ជាតិ
សេដ្ឋកិច្ច
​លោ​ក​​​សុ​ន​ ​ឆ័​យ​៖​ ​ចំ​​​ណូ​ល​​​​​តំ​ប​ន់​​​​​អ​ង្គ​រ​​​​​មា​ន​​​​​ភា​ព​មិ​ន​​ប្រ​​ក្រ​តី​​​ ​និ​ង​​​​មា​ន​​កា​រ​​លា​ក់​បាំ​ង​​ឯ​ក​សា​រ​​ច្រើ​ន​
22, Dec 2014 , 3:25 pm        
រូបភាព
អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា លោក សុន ឆ័យ មាន​ប្រសា​ស​ន៏​ថា ចំណូល​នៅ​តំបន់​អង្គរ​មាន​ភាពមិនប្រក្រតី និង​មានការ​លាក់បាំង​ឯកសារ​ពិតជា​ច្រើន។ ការអះអាង​របស់លោក សុន ឆ័យ​បែបនេះ គឺធ្វើឡើង​ក្រោយពី​ជំនួប​សាកសួរ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃ២២ធ្នូ​នេះ ទាក់ទង​ការគ្រប់គ្រង​ប្រាសាទអង្គរវត្ត និង​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ អង្គរវត្ត។



ក្រោយពី​ជំនួប​សាកសួរ​អាជ្ញាធរ​ជាតិ​អប្សរា ទាក់ទង​ការគ្រប់គ្រង​ប្រាសាទអង្គរវត្ត និង​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​រួចមក។ លោក សុន ឆ័យ អនុប្រធាន​គណៈកម្មាកា​រ​ទី២នៃ​រដ្ឋសភា​មាន​ប្រសា​ស​ន៏​ថា ការគ្រប់គ្រង​និង​ចំណូល​នៅ​តំបន់​អង្គរ​មាន​ភាពមិនប្រក្រតី និង​មានការ​លាក់បាំង​ឯកសារ​ពិតជា​ច្រើន។ លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​ការបង្ហាញ​រប​ស់​អាជ្ញាធរ​អប្សរា គឺមាន​ភាពមិនច្បាស់លាស់ និង​មិន​ត្រឹមត្រូវ​ដូចជា​អ្វីដែល​ក្រុមការងារ​លោក​បាន​សិក្សា​កន្លងមក​នោះទេ។ ហើយ​លោក​នឹង​បន្ដ​ការស៊ើបអង្កេត ដាក់​ការសង្ស័យ​បន្ថែមទៀត​ចំពោះ​បញ្ហា​នេះ។

លោក​សុន ឆ័យ​ពន្យល់ថា៖«បើតាម​ឯកសារ​មួយចំនួន ដែល​ខ្ញុំ​ទទួលបាន​គឺមាន​ភ្ញៀវទេសចរ មក​កម្ពុ​ជាមាន​ចំនួន​ជិត៥លាន​នាក់ ប៉ុន្ដែ​អាជ្ញាធរ​ថា​មានតែ​ជាង១លាន​នាក់។ តែ​មិនមាន​ឯកសារ​បង្ហាញ​ឲ្យ​ច្បាស់​ដល់​ខ្ញុំ​ទេ។ ពេល​សួរ​ពី​បញ្ហា​ជួល​ដី​តំបន់​អង្គរ គេ​ថា​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន(ឧក​ញា​សុខ គង់) តែ២៣ហិច​តា​ទេ ហើយ​ដី​នេះ​ជួល​មួយឆ្នាំ៩លាន​ដុល្លា។ តែ​មិនមាន​ឯកសារ​បញ្ជាក់​ឲ្យ​ច្បាស់​ឲ្យ​ខ្ញុំ​សោះ។ ហើយ​មានការ​បែងចែក​លុយ​មាន​ភាពមិនប្រក្រតី។ តែ​ពួកគេ​ថា​បាន​ចំណាយ​ប្រាក់ចំនូល១៥ភាគរយ​ទៅ​ការអភិវឌ្ឍន៍។ នៅពេល​សុំ​មើល​ឯកសារ​ក៏​មានការ​លាក់បាំង​មិន​ផ្ដល់​ឲ្យ​ខ្ញុំ​ទេ។ តែ​យើង​នឹងធ្វើ​ការស៊ើបអង្កេត​ពី​បញ្ហា​នេះ​បន្ដទៀត»។

