ជាតិ
លោក គួច ចំរើន​ ព្រមានដាក់ទណ្ឌកម្ម​លើមន្ត្រីខ្លួន បើ​បំពានក្រមសីលធម៌ ឬ​រំលោភអំ​ណាច​​​ពេល​​ធ្វើ​​ការ​
02, Jul 2024 , 6:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្ត​កណ្ដាល។ រូបភាពពីរដ្ឋបាលខេត្ត​កណ្ដាល
លោក គួច ចំរើន អភិបាលខេត្ត​កណ្ដាល។ រូបភាពពីរដ្ឋបាលខេត្ត​កណ្ដាល
​លោក គួច ចំរើន អភិបាល​ខេត្ត​កណ្ដាល​ថ្មី នឹង​ដាក់​ទណ្ឌកម្មចំពោះមន្ត្រីក្រោម ឱវាទ ដែល​បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួន។ ក្បាល​ម៉ាស៊ីនដឹកនាំ​​ថ្មី​របស់​ខេត្ត​កណ្ដាលរូបនេះ លើក​ឡើង​ដូច្នេះ នៅក្នុងពិធីសំណេះ​សំណាល​ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​២ កក្កដានេះ។​

 
បន្ទាប់​ពី​ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្ត​កណ្ដាល​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី​១ កក្កដា លោក គួច ចំរើន បាន​រៀបចំ​​ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាល​ខេត្ត​កណ្ដាល នៅព្រឹក​ថ្ងៃទី​២ កក្កដា ក្រោមអធិបតីភាព លោក​ នូ សាខន ប្រធានក្រុមប្រឹក្សា​ខេត្តកណ្ដាល។ 
 
ថ្លែង​ក្នុង​ពិធី​សំណេះសំណាល លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រី​រាជ​ការនៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ​ប្រកបដោយការទទួល​ខុស​ត្រូវខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ។ អភិបាល​ខេត្ត​ថ្មីរូបនេះ ក្រើន​រំឭក​មន្រ្តី​ថា៖ «​ត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយ​ស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដារ បែបបទ និងនីតិវិធី​ជាធរមាន»។
 
រូបភាពពីរដ្ឋបាលខេត្តកណ្ដាល

អភិបាលខេត្ត​វ័យ៥២ឆ្នាំ និង​មាន​បទពិសោធច្រើន​ក្នុងការ​ដឹក​នាំ​​នៅ​រដ្ឋបាល​ខេត្តរូបនេះ​​ បន្ត​​​រំឭកដល់​មន្រ្តីទាំងអស់ ត្រូវ​​​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ ​ការទទួលខុសត្រូវ និងភាព​ស្អាត​ស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ។ ជាមួយ​គ្នានេះ​ លោក គួច ចំ​រើន នឹង​ចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រី ដែលបំពានក្រម​សីល​ធម៌​វិជ្ជាជីវៈ រំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ច។
 
នា​ពិធី​សំណេះសំណាលដដែល អភិបាល​ខេត្ត​កណ្ដាល​ថ្មីនេះ ក៏​បាន​ណែនាំ​ដល់កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសក្មេងទំនើង​។ នេះបើតាម​រដ្ឋបាលខេត្ត​កណ្ដាល។
 
សូម​បញ្ជាក់ថា លោក គួច ចំរើន ត្រូវ​បាន​ព្រះករុណា ព្រះ​មហាក្សត្រ ផ្ទេរ និង​តែង​តាំង​ជា​អភិបាលខេត្ត​កណ្ដាល តាមរយៈព្រះរាជក្រឹត្យមួយ​ចុះ​​ថ្ងៃ​ទី​២៤ ខែមិថុនា។ មុន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កណ្ដាលនេះ​ លោក គួច ចំរើន បាន​កាន់​តួនាទី​ជា​អភិបាល​ព្រះ​សីហនុ បាន​រយៈពេល ៥ឆ្នាំ ពោល​ចាប់តាំង​ពី​ឆ្នាំ​២០១៩មក​៕​

រូបភាពពីរដ្ឋបាលខេត្តកណ្ដាល

Tag:
 គួច ចំរើន​
  កណ្ដាល
  ក្រម​សីល​ធម៌​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com