordan Pickford (Everton), Aaron Ramsdale (Arsenal)
 
ខ្សែការពារ៖ Lewis Dunk (Brighton), Joe Gomez (Liverpool), Marc Guehi (Crystal Palace), Ezri Konsa (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle), Kyle Walker (Manchester City)
 
ខ្សែបម្រើ៖ Trent Alexander-Arnold (Liverpool), Conor Gallagher (Chelsea), Kobbie Mainoo (Manchester United), Declan Rice (Arsenal), Adam Wharton (Crystal Palace)
 
ខ្សែប្រយុទ្ធ៖ Jude Bellingham (Real Madrid), Jarrod Bowen (West Ham), Eberechi Eze (Crystal Palace), Phil Foden (Manchester City), Anthony Gordon (Newcastle), Harry Kane (Bayern Munich), Cole Palmer (Chelsea), Bukayo Saka (Arsenal), Ivan Toney (Brentford), Ollie Watkins (Aston Villa)៕

Tag:
 អង់គ្លេស
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com