សង្គមអន្តរជាតិ​
អន្តរជាតិ
អគ្គិភ័យឆាបឆេះ​ផ្សារ​លក់​សត្វចិញ្ចឹម​ក្រុង​បាងកក បណ្តាលសត្វ​រាប់​ពាន់​ក្បាល​​ងាប់
11, Jun 2024 , 4:49 pm        
រូបភាព
ក្រុមពន្លត់អគ្គិភ័យជួយសង្រ្គោះសត្វចិញ្ចឹមនៅផ្សារ Chatuchak ។ រូបភាព ៖ AFP
ក្រុមពន្លត់អគ្គិភ័យជួយសង្រ្គោះសត្វចិញ្ចឹមនៅផ្សារ Chatuchak ។ រូបភាព ៖ AFP
អគ្គិភ័យបានលេបត្របាក់ផ្សារលក់សត្វចិញ្ចឹមក្នុងទីក្រុងបាងកក សត្វរាប់ពាន់ក្បាលដូចជា ឆ្កែ ឆ្មា បក្សី និងពស់ ត្រូវបានងាប់នៅក្នុងភ្នក់ភ្លើង។ នេះបើតាមចុះផ្សាយរបស់កាសែត Bangkok Post។

 
លោក Tivakorn Prongseng អធិការខណ្ឌ Chatuchak បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចេញពីកន្លែងលក់ត្រីនៅផ្សារ Sri Somrat ជាប់ផ្សារ Chatuchak ដែលជាផ្សារដ៏ល្បីល្បាញវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា។ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​ជាង​១០០​ ​លើ​ផ្ទៃដី​ប្រមាណ​១៣០០​ម៉ែត្រការ៉េ។ 
 
ការឆាបឆេះ​នេះ​ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។ បើតាមលោក Tivakorn អគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ប៉ុន្តែសត្វជាច្រើនដែលជាប់ក្នុងទ្រុងបានងាប់ក្នុងភ្នក់ភ្លើង។
 
អ្នកលក់និយាយថា ពួកគេបានបាត់បង់សត្វមួយចំនួនធំ ដូចជា ត្រីលម្អ ឆ្មា ឆ្កែ សត្វស្លាប ស្វា និងប្រភេទសត្វកម្រ ដែលមានតម្លៃថ្លៃៗ។
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វចិញ្ចឹមរាប់រយក្បាលបានងាប់ ប៉ុន្តែលោក Tivakorn បាននិយាយថា វាលឿនពេកក្នុងការនិយាយចំនួនពិតប្រាកដ។ យ៉ាងណាមិញ ក្រុម​អាជីវករ​បានអះអាង​ថា សត្វ​រាប់​ពាន់​ក្បាល​បាន​ងាប់។
 
រដ្ឋាភិបាលទីក្រុងបាងកកបានបញ្ជូនក្រុមជំនាញទៅកន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មានពីម្ចាស់ហាងដែលរងផលប៉ះពាល់ និងវាយតម្លៃការខូចខាត។
 
អភិបាលក្រុងបាងកកលោក Chadchart Sittipunt ក៏បានទៅពិនិត្យនៅកន្លែងកើតហេតុផ្ទាល់ដែរ។ លោក បានបញ្ជាក់ថា ប្រជាជនអាចជួយម្ចាស់ហាងដែលរងផលប៉ះពាល់ដោយផ្តល់ជម្រកដល់សត្វដែលនៅរស់។
 
អគ្គិភ័យបានឆាបឆេះផ្នែកខ្លះនៃផ្សារ Chatuchak ដែលលក់អ្វីគ្រប់យ៉ាងតាំងពីវត្ថុបុរាណ និងគ្រឿងអេឡិចត្រូនិច។ ផ្សារ​នេះ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​សំខាន់ ហើយ​ក៏​ជា​កន្លែង​ដើរ​ទិញ​ឥវ៉ាន់​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ស្រុកដែរ។
 
ក្រុម​អភិរក្ស​ធ្លាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ជួញ​ដូរ​សត្វ​នៅ​តំបន់​នោះ។ អាជ្ញាធរ​ថៃ​តែងតែ​ធ្វើ​អធិការកិច្ច​ជារឿយៗ ដើម្បី​រក​ឃើញ​ករណី​ជួញដូរ​​នូវ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ៕ 

Tag:
 ថៃ
  សត្វចិញ្ចឹម
© រក្សាសិទ្ធិដោយ thmeythmey.com