កីឡាអន្តរជាតិ
អន្តរជាតិ
Madam Pang ស្រក់ទឹកភ្នែក សុំទោសអ្នកគាំទ្រ ក្រោយថៃធ្លាក់វគ្គជម្រុះ World Cup
12, Jun 2024 , 11:44 am        
រូបភាព
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) អ្នកស្រី Nualphan Lamsam ឬ Madam Pang មិនអាចទប់អារម្មណ៍សោកសៅរបស់ខ្លួនបាន បន្ទាប់ពីក្រុមជម្រើសជាតិថៃ ខកខានឡើងទៅវគ្គជម្រុះជុំទី៣ FIFA World Cup 2026 តំបន់អាស៊ី។ មហាសេដ្ឋីនីរូបនេះ ស្រក់ទឹកភ្នែក និងលើកដៃសំពះសុំទោសអ្នកគាំទ្រថៃទៀតផង។



ជ័យជម្នះ ៣-១ លើក្រុមសិង្ហបុរី ក្នុងជំនួបចុងក្រោយពូល C នៅកីឡដ្ឋាន Rajamangala ក្នុងក្រុងបាងកក ថ្ងៃទី១១ ខែមិថុនា នៅតែមិនអាចជួយថៃ ឆ្លងផុតវគ្គជម្រុះជុំទី២ ជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ តំបន់អាស៊ីបានដែរ។ ថៃ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ មាន៨ពិន្ទុ ស្មើចិន ដែលឈរលេខ២ បើទោះចិនចាញ់កូរ៉េខាងត្បូង ១-០។ ទោះមានសំណល់គ្រាប់បាល់ស្មើគ្នា តែថៃ ចាញ់ប្រៀបចិន ត្រង់ ថៃ ធ្លាប់ចាញ់ចិន ក្នុងចំណោមការជួបគ្នា២លើក ក្នុងពូល។
 
ក្រុមដំរីសង្គ្រាម ពិតជាបង្ហាញទម្រង់ប្រកួតបានល្អ ជាមួយការវាយសម្រុកលើក្រុមសិង្ហបុរី ដ្បិតត្រូវការមួយគ្រាប់បន្ថែមលើសពីលទ្ធផល ៣-១ ដោយសារកូរ៉េខាងត្បូង​ ឈ្នះចិន ១-០ ដើម្បីមានប្រៀបគ្រាប់បាល់លើចិន។ ទោះឱកាសច្រើន តែថៃក្រោមការដឹកនាំរបស់លោគ្រូសញ្ជាតិជប៉ុន Masatada Ishii មិនអាចសម្រេចទីបន្ថែមបានឡើយ។



ធ្លាក់វគ្គជម្រុះទាំងជូរចត់ ប្រធាន FAT អ្នកស្រី Madam Pang បានបង្ហាញអារម្មណ៍សោកសៅនៅចំពោះមុខអ្នកគាំទ្រ។ ភ្លាមៗ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតមហាសេដ្ឋីនីរូបនេះ រួមជាមួយកីឡាករថៃ ជាច្រើនរូបបានសម្រក់ទឹកភ្នែក។ ទោះសោកស្ដាយ ប៉ុន្តែនារីដ៏មានឥទ្ធិពលក្នុងកីឡាបាល់ទាត់ថៃរូបនេះ នៅតែនិយាយលើកទឹកចិត្តកីឡាករ និងសំពះសុំទោសអ្នកគាំទ្ររបស់ខ្លួន។
 
«ខ្ញុំពិតជាសោកស្តាយ។ ខ្ញុំយល់ថា អ្នកគាំទ្របាល់ទាត់ថៃ រំពឹងថាក្រុម នឹងឈ្នះសំបុត្រទៅជុំទី៣។ យើងខ្វះតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការឈានទៅវគ្គជម្រុះបន្ត។ យើងមានឱកាសរកគ្រាប់បន្ថែមទៀត ប៉ុន្តែមិនអាចធ្វើបាន ហើយកីឡាករបានព្យាយាមអស់ពីសមត្ថភាពដែរ។ ខ្ញុំសូមអភ័យទោស ចំពោះអ្នកគាំទ្រថៃ ទូទាំងប្រទេ»។ Madam Pang និយាយក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត។
 
ក្នុងវិស័យបាល់ទាត់ថៃ ទាំងក្រុមបុរស និងនារី អ្នកស្រី Madam Pang បានរួមចំណែកយ៉ាងសំខាន់ ជាមួយគោលដៅនាំក្រុមថៃ បង្ហាញមុខនៅ World Cup វគ្គផ្តាច់ព្រ័ត្រ។ ក្រុមនារីថៃ បានបង្ហាញខ្លួននៅ World Cup ២ដងរួចហើយ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com