ជាតិ
សង្គមជាតិ
បក្សដើម្បីកម្ពុជា ស្នើឱ្យក្រសួងយុត្តិធម៌ ចេញអធិបញ្ជាលើតុលាការ ប្ដូបទចោទលោក ស្រី ស៊ីណា ទៅឃាតកម្មគិតទុកជាមុន
24, Jun 2024 , 6:49 pm        
រូបភាព
លោក ស្រី ស៊ីណា ត្រូវបានតុលាការសម្រេចចោទ ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត។ ជាមួយគ្នានេះ តុលាការបានសម្រេចបែងចែកករណីនេះ ជា២សំណុំរឿង។ ត្រង់ចំណុចនេះ គណបក្សដើម្បីកម្ពុជា បានកត់សម្គាល់ថា ការសម្រេចចោទប្រកាន់លើបុគ្គល ស្រី ស៊ីណា ជា២សំណុំរឿងនេះ ជាបទល្មើសស្រាល ដែលមិនអាចឱ្យសាធារណជនទទួលយកបាន។



ផ្អែកតាមការស្រាវជ្រាវខាងលើ តុលាការសម្រេចបែងចែកករណីខាងលើជា២សំណុំរឿង កាលពីថ្ងៃទី២២ មិថុនា។ សំណុំរឿងទី១ ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារបណ្ដាលឱ្យជនរងគ្រោះ២នាក់ស្លាប់នេះ តុលាការបានចោទប្រកាន់លើលោក ស្រី ស៊ីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ 
 
ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ អង្គហេតុនេះ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើបុគ្គលនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
 
ក្រោយដាក់បទចោទនេះ ក្រសួងយុត្តិធម៌ ដែលបានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ បានស្នើឱ្យតុលាការធានាថា ច្បាប់ត្រូវបានអនុវត្តដោយ «ត្រឹមត្រូវ» និង «ម៉ឺងម៉ាត់» នៅក្នុងករណីនេះ ។ ជាពិសេសធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ។ ដោយឡែកអ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។
 
ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៅកម្ពុជា ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៣ មិថុនា ក៏បានស្នើឱ្យតុលាការសម្រេចទោសលើសំណុំរឿងទាំងពីរខាងលើនេះ ដោយមិនត្រូវស្រូបបញ្ចូលគ្នាឡើយ។ 
 
តែយ៉ាងណាគណបក្សដើម្បីកម្ពុជា បានកត់សម្គាល់ថា ការសម្រេចចោទប្រកាន់លើបុគ្គល ស្រី ស៊ីណា ជា២សំណុំរឿងនេះ ជាបទល្មើសស្រាល ដែលមិនអាចឱ្យសាធារណជនទទួលយកបាន។ គណបក្សដើម្បីកម្ពុជា បានដាក់លិខិតស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យចំណាត់ការតុលាការ លើករណីសំណុំរឿងលោក ស្រី ស៊ីណា។
 
ក្នុងលិខិតដាក់ទៅក្រសួងយុត្តិធម៌ នាថ្ងៃទី២៤ មិថុនានេះ គណបក្សដើម្បីកម្ពុជា បានលើកយកទម្រង់និងចរិតលក្ខណៈនៃអង្គហេតុ ចំនួន៤ចំណុច ឱ្យស្ថាប័នយុត្តិធម៌ ពិនិត្យ និងពិចារណា។ ក្នុងនោះ គណបក្សដើម្បីកម្ពុជា បានលើកឡើងថា បុគ្គល ស្រី ស៊ីណា មានគំនុំគុំគួន និងមានការៀបចំអាវុធទុកជាមុន។ ត្រង់ចំណុចនេះ គណបក្សដើម្បីកម្ពុជា បានគូសបញ្ជាក់ថា នៅពេលជនល្មើសទៅដល់ផ្ទះជនរងគ្រោះ គឺមានកាំភ្លើងសៀតនៅចង្កេះរួចហើយ ដែលជាការរៀបចំទុកមុន និងមានគម្រោងសម្លាប់មនុស្សពេញទី។
 
