ជាតិ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើឱ្យផ្អាកតំណែង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន
24, Jun 2024 , 2:03 pm        
រូបភាព
លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។ រូបពី ក្រសួងព័ត៌មាន
លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។ រូបពី ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើ ទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកតំណែង ក្រោយពីមានជម្លោះជាមួយលោក ហូ ទី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់។

 
កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ករណីជម្លោះរវាងលោក ស ប៊ុនសឿង និងលោក ហូ ទីអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ បានស្រាវជ្រាវបន្ថែម ដើម្បីពិនិត្យពីដំណើរ
រឿងរ៉ាវដែលកើតឡើង។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃនេះយ៉ាងខ្លីថា លោក ស ប៊ុនសឿង ​និងលោក ហូ ទ្រី មានជម្លោះពាក្យសម្ដីនឹងគ្នា។ 
 
ក្នុងសេចក្ដីប្រកាសព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ កាលពីថ្ងៃទី២១ មិថុនា។ ក្រោយពីស្តាប់របាយការណ៍ និងពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ហើយ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទយ៉ាងដូច្នេះ៖ «ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។ 
 
ជាមួយគ្នាដែរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចរៀបចំសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រមអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦។ ក្នុងមាត្រា៤៦នេះ បានចែងថា មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com