អន្តរជាតិ
តើកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនមានន័យយ៉ាងណាចំពោះសង្រ្គាមអ៊ុយក្រែន?
16, Jun 2024 , 8:30 am        
រូបភាព
តើកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនមានន័យយ៉ាងណាចំពោះសង្រ្គាមអ៊ុយក្រែន? AP - Andrew Medichini
តើកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនមានន័យយ៉ាងណាចំពោះសង្រ្គាមអ៊ុយក្រែន? AP - Andrew Medichini
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
បន្ទាប់ពីអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ុយក្រែនបានទាក់ទាញប្រទេសមហាអំណាចធំជាងគេ គឺសហរដ្ឋអាមេរិក ឲ្យចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយខ្លួន។ នៅថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា នៅក្រៅក្របខ័ណ្ឌនៃជំនួបកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ហ្សេ ៧ នៅប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡេនស្គីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំដែលមានគោលដៅ ពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន នៅចំពោះមុខការវាយប្រហារឈ្លានពានរបស់រុស្ស៊ី។

នៅប្រទេសអ៊ីតាលី ប្រធានាធិបតីអ៊ុយក្រែនទទួលដំណឹងល្អជាបន្តបន្ទាប់គ្នា។ បន្ទាប់ពី ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ហ្សេ ៧យល់ព្រមផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារ ជាមួយការយក ការប្រាក់បានមកពីទ្រព្យសកម្មរបស់រុស្ស៊ីដែលក្រុមប្រទេសហ្សេ ៧ចាប់បង្កកទៅធានាបញ្ចាំ ដើម្បីជួយអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡេនស្គី នៅបានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយអាមេរិក។ នៅក្នុងសន្និសីទកាសែត ក្រោយពិធីចុះហត្ថលេខាជាមួយប្រធានាធិបតីអាមេរិក លោកចូ បៃដិន ប្រមុខដឹកនាំអ៊ុយក្រែនបានចាត់ទុកកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអាមេរិកថា ជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ត ជាស្ពាននាំយកអ៊ុយក្រែនទៅចូលជាសមាជិករបស់អង្គការអូតង់។
 
អាមេរិកផ្ទាល់ធ្លាប់និយាយថា អ៊ុយក្រែនអាចដាក់ពាក្យចូលជាសមាជិករបស់អូតង់ ប៉ុន្តែ មិនមែននៅក្នុងដំណាក់កាលដែលកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយរុស្ស៊ីឡើយ។ ទោះអ៊ុយក្រែនមិនមែនជាសមាជិក ពោលគឺមិនអាចទទួលប្រយោជន៍ពីមាត្រាទី៥របស់អូតង់ ដែលចែងពីការចូលធ្វើសង្រ្គាមរបស់អូតង់ ក្នុងករណីប្រទេសសមាជិករងការវាយប្រហារ ប៉ុន្តែ នៅក្នុងសន្និសីទកាសែតរួមជាមួយលោកហ្សេឡេនស្គី លោកប្រធានាធិបតី ចូ បៃដិនអះអាងថា កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីអាមេរិក និងអ៊ុយក្រែន ជាសារប្រាប់មេដឹកនាំរុស្ស៊ីថា អាមេរិកនឹងការពារសម្ព័ន្ធមិត្តអ៊ុយក្រែននៅពេលនេះ និងថ្ងៃអនាគត។
 
បើតាមលោកចូ បៃដិន ការបោះមួយជំហានធំរបស់ក្រុមប្រទេសហ្សេ ៧ តាមរយៈការផ្តល់ប្រាក់កម្ចីដ៏មហាសាលជួយអ៊ុយក្រែន និងការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក បង្ហាញថា ក្រុមប្រទេសហ្សេ ៧ មិនរួញរា ដកថយ តាមការប៉ងចង់បានរបស់លោកពូទីន។
 
កិច្ចព្រមព្រៀងសន្តិសុខអាមេរិក អ៊ុយក្រែន សម្រាប់រយៈពេល១០ឆ្នាំ មានចែងពីការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដូចជា ការផ្តល់ថវិកា ការកសាងកងទ័ពអ៊ុយក្រែន តាមរយៈការបណ្តុះបណ្តាលកងទ័ព ការផ្តល់សព្វាវុធ និងការសហការទ្វេភាគីដើម្បីពង្រឹងឧស្សាហកម្មយោធាអ៊ុយក្រែន។ យោងតាមកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី នៅក្នុងករណីដែលអ៊ុយក្រែនរងការវាយប្រហារ អ្នកទទួលខុសត្រូវអាមេរិក និងអ៊ុយក្រែនត្រូវជួបនិយាយគ្នា ក្នុងរយៈពេល២៤ម៉ោងដើម្បីរិះរកវិធីវាយបកវិញ ឬកំណត់តម្រូវការបន្ទាន់របស់អ៊ុយក្រែនដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។
 
កិច្ចព្រមព្រៀងស្តីពីសន្តិសុខទ្វេភាគី ដែលអាមេរិកបានចុះហត្ថលេខាជាមួយអ៊ុយក្រែន ស្រដៀងគ្នានឹងកិច្ចព្រមព្រៀងសន្តិសុខដែលអាមេរិកបានធ្វើជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល ដែលមាននិយាយពីការផ្តល់សព្វាវុធជួយអ៊ីស្រាអែល នៅក្នុងការធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន។
 
ក្រៅពីអាមេរិក ប្រធានាធិបតីអ៊ុយក្រែននៅបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយនាយករដ្ឋមន្រ្តីជប៉ុន។ គិតចាប់តាំងពីរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន មានប្រទេស១៥ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន ក្នុងក្តីរំពឹងជួយអ៊ុយក្រែនទប់ទល់ការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ កិច្ចព្រមព្រៀងសន្តិសុខអាមេរិក អ៊ុយក្រែនដែលអមទៅជាមួយជំនួយ លំហូរសព្វាវុធលោកខាងលិចចូលអ៊ុយក្រែន អាចជាសារលើកទឹកចិត្តកងទ័ពអ៊ុយក្រែន ដែលកំពុងធ្លាក់ចុះដៃ ជាពិសេស នៅតំបន់ខាគីវដែលរងការវាយប្រហារកាន់តែសន្ធប់របស់កងទ័ពរុស្ស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com