ជាតិ
ស្រ្តីអ្នកដឹកនាំ ១២៥នាក់ ស្នើឲ្យមានសមធ៌ម និងយុត្តិធម៌ ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​ភាព​​ធន់​​ផ្នែក​អាកាសធាតុ
12, Jun 2024 , 7:59 pm        
រូបភាព
រូបភាព៖ Kimheang Tuon_Oxfam
រូបភាព៖ Kimheang Tuon_Oxfam
ស្រ្តីជាអ្នកដឹកនាំ ​និងដៃគូការងាររបស់ពួកគេប្រមាណ ១២៥នាក់ មកពីប្រទេសចំនួន១៨ បាន ជួបជុំគ្នាក្នុងសន្និបាតស្តីពី ស្រ្តី និងទន្លេនៅអាស៊ី ដែលរៀបចំឡើងចាប់ពីថ្ងៃទី ៤-៦ ខែមិថុនា ​នៅខេត្ត​ឈៀងរៃ ប្រទេសថៃ។

បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការ អុកស្វាម និងអង្គការទន្លេអន្តរជាតិ សន្និ​បាត​​ស្តីពី ស្រ្តី និងទន្លេនៅអាស៊ីនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​មួយ ដើម្បី​កំណត់​គោលដៅបេសកកម្ម ដើម្បីនាំឲ្យមានសមធម៌ យេនឌ័រ នៅក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​ភាពធន់​ផ្នែក​អាកាសធាតុ។
 
អ្នកចូលរួមទាំងអស់ បាន​ពិភាក្សាយ៉ាងសកម្ម លើយុទ្ធសាស្រ្ត និងកសាងទំនាក់​ទំនងរវាង​គ្នានឹងគ្នា ដើម្បីលើកកម្ពស់កិច្ចសហការ និងសហកម្មភាពរួមកាន់តែប្រសើរ។ បើតាម អង្គការ អុកស្វាម និងអង្គការទន្លេអន្តរជាតិ សន្និបាតនេះ បានបង្ហាញពីភាពអង់អាច​ក្លា​ហាន ជំនាញ និងការប្តេជ្ញាចិត្ត​របស់​ស្រ្តីជា​អ្នកដឹកនាំ មកពីសហគមន៍ជនជាតិដើម​ភាគតិច និងសហគមន៍ដែលរស់នៅតាមដងទន្លេ អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និង​អ្នករៀបចំគោលនយោបាយ។
 
លោកស្រី អាយស្សា ឌូហ្សា អ្នកដឹកនាំកម្មវិធីស្រ្តី និងទន្លេ នៃអង្គការទន្លេអន្តរជាតិ មាន​ប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមថា៖ «​យើងសិ្ថតនៅក្នុងពេល​ដ៏​ស្រួច​ស្រាល់​មួយ ដែល​ត្រូវតែ​ដោះស្រាយជា​បន្ទាន់ និងប្រកប​ដោយ​ការ​តាំងចិត្ត នូវបញ្ហាយេនឌ័រ និង​បរិស្ថាន។ អំណាច​ប្រមូលផ្តុំ ជំនាញ និងចំណេះដឹងរបស់ស្រ្តី ដែលបានមកជួបជុំគ្នានៅ​ក្នុងសន្និបាតនេះ គឺជាភស្តុតាងមួយដែលបង្ហាញ ពីការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​​អត្ថន័យ ដែលយើងកំពុងតែបោះជំហានទៅមុខ»។
 
នៅអំឡុងពេលសន្និបាត អ្នកចូលរួមបានប្រារព្ធទិវាបរិស្ថានពិភពលោក​ ហើយបានរៀបចំ​សេចក្តីថ្លែងការណ៍សាមគ្គី ដែលអំពាវ​នាវ​ឲ្យ​មានការផ្លាស់ប្តូរជុំវិញតួនាទីដ៏សំខាន់របស់​ស្រ្តី​ជាអ្នកការពារបរិស្ថាន ក្នុងកិច្ចការពារទន្លេ ដែនដី និង​សហគមន៍។ 
 
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ពីតម្រូវការជាបន្ទាន់ជាច្រើន និងដំណោះស្រាយ​ដែល​រួមមាន កិច្ចការពារទន្លេ និងដែនដី​ គឺសំខាន់ដើម្បីសកម្មភាពអាកាសធាតុ និងធានានូវ​អន្តរកាល ថាមពលប្រកបដោយភាពយុត្តិធម៌ និង​បរិយាបន្ន។
  


