ជាតិ
ក្រសួងធនធានទឹក ស្នើឱ្យមានវិធានការច្បាប់លើជនរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់៧មករា
26, Jun 2024 , 11:29 am        
រូបភាព
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត កាលពីឆ្នាំ២០២៣។ រូបភាព៖ ក្រសួងធនធានទឹក
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត កាលពីឆ្នាំ២០២៣។ រូបភាព៖ ក្រសួងធនធានទឹក
នាពេលថ្មីៗនេះ មានបុគ្គលមួយចំនួនធ្វើសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការទប់ស្កាត់ និងចាត់វិធានការច្បាប់លើជនទាំងអស់នោះ។



បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២៥ មិថុនា ដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។ ផ្អែកលើមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចែងថា «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ដល់១០លានរៀល»។
 
ក្រសួងធនធានទឹក បានអំពាវនាវសាធារណជនឱ្យចូលរួមថែរក្សាការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការពារដីចំណីទន្លេ ស្ទឹង ព្រែក និងទំនប់ អាងទឹក ជាដើម ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់អាជ្ញាពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចូលរួមសហការទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់លើជន ដែលធ្វើសកម្មភាពយកដីចំណីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា៕ 
 

Tag:
 ស្ទឹងព្រែកត្នោត
  ទំនប់អាងទឹក៧មករា
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com