អន្តរជាតិ
ដាណឺម៉ាក បញ្ជាឱ្យក្រុមហ៊ុន Samyang ប្រមូលមីចូលស្តុកវិញ ដោយសារហឹរពេក
13, Jun 2024 , 10:39 am        
រូបភាព
រូបភាព Snacking NZ
រូបភាព Snacking NZ
ក្រោយពិនិត្យឃើញមានផ្ទុកសារធាតុហឹរខ្លាំងពេក អាជ្ញាធរដាណឺម៉ាក នៅថ្ងៃទី១១ ខែមិថុនា បានបញ្ជាឱ្យក្រុមហ៊ុន Samyang ប្រមូលមីចូលស្តុកវិញ ដោយសារសារធាតុហឹរ (capsaicin) នៅក្នុងមីមានកម្រិតខ្ពស់ពេក ដែលអាចបង្កឱ្យអ្នកបរិភោគពុល។




មី «Fire Chicken» របស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samyang ចំនួន ៣ប្រភេទដូចជា Buldak Hot Chicken Ranmen 3x Spicy, Buldak Hot Chicken Ramen 2x និង Hot Chicken Stew កំពុងមានភាពពេញនិយមខ្លាំងនៅជុំវិញពិភពលោក។ ប្រជាជននៅបណ្តាប្រទេសជាច្រើន បានប្រជែងគ្នាញាំមីប្រភេទនេះ ដើម្បីមាតិកាជាវីដេអូ ដោយសារវាហឹរខ្លាំង។ 
 
យ៉ាងណាមិញ អាជ្ញាធរដាណឺម៉ាក បានបញ្ជាឱ្យក្រុមហ៊ុន Samyang ប្រមូលមីរបស់ខ្លួនចូលស្តុកវិញ ក្រោមហេតុផលអាចធ្វើឱ្យអ្នកប្រើប្រាស់ពុល។
 
«កម្រិតហឹរ (capsaicin) នៅក្នុងមី Buldak Hot Chicken Ranmen 3x Spicy, Buldak Hot Chicken Ramen 2x និង Hot Chicken Stew គឺខ្ពស់ខ្លាំង ដែលអាចបង្កឱ្យអ្នកប្រើប្រាស់ពុល»។ សារព័ត៌មាន CNN បានស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាហារដាណឺម៉ាកដែលចេញនៅថ្ងៃទី១១ ខែមិថុនាបែបនេះ។ យ៉ាងណាមិញ អាជ្ញាធរដាណឺម៉ាក មិនបានបញ្ជាក់នោះទេ ថាតើការបញ្ជាឱ្យប្រមូលចូលស្តុកវិញ បង្កដោយឧបទ្ទវហេតុណាមួយ។ 
 
ពាក់ព័ន្ធនឹងការបង្គាប់ខាងលើ អ្នកនាំពាក្យក្រុមហ៊ុនមី Samyang បានចេញមុខបកស្រាយថា បទបញ្ជាឱ្យប្រមូលមីចូលស្តុកវិញ មិនមែនបង្កដោយបញ្ហាគុណភាពឡើយ។
 
«វាគឺដោយសារមីហឹរពេក ដែលអាចបង្កជាបញ្ហា»។ អ្នកនាំពាក្យក្រុមហ៊ុន បានប្រាប់សារព័ត៌មាន CNN បែបនេះ ដោយបន្តថា នេះជាលើកដំបូង ដែលមានការអំពាវនាវឱ្យប្រមូលចូលស្តុកវិញ ដោយសារបញ្ហាមីហឹរខ្លាំងពេក។
 
ប្រភេទមី Fire Chicken ឬ Buldak ជាភាសាកូរ៉េ ត្រូវបានអភិវឌ្ឍដោយប្រធានប្រតិបត្តិក្រុមហ៊ុន Samyang លោកស្រី Kim Jung-soo។ ត្រូវបានដាក់លក់នៅក្នុងឆ្នាំ២០១២ មី Buldak មានការពេញនិយមខ្លាំង ជាពិសេសពីសំណាក់អ្នកផលិតមាតិកាបរិភោគអាហារ តាមរយៈការប្រកួតប្រជែង «Fire Noodles Challenge»។
 
សូមបញ្ជាក់ថា ក្រុមហ៊ុន Samyang បានផលិតមីលក់ដំបូងនៅក្នុងឆ្នាំ ១៩៦៣ ក្នុងអំឡុងពេលកូរ៉េខាងត្បូង ប្រឈមបញ្ហាវិបត្តិស្បៀងអាហារ និងភាពក្រីក្រ ក្រោយសង្រ្គាមឧបទ្វីបកូរ៉េ៕ 

Tag:
 ដាណឺម៉ាក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com