អង្គសន្និបាតក៏បានស្នើទៅរដ្ឋាភិបាល ក្រុមហ៊ុននានា និងសហគមន៍អន្តរជាតិ ត្រូវ​តែធ្វើ​សកម្មភាពជាបន្ទាន់ដើម្បីផ្តល់សុវត្ថិភាព ដល់អ្នកការពារបរិស្ថាន ជាពិសេសស្រ្តីដែល​ កំពុង​​ប្រឈមនឹងការយារយី និងអំពើហិង្សា។ ជាមួយគ្នា អង្គសន្និបាត ក៏ទាមទារឱ្យ ភាគីពាក់ព័ន្ធ ត្រូវតែមាន​ការ​ប្តេជ្ញាចិត្តពិតប្រាកដ និងសកម្មភាពដើម្បីគណនេយ្យភាព ​និង​ការសងជំងឺចិត្ត សម្រាប់ការបាត់បង់ និងការខូចខាត។ 
បង្កើនការគោរពដល់ជនជាតិដើមភាគតិច និងសិទ្ធិស្រ្តី អ្នកការពារបរិស្ថាន និងតួនាទីដ៏​សំខាន់របស់ពួកគេ ក្នុងការគ្រប់គ្រងធនធានក្នុងសហគមន៍។ នេះក៏ជា តម្រូវការជាបន្ទាន់ ដែលអង្គសន្និបាតទាមទារឱ្យមានដំណោះស្រាយ​ផងដែរ។  
 
កញ្ញា ស៊ឹម សុជាតា ប្រធានកម្មវិធី អភិបាលកិច្ចទឹកតំបន់មេគង្គ នៃអង្គការ អុកស្វាម មាន​ប្រសាសន៍ថា​​ «សន្និបាតស្រ្តី និងទន្លេនៅអាស៊ី» ផ្តល់នូវមាគ៌ាថ្នាក់តំបន់សម្រាប់ ស្រ្តីដែល​ជា​អ្នកការពារបរិស្ថាន ដើម្បីចែករំលែកពី​ស្ថានភាព​បច្ចុប្បន្ន កសាងទំនាក់ទំនងឡើងវិញ និងសាងសាមគ្គីភាព ដើម្បីគាំទ្រគ្នាទៅវិញទៅមក។ កញ្ញា ស៊ឹម សុជាតា បន្ថែមដូច្នេះ៖ «​ដូច​គ្នាទៅនឹងទន្លេឆ្លងដែននានា​នៅ​អាស៊ី​​នាពេល​បច្ចុប្បន្ននេះ ស្រ្តីអ្នកការពារបរិស្ថាន កំ​ពុង​ស្ថិតក្រោមការគំរាមកំហែង និង​ប្រឈម​ទៅ​នឹង អំពើហិង្សា និងការបៀតបៀន។ ទន្លេ​ដែល​​មានជីវិត គឺសំខាន់ណាស់ សម្រាប់ការរស់នៅជាមួយគ្នា នឹងភាពធន់ នៅក្នុងពេល​ដែល​​មានវិបត្តិអាកាសធាតុ។ យើងសូមលើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល ទីភ្នាក់ងារអន្តររដ្ឋាភិ​បាល និងក្រុមហ៊ុន ធ្វើការងារបន្ថែមដើម្បីការពារស្រ្តី​អ្នក​ការពារទន្លេ និងទន្លេដែល​ប្រៀប​ដូចជា​ម្តាយ»។
 
សន្និបាតនេះ​ គឺជាកិច្ចផ្តួចផ្តើមនៃបណ្តាញសកលមួយ ដែលដឹកនាំដោយស្រ្តីដែល​ជា​អ្នកដឹកនាំ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពី​អង្គការ​អុកស្វាម អង្គការទន្លេអន្តរជាតិ វិទ្យាស្ថានអភិរឌ្ឍន៍បើកទូលាយ វិទ្យាស្ថានសហគមន៍មេគង្គ បណ្តាញស្រ្តីជនជាតិដើមភាគ​តិចនៅ​អាស៊ី និងដៃគូដទៃទៀត។ ដៃគូទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការពន្លឿនបេសកម្មនៃបណ្តាញស្រ្តី និងទន្លេ ដែលជាកិច្ច​ផ្តួចផ្តើម​កាលពីឆ្នាំ២០១៩ ជាមួយ​នឹងការ​ប្តេជ្ញាចិត្តមួយ ដើម្បីការពារទន្លេឲ្យ ហូរដោយសេរី ព្រមទាំងដី ព្រៃឈើ និងដែនដី ដែល​ទ្រទ្រង់​​ការ​រស់រានរបស់ពួកគេ។ បណ្តាញនេះ មានគោលបំណងលើកកម្ពស់ការដឹកនាំ របស់ស្រ្តី ក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត ទៅ​លើ ធនធានទឹកសាប ការពង្រឹងបណ្តាញ និងការរីក​ចម្រើននៃការងារការពាររបស់យើង។
 
ដោយឈរលើភាពជោគជ័យ នៃសន្និបាតសលកស្តីពី ស្រ្តី និងទន្លេ ដែលធ្វើឡើងកាលពី​ឆ្នាំ​២០១៩ និងការងារដែលសម្រេចបាន អង្គការអុកស្វាម អង្គការទន្លេអន្តរជាតិ វិទ្យាស្ថាន​អភិរឌ្ឍន៍បើកទូលាយ វិទ្យាស្ថានសហគមន៍មេគង្គ សកលវិទ្យាល័យម៉ែហ្វាហ្លួង បណ្តាញ​ស្រ្តី​ជនជាតិដើម ភាគ​តិចនៅអាស៊ី និងដៃគូដទៃទៀត បានរៀបចំសន្និបាតលើកទីពីរនេះ ដែលផ្តោតសំខាន់លើ តំបន់អាស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com