លោក សុន ឆ័យ បញ្ជាក់ទៀតថា  លោក​នឹង​យក​ឯកសារ​ដែល​ប្រមូលបាន​ទាំងនេះ យកទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ដែល​លោក​បាន​សិក្សា​កន្លងមក។ ហើយ​លោក​នឹង​បន្ដ​ពិភាក្សា និង​ពិចារណា​បន្ថែមទៀត​ចំពោះ​បញ្ហា​នេះ ជាមួយ​លោក ជាម យៀប ប្រធាន​គណៈកម្មាការ​ទី២នៃ​រដ្ឋសភា។

លិខិត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃទី២៥ខែវិច្ឆិកា​កន្លងមក​បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​ការប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល ទស្សនា​អង្គរវត្ត​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពី​ស្ថាប័នរដ្ឋ​អស់​មួយ​រយៈពេល ដោយ​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រសិទ្ធ​ភាពទន់ខ្សោយ ទើប​រាជរដ្ឋាភិបាល​បានធ្វើការ​សម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង ការប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ជំនួស​ស្ថាប័នរដ្ឋ​វិញ ។ ប៉ុន្តែ​អាជ្ញាធរ​អប្សរា​មិនបាន​ដាក់បញ្ចាំ ឬ​ជួល​ប្រាសាទអង្គរវត្ត​ទៅ​ឲ្យ ក្រុមហ៊ុន​ឯកជន ឬ​បរទេស​រយៈពេល៩៩ឆ្នាំ ដូច​ការលើកឡើង​ឡើយ។

អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​ប្រាក់ចំណូល​ទាំងនោះ​បាន​ទៅដល់​រតនាគារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​មិនមាន​ការឆ្លងកាត់​អាជ្ញាធរ​អប្សរា​ទេ។ អាជ្ញាធរ​បញ្ជាក់ថា​ការជួល​ទៅ ក្រុមហ៊ុន​ឯកជន​ប្រមូល​ចំណូល​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​កិច្ចសន្យា​រៀងរាល់៥ឆ្នាំ​ម្តង ហើយ​ចំណែក​នៃ​ចំណូល​ត្រូវ​បង់ពន្ធ​លើ​តម្លៃបន្ថែម(VAT១០ភាគរយ) បង្កើត​មូលនិធិ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ(១៥ភាគរយ) ដក​ចំណែក​របស់​ក្រុមហ៊ុន១៥ភាគរយ ហើយ​ប្រាក់​នៅសល់​បង់​ចូល​ថវិការដ្ឋ​ទាំងស្រុង។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ចំណូល​បានមកពី​ការចូល​ទស្សនា ប្រាសាទអង្គរវត្ត​នៅ​ឆ្នាំ២០១៤ ក្នុង​រយៈពេល១០ខែ មាន​ទៅ​ជាង៤៧លាន​ដុល្លារ។ ចំណែក​នៅក្នុង២០១៣ ចំណូល​សរុប​ពី​ការលក់​សំបុត្រ​ទស្សនា​ទៅដល់៥៧លាន​ដុល្លារ។ ចំពោះ​បញ្ហា​ចំណូល​នេះ លោក​សុន ឆ័យ​បញ្ជាក់ថា មិន​ត្រឹមត្រូវ​នោះទេ។ បើតាម​លោក សុន ឆ័យ ចំណូល​ពី​ការលក់​សំបុត្រ​តាម​ទិន្នន័យ​ដែល​លោក​ទទួលបាន គឺមាន​ចំនួន​យ៉ាងតិច១៦០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com