ចំណុចទី២ គឺភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាលើអង្គហេតុ ដែលជនល្មើស មានគំនុំគុំគួនជាមួយជនរងគ្រោះ។ ត្រង់នេះ គណបក្សដើម្បីកម្ពុជា បានលើកពីមូលហេតុ ដែលនាំឱ្យជនល្មើសបាញ់ប្រហារទៅលើជនរងគ្រោះនោះ គឺកើតចេញពីជម្លោះនៃការកាប់មែកស្វាយ វាយកំទេចផើងផ្កា និងស្នួហាលខោអាវ ដែលជាដើមចមធ្វើឱ្យជនល្មើសគុំគួនជាមួយជនរងគ្រោះ ។
 
អង្គហេតុទី៣នោះ គឺជនល្មើសមានចរិតលក្ខណៈសាហាវ និងព្រៃផ្សៃ ដោយរូបគេបានបាញ់ប្រហារទៅលើជនរងគ្រោះ៤នាក់ ដោយក្នុងនោះ មានជនរងគ្រោះ២នាក់ស្លាប់ និង២នាក់ទៀត រងរបួស។ ប៉ុន្តែបើមើលតាមវីដេអូ ដែលបានបែកធ្លាយនោះ បុគ្គល ស្រី ស៊ីណា បានព្យាយាមផ្ដាច់ជីវិតជនរងគ្រោះ ២នាក់ ដែលរងរបួសនោះទៀត ពោលគឺរូបគេ ចង់សម្លាប់ទាំង៤នាក់តែម្ដង។ «ហេតុនេះ ជនដៃដល់ គឹជាបុគ្គលដែលសាហាវហ៊ានលើកដៃសម្លាប់មនុស្សជាច្រើនមិនញញើតដៃ និងគ្មានធម៌មេត្តាសោះឡើយ»។ នេះបើតាមគណបក្សដើម្បីកម្ពុជា។
 
ដោយសារមើលឃើញពីអង្គហេតុនីមួយៗនេះ ទើបគណបក្សដើម្បីកម្ពុជា គិតថា ការសម្រេចរបស់តុលាការ ក្នុងការចោទប្រកាន់លើបុគ្គល ស្រី ស៊ីណា ជា២សំណុំរឿងនេះ ជាបទល្មើសស្រាល ដែលមិនសមស្របនឹងអង្គហេតុ និងព្យសនកម្មជាក់ស្ដែងឡើយ។ សម្រាប់គណបក្សនយោបាយមួយនេះ ចរិតលក្ខណៈនៃអង្គហេតុខាងលើ គឺមានធាតុផ្សំគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លើបុគ្គល ស្រី ស៊ីណា ពីបទឃាតកម្មគិតទុកជាមុន ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
 
«ហេតុនេះ ស្ថាប័នអយ្យការ គឺស្ថាប័នទទួលបន្ទុកចោទប្រកាន់ណាមួយ ប្រឆាំងអំពើល្មើស និងបទល្មើសព្រហ្មទណ្ឌតំណាងឱ្យជនរងគ្រោះ ក្នុងគោលដៅពិនិត្យ និងអត្ថិភាពនៃបទល្មើស បង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្ដន្ទាទោសជននេះតាមច្បាប់កំណត់។ ប៉ុន្តែបើស្ថាប័នអយ្យការខ្ជីខ្ជា មិនស៊ើបអង្កេតប្រមូលអង្គហេតុ និងភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ ចោទប្រកាន់ខុសពីការពិត ពោល បទល្មើសស្រាលទៅជាធ្ងន់ ឬបទល្មើសធ្ងន់ទៅជាស្រាលនោះ នឹងបណ្ដាលឱ្យដំណើការសំណុំរឿងនេះ ក្លាយទៅជាអយុត្តិធម៌ ឬយុត្តិធម៌មិនពេញលេញ សម្រាប់ជនរងគ្រោះ និងភាគីពាក់ព័ន្ធ…»។ នេះបើតាមគណបក្សដើម្បីកម្ពុជា។
 
