ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា ប្រកាសតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ
26, Jun 2024 , 7:29 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ។ លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ ដូចជាធនាគារប្រេដ ប៊ែង (ខេមបូឌា) ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ និងធនាគារ អេស៊ីលីដា អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។
 
ប្រធាននាយកប្រតិបត្តិថ្មីរូបនេះ មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។ មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។ 
 
ក្រៅពីការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរដូចជា ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។
  


លោក មិន សុផា បានមានប្រសាសន៍ថា៖ «នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា។ ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ធនាគារ ហត្ថា នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពរឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អ និងយូរអង្វែងរបស់ធនាគារ នៅក្នុងទីផ្សារកម្ពុជា ជាមួយទំនុកចិត្តរបស់ អតិថិជនជាច្រើន ។ ធនាគារមានធនធានបុគ្គលិកដែលមានបទពិសោធខ្ពស់ និងទទួលបាននូវការគាំទ្រពេញទំហឹងពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ក្រុងស្រ៊ី ខ្ញុំមានសេចក្តីសោមនស្សជាពន់ពេកក្នុងការដឹកនាំនាវាធនាគារ ហត្ថា ឆ្ពោះទៅកាន់ភាពរីកចម្រើនជាបន្តបន្ទាប់នៅពេលខាងមុខនេះ។»
 
អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
 
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា៕ 
 
សម្រាប់ព័ត៌មានបន្ថែមអំពីបច្ចុប្បន្នភាពធនាគារ ហត្ថា សូមចូលទៅកាន់៖ https://www.hatthabank.com/ ឬ តាមរយៈផេកហ្វេសប៊ុក https://www.facebook.com/HatthaBankPlc/ 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com