ជាតិ
ឈប់រៀនត្រឹមឆ្នាំ២ យុវតី ថេង ដាលីន ងាកមក​បើករបរចាក់វត្ថុអនុស្សាវរីយ៍លក់តាមម៉ូតូ
22, Jun 2024 , 8:09 pm        
រូបភាព
 
ភ្នំពេញ៖ កញ្ញា ថេង ដាលីន ​បាន​បោះបង់​ការសិក្សា​​ត្រឹម​ឆ្នាំទី២ ដើម្បី​ចាប់យក​អាជីព​ជា​អ្នក​ចាក់វត្ថុអនុស្សាវរីយ៍​លក់លើម៉ូតូ។ ជារបរមួយដែលកើតចេញពីក្តីស្រឡាញ់ យុវតីវ័យ២៤ឆ្នាំរូបនេះ បានចាក់រូបតុក្កតា ផ្កា កាបូប និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត តម្រៀបយ៉ាងស្រស់ស្អាត ដាក់​លក់នៅខាងមុខសាលារៀន។ បើទោះ ដាលីន ចាប់ផ្តើមលក់បានរយៈពេល ៣ខែក៏ពិតមែន តែមានអតិជនគាំទ្រច្រើនជាហូរហែ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សែម ប្រាក់ដាវ នៃសារព័ត៌មានថ្មីៗ២៥ ​និង​កញ្ញា ថេង ដាលីន ដូចតទៅ៖

 

ជារៀងរាល់ថ្ងៃ កញ្ញា ថេង ដាលីន និងមិត្តភក្តិ តែងអង្គុយចាក់រូបក្រោមដើមឈើ ក្បែររបងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ តុក្កតា ផ្កា កាបូប បណ្តោងសោ និងវត្ថុអនុស្សាវរីយ៍ស្អាតៗទាំងអស់នេះ ត្រូវបាន ដាលីន ចាក់ដោយដៃផ្ទាល់។ ជារបរដែលមិនសូវប្រើដើមទុនច្រើន ប៉ុន្តែ ដាលីន ត្រូវចំណាយពេល និងគំនិតច្នៃប្រឌិតប្លែកថ្មីៗជាច្រើន។ 
 
អ្នកចាក់វត្ថុអនុស្សាវរីយ៍ក្បែររបងសាលារូបនេះ  ចាប់ផ្តើមលក់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៦ល្ងាច។ យុវតីវ័យ២៤ឆ្នាំរូបនេះ បានចាប់ផ្ដើមមុខរបរនេះប្រមាណ ១ឆ្នាំហើយ ប៉ុន្តែនាង ទើបលក់លើម៉ូតូបាន៣ខែប៉ុណ្ណោះ ក្រោយបោះបង់ការសិក្សា។ ជាធម្មតា កញ្ញា ដាលីន លក់វត្ថុអនុស្សាវរីយ៍ទាំងនេះតាមប្រព័ន្ធអនឡាញ ប៉ុន្តែដោយមើលឃើញថាមានអតិថិជនគាំទ្រច្រើន ទើប ដាលីន សម្រេចចិត្តចាក់លក់លើម៉ូតូវិញ។ ចំពោះ អតិថិជនរបស់កញ្ញា ដាលីន ភាគច្រើន ជាសិស្ស និស្សិត និងអ្នកដំណើរឆ្លងកាត់ទៅមក។
 
មែន​ទែន​ទៅ​ យុវតី​ ថេង ដាលីន​ ចេះចាក់រូប​វត្ថុអនុស្សាវរីយ៍ទាំងនេះ តាមរយៈបណ្ដាញ​សង្គម​យូធូប។ នេះ​ជារបរមួយតែ ដាលីន ស្រឡាញ់ និងមានគោលដៅចង់បង្កើតរបរតូចមួយតាមក្តីស្រមៃរបស់ខ្លួន។ អង្គុយចាក់រូបបណ្តើរ កញ្ញា ថេង ដាលីន​ រៀបរាប់បណ្តើរថា៖ «ខ្ញុំ​បានសម្រេចបោះបង់ការសិក្សា ហើយងាកមកចាប់អាជីពចាក់វត្ថុអនុស្សាវរីយ៍នេះ ដោយមានការលើកទឹកចិត្តពីឪពុកម្តាយ»។
  

កញ្ញា ថេង ដាលីន ជាអ្នកលក់វត្ថុអនុស្សាវរីយ៍លើម៉ូតូ

វត្ថុអនុស្សាវរីយ៍របស់កញ្ញា ថេង ដាលីន មានតម្លៃចន្លោះចាប់ពី ១ដុល្លារ ដល់ ២៥ដុល្លារ ដោយក្នុងមួយថ្ងៃអាចចំណេញបាន ៣០ដុល្លារ ទៅ៤០ដុល្លារ។ ក្នុងមួយថ្ងៃ កញ្ញា ដាលីន អាចចាក់បានប្រមាណ៤ទៅ៥រូបតែប៉ុណ្ណោះ ដោយរូបនីមួយៗចំណាយពេលពីកន្លះម៉ោង ទៅមួយម៉ោង។ ដាលីន សង្កេតឃើញថា  ការ​ចាក់​​រូបនាពេល​បច្ចុប្បន្ននេះ មិនសូវមានយុវវ័យ និងក្មេងៗ ចេះចាក់នោះទេ ភាគច្រើនអ្នកចាក់លក់សុទ្ធសឹងជាមនុស្សចាស់។ 
 
កញ្ញា ថេង ដាលីន បន្តថា៖ «របរចាក់រូបនេះ មិនធំដុំនោះទេ ប៉ុន្តែវាអាចរកចំណូលបានសមល្មម និងបំបាត់ភាពអផ្សុកផងដែរ។ ការចាក់វត្ថុអនុស្សវរីយ៍ទាំងនេះ ត្រូវការភាពអត់ធ្មត់ និងព្យាយាមអង្គុយចាក់ទាំងថ្ងៃ ទាំងយប់ ទើបយើងទទួលបានផ្លែផ្កា»។  
 
ព្រោះតែការស្រឡាញ់អាជីពចាក់​វត្ថុអនុស្សាវរីយ៍ យុវតីនៅរាជធានីភ្នំពេញរូបនេះ ជឿជាក់ថា ខ្លួននឹងអាចសម្រេចជោគជ័យលើអាជីពមួយនេះ នឹងគ្រោងបើកហាងនៅឆ្នាំក្រោយផងដែរ។  កញ្ញា ថេង ដាលីន លើកទឹកចិត្តដល់យុវជន និងក្មេងៗ បើស្រឡាញ់អាជីពមួយនេះ ត្រូវហ៊ានប្រឈមបញ្ហា និងមាន​ភាពអត់ធ្មត់ ដើម្បីចាក់រូបឱ្យមានភាពស្រស់ស្អាត។ កញ្ញា ដាលីន សប្បាយចិត្តដែលទទួលបានការគាំទ្រច្រើនពីអតិថិជនជារៀងរាល់ថ្ងៃ៕ 
 

Tag:
 របរលក់វត្ថុអនុស្សាវរីយ៍
 ចាក់រូប
© រក្សាសិទ្ធិដោយ thmeythmey.com