ជាតិ
មង្គលការ៖ ក្រសួងណែនាំក្រុមសិល្បៈ បញ្ឈប់សកម្មភាពធ្វើឱ្យអាប់ឱនប្រពៃណីនិងវប្បធម៌ជាតិ
07, Jun 2024 , 4:09 pm        
រូបភាព
រូបកាត់ចេញពីវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គម
រូបកាត់ចេញពីវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គម
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីណែនាំក្រុមសិល្បៈនានា ឱ្យបញ្ឈប់សកម្មភាព ដែលនាំឱ្យអាប់ឱនដល់ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិជាបន្ទាន់ បើពុំនោះទេ ពួកគេនឹងទទួលរងការពិន័យពីច្បាប់។ ក្រសួងចេញបទបញ្ជាបែបនេះ ក្រោយពិនិត្យឃើញសកម្មភាពមិនសមរម្យ ដែលក្រុមអ្នកសិល្បៈ បានប្រព្រឹត្តក្នុងពិធីមង្គលការមួយចំនួន ហើយបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម​។



ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ បានប្រាប់ឱ្យក្រុមសិល្បៈ ដែលចូលរួមសម្ដែងក្នុងពិធីមង្គមការខ្មែរ ត្រូវបញ្ឈប់សកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ ឱ្យបានត្រឹមត្រូវ ពីប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ដែលជាកេរដំណែលពីដូនតា។ 
 
ក្នុងលិខិតណែនាំ និងកំណត់វិធានការ ចុះថ្ងៃទី៧ មិថុនា ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ ចាត់ទុកថា សកម្មភាពអសីលធម៌ របស់ក្រុមសិល្បៈសម្ដែង ក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍នេះ ជាការធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ប្រយោជន៍សង្គមទាំងមូល។
 
ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅក្រុមសិល្បៈទាំងនោះ ទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ «ក្នុងករណី នៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនោះទៀត វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យក តាមគោលការណ៍ ដែលមានជាធរមាន»។ នេះបើតាមលិខិតរបស់ក្រសួងវប្បធម៌។
 
បើតាមក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្ដល់សិរីមង្គល ដល់គូស្រករថ្មី។ ក្នុងន័យនេះ ក្រសួងវប្បធម៌ ស្នើអាណាព្យាបាលទាំងឡាយ ពិនិត្យនិងពិចារណាឱ្យបានដិតដល់ ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ សម្ដែងក្នុងពិធីមង្គលដ៏សំខាន់ ក្នុងជីវិតរបស់កូនចៅខ្លួន។
 
បន្ថែមពីនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើប្រជាជនគ្រប់មជ្ឈដ្ឋាន កុំចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយ ដែលជាសកម្មភាពអាសអាភាស និងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ។
 
«សូមគោរព និងថ្លែងអំណរគុណ ចំពោះស្មារតីស្រឡាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការទប់ស្កាត់រូបភាព អវិជ្ជមានគ្រប់ទម្រង់ ដែលធ្វើឱ្យប៉ះពាល់តម្លៃមរតកដូនតា»។ នេះក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ៕

Tag:
 ក្រសួងវប្បធម៌
  សិល្បៈ​
  វប្បធម៌
  អាពាហ៍ពិពាហ៍
  មង្គលការ
  ការណែនាំ
 
© រក្សាសិទ្ធិដោយ thmeythmey.com