អន្តរជាតិ
ក្រុមហ៊ុន Singapore Airlines ផ្តល់សំណងដ៏ច្រើនដល់អ្នកដំណើរSQ321 រងរបួសតិចតួច
11, Jun 2024 , 11:39 am        
រូបភាព
យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines។ រូបភាព AFP
យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines។ រូបភាព AFP
ក្រុមហ៊ុន Singapore Airlines នៅថ្ងៃទី១១ ខែមិថុនា បានសុំទោសអ្នកដំណើរ និងក្រុមគ្រួសារ ដោយរួមទាំងប្រកាសផ្តល់សំណងក្នុងទឹកប្រាក់ជាច្រើន ទៅកាន់ជនរងគ្រោះចាប់ពី១ម៉ឺនដុល្លារ ដល់ ២,៥ម៉ឺនដុល្លារ សម្រាប់អ្នកដំណើររងរបួសស្រាល និងធ្ងន់។

 
ជើងហោះហើរយន្តហោះ SQ321 កាលពីខែឧសភា ដែលហោះពីអង់គ្លេស ទៅសិង្ហបុរី បានជួបស្ថានភាពអាសន្ន (Turbulence) ដែលបង្កពីស្ថានភាពអាកាសធាតុមិនល្អ។ យន្តហោះក្រុមហ៊ុន Singapore Airlines បានចុះចតជាបន្ទាន់នៅក្រុងបាងកកថៃ ដោយមានអ្នកដំណើររងរបួសជាច្រើននាក់ និងអ្នកស្លាប់ម្នាក់។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែមិថុនា ក្រុមហ៊ុន Singapore Airlines បានប្រកាសផ្តល់សំណងទៅជនរងគ្រោះចន្លោះពី ១០០០០ដុល្លារ ទៅអ្នកដំណើរមានរបួសស្រាល និង២៥០០០ដុល្លារ សម្រាប់អ្នកមានរបួសធ្ងន់។ 
 
«សម្រាប់អ្នកដំណើរដែលមានរបួសធ្ងន់ធ្ងរពីឧបទ្ទវហេតុ​ យើងបានអញ្ជើញពួកគេពិភាក្សាពីការផ្តល់សំណង ឱ្យស្របនឹងមុខរបួស នៅពេលអ្នកដំណើរធូរស្រាល និងរួចរាល់ក្នុងការពិភាក្សា»។ ក្រុមហ៊ុន Singapore Airlines បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបង្ហោះលើបណ្តាញសង្គម Facebook។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Singapore Airlines នឹងផ្តល់ថ្លៃសំបុត្រយន្តហោះត្រលប់ទៅអ្នកដំណើរក្នុងជើងហោះហើរ SQ321 ទាំងអស់។
 
យ៉ាងណាមិញ ក្រុមហ៊ុន Singapore Airlines មិនបានបញ្ជាក់ពីការផ្តល់សំណងទៅបុគ្គលិកបម្រើការលើជើងហោះហើរ SQ321 ឡើយ។ 
 
បន្ថែមពីសំណងខាងលើ ក្រុមហ៊ុនសិង្ហបុរីមួយនេះ បានផ្តល់ប្រាក់ប្រមាណ ៧៣៩ដុល្លារ ទៅអ្នកដំណើររងគ្រោះទាំងអស់ ដែលបានចាកចេញពីថៃ សម្រាប់ផ្គត់ផ្គង់ការចំណាយបន្ថែម។ លើសពីនេះ ក្រុមហ៊ុន បានត្រៀមខ្លួនជាស្រេចក្នុងការចេញថ្លៃព្យាបាលអ្នកដំណើររបួសធ្ងន់ និងរៀបចំជើងហោះហើរសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ប្រសិនបើចាំបាច់៕ 

Tag:
 សិង្ហបុរី
  អង់គ្លេស
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com