អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខUN គាំទ្របទឈប់បាញ់នៅកាហ្សា តែអុីស្រាអែលបដិសេធចូលតុចរចា
11, Jun 2024 , 4:03 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តសេចក្តីសម្រេចថ្មីមួយទៀត ដែលស្នើដោយអាម៉េរិក គាំទ្រផែនការបទឈប់បាញ់នៅតំបន់កាហ្សា។ ទោះសេចក្តីសម្រេចនេះ គាំទ្រដោយក្រុមហាម៉ាស តែអុីស្រាអែលប្រកាសដាច់ខាត មិនចូលតុចរចា។

 
បន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃក្នុងការតាក់តែង និងចរចា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែមិថុនា បានអនុម័តសេចក្តីសម្រេចមួយ ដែលគាំទ្រសំណើបទឈប់បាញ់ស្នើដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅពេលកន្លងមក។ សេចក្តីសម្រេចនេះ ត្រូវបានបោះឆ្នោតគាំទ្រដោយរដ្ឋចំនួន១៤ និងអនុបវាទដោយរុស្ស៊ី។
 
«ថ្ងៃនេះ យើងបោះឆ្នោតសម្រាប់សន្តិភាព»។ អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានបញ្ជាក់បែបនេះ បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី១០ ខែមិថុនា។ សេចក្តីសម្រេចខាងលើ គឺគាំទ្រផែនការបទឈប់បាញ់ចំនួន ៣ដំណាក់កាល ដែលដាក់ចេញដោយលោកបៃឌិន នៅថ្ងៃទី៣១ ខែឧសភា។ 
 
បើតាមសេចក្តីសម្រេច អុីស្រាអែល បានទទួលយកបទឈប់បាញ់ថ្មី ហើយក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់នោះ ដោយគ្មានលក្ខខណ្ឌ និងគ្មានការពន្យារពេល។ ការអនុម័តសេចក្តីសម្រេចខាងលើ ធ្វើឡើងស្របពេលប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន កំពុងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញឱ្យមានបទឈប់បាញ់ក្នុងតំបន់កាហ្សា និងដាក់សម្ពាធលើក្រុមហាម៉ាស។ 
 
បទឈប់បាញ់ចំនួន ៣ដំណាក់កាលនេះ មានដូចជា ការស្នើឱ្យមានជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់កាហ្សា, ការបញ្ចប់ជម្លោះជាអចិន្រ្តៃ៍យ៍រវាងក្រុមហាម៉ាស និងអុីស្រាអែល និងការស្ថាបនាតំបន់កាហ្សាឡើងវិញ នៅក្រោយជម្លោះ។ 
 
បន្ទាប់ពីការអនុម័ត ក្រុមហាម៉ាស បានបង្ហាញការស្វាគមន៍ និងអះអាងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយប្រទេសសម្របសម្រួល។ ទន្ទឹមនេះ ក្រុមហាម៉ាស នៅតែបន្តចូលរួមការចរចាមិនផ្ទាល់ ដើម្បីអនុវត្តផែនការគាំទ្រដោយអាម៉េរិក ដែលស្របនឹងការចង់បានពីសំណាក់ប្រជាជនប៉ាឡេស្ទីន។ 
 
ផ្ទុយទៅវិញ អុីស្រាអែលជំទាស់ចូលតុចរចា។ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតអនុម័ត លោកស្រី Reut Shapir Ben-Naftaly តំណាងអុីស្រាអែលនៅអង្គការសហប្រជាជាតិ បានថ្លែងថា អុីស្រាអែល នឹងបន្តប្រតិបត្តិការយោធានៅតំបន់កាហ្សា ហើយខ្លួននឹងមិនចូលរួមលើកិច្ចចរចាដែលគ្មានន័យ និងគ្មានពេលឈប់ ដែលក្រុមហាម៉ាស កេងយកប្រយោជន៍ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ 
 
កន្លងមក បើទោះប្រធានាធិបតីអាម៉េរិក បានប្រកាសថា អុីស្រាអែលបានគាំទ្រសំណើបទឈប់បាញ់របស់ខ្លួនលើតំបន់កាហ្សាក៏ដោយ ប៉ុន្តែលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល មិនធ្លាប់ប្រកាសគាំទ្រជាផ្លូវការឡើយ ហើយមានតែប្តេជ្ញាបន្តប្រតិបត្តិការនៅតំបន់កាហ្សាប៉ុណ្ណោះ។ បើតាមលោក ណេតាន់យ៉ាហ៊ូ អុីស្រាអែល នឹងបន្តប្រតិបត្តិការរហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ទេសចោលទៀតស្រុងក្នុងតំបន់កាហ្សា ដើម្បីការពារសន្តិសុខរបស់ខ្លួន។ 
 
ទោះបោះឆ្នោតគាំទ្រលើសេចក្តីសម្រេច អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភថា សេចក្តីសម្រេចចុងក្រោយនេះ អាចនឹងដូចសេចក្តីសម្រេចមុន ដែលអុីស្រាអែល និងក្រុមហាម៉ាស មិនគោរពតាមឡើយ។ 
 
នៅក្នុងខែមីនា ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចមួយ ដែលជំរុញឱ្យអុីស្រាអែល និងក្រុមហាម៉ាស មានបទឈប់បាញ់ ប៉ុន្តែកាលនោះ អាម៉េរិកបានបោះឆ្នោតអនុបវាទ៕ 

Tag:
 អង្គការសហប្រជាជាតិ អុីស្រាអែល កាហ្សា ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com