បើតាមគណបក្សនយោបាយមួយនេះ រឿងក្តីរបស់បុគ្គល ស្រី ស៊ីណា គប្បីកែប្រែបទចោទប្រកាន់លើជនដៃដល់ពីបទឃាតកម្ម ទៅជាបទល្មើសឃាតកម្មគិតទុកជាមុន ដោយផ្អែកតាមអង្គហេតុ និងភស្តុតាង។ គណបក្សដែលទើបបង្កើតថ្មីមួយនេះ បានសង្កត់ធ្ងន់ដូច្នេះ៖«ការកែប្រែបទចោទ ជាការបង្ហាញឱ្យសង្គមទាំងមូល គោរពច្បាប់ ខ្លាចច្បាប់ មិនហ៊ានប្រព្រឹត្តអំពើបៀតបៀនអាយុជីវិតអ្នកដទៃ តាមតែទំនើងចិត្ត តាមកំហឹង គំនុំគុំគួនឡើយ។ ម្យ៉ាងឱ្យប្រជាជនមើលឃើញថា ស្ថាប័នតុលាការជាស្ថាប័នម៉ឹងម៉ាត់ និងត្រឹមត្រូវ»។
 
ជាមួយគ្នានេះ គណបក្សដើម្បីកម្ពុជា បានស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យចំណាត់ការតុលាការ លើករណីសំណុំរឿងលោក ស្រី ស៊ីណា ម្ដងទៀត ដើម្បីជួយជនរងគ្រោះ និងប្រជាជនកម្ពុជា ឱ្យទទួលបានយុត្តិធម៌។ គណបក្សនយោបាយមួយនេះ បានសរសេរក្នុងលិខិតបែបនេះ៖«ស្នើឱ្យក្រសួងយុត្តិធម៌ ពិនិត្យ និងធ្វើអធិបញ្ជា ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកែប្រែការចោទប្រកាន់ពីបទឃាតកម្ម មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ទៅជាបទល្មើស ឃាតកម្មគិតទុកជាមុន មាត្រា ២០០នៃក្រមព្រហ្មទណ្ឌ»។ 
 
ជាមួយគ្នានេះ គណបក្សមួយនេះ បានស្នើសុំក្រសួងយុត្តិធម៌បើកការស៊ើបអង្កេតលើស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា តើមានពាក់ព័ន្ធនឹងអំពើពុករលួយ ទទួលសំណូកពីជនដៃដល់ ឬបក្ខពួក និងឬបុគ្គលមានអំណាចកាងខ្នងដែរឬទេ? ។ គណបក្សដើម្បីកម្ពុជា ក៏ស្នើឱ្យក្រសួងយុត្តិធម៌ អធិការកិច្ចលើស្ថាប័នអយ្យការ ចុះស៊ើបអង្កេតរកអង្គហេតុពិត និងភស្តុតាងពិតគ្រប់ជ្រុងជ្រោយ ដើម្បីជួយការពារ និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
 
«ស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ ដំណើការស៊ើបអង្កេតរឿងក្តីនេះ ឱ្យបានហ្មត់ចត់ និងពន្លឿនឱ្យបានឆាប់រហ័ស ក្នុងគោលដៅឆាប់បានបើកសវនាការផ្តន្ទាសទោសជននេះ ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន»។ គណបក្សដើម្បីកម្ពុជា បន្ថែម។

អត្ថបទទាក់ទង

 
ជុំវិញករណីសំណុំរឿងលោក ស្រី ស៊ីណា នេះ ក្រសួងយុត្តិធម៌ បានកំណត់យកថ្ងៃទី២៧ មិថុនា ដើម្បីធ្វើសន្និសីទកាសែត បកស្រាយលម្អិតពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលប្រព្រឹត្តដោយបុគ្គលរូបនេះ៕

 
 

Tag:
 យុត្តិធម៌
 ច្បាប់
  ស្រី ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com