សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
ការផ្គត់ផ្គង់​អគារ​ខុន​​ដូ​​នៅ​​ភ្នំ​ពេ​ញ​​កើ​ន​​ប្រ​ចាំ​ឆ្នាំ​២​០​ភា​គ​រ​យ​ ​ក្នុ​ង​​រ​យៈ​ពេ​ល​ ​៦​ឆ្នាំ​
25, Dec 2014 , 4:46 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិត​ចាប់ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៤នេះ ក្នុងចំណោម​គម្រោង​អគារ​ខុន​ដូ​សរុប​ចំនួន ៣០ មាន​គម្រោង​ចំនួន ១៣ ត្រូវបាន​បញ្ចប់​រួចរាល់ ដោយ​នាំមក​នូវ​ការផ្គត់ផ្គង់​យូ​និ​ត​ខុន​ដូ​សរុប​ចំនួន ៣០៩០ ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ ២០ភាគរយ។ នេះ​បើតាម​ការសិក្សា​ទីផ្សារ​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​របស់​ក្រុមហ៊ុន Century 21 ។

ការសិក្សា​ស្តីពី​ទីផ្សារ​ខុន​ក្នុង​ឆ្នាំ ២០១៤នេះ បាន​បង្ហាញថា ទីផ្សារ​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ កំពុង​តែមាន​សន្ទុះ​ខ្លាំង ខណៈពេលដែល​ការផ្គត់ផ្គង់​អគារ​ខុន​ដូ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​ចំនួន​មួយ​មិនទាន់​អាចឆ្លើយតប​នឹង​តម្រូវការ​នៅ ឡើយ។

អត្រាកំណើន​នៃ​ការផ្គត់ផ្គង់​យូ​និ​ត​ខុន​ដូ​ត្រូវបាន​គេ​រំពឹងថា នឹង​ស្ទុះ​ឡើង​ខ្លាំង​ចាប់ពី​ឆ្នាំ ២០១៤ តទៅ ដោយសារតែ​គម្រោង​អភិវឌ្ឍ​ខុន​ដូធំៗនៅ​ខាងកើត​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង ដូចជា Bali Scenery, Casa Meridian, D.I. Rivera និង​The Bridge ជាដើម។

កំ​ណើ​នេះ អាច​នឹង​ឈានដល់​ការ​ផ្គង់​ផ្គង់​សរុប​រហូតដល់ ១ម៉ឺន យូ​និ​ត​ខុន​ដូ​នៅ​ឆ្នាំ ២០១៨ ។ នេះ​បើ​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Century 21Cambodia។
ប៉ុន្តែ ក្រុមហ៊ុន​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​មួយចំនួន​បានបង្ហាញ​ពី​អត្រា​ការលក់​នៃ យូ​និ​ត​ខុន​ដូ​ទាំង​មុន និង​ក្រោយ​គម្រោង​បញ្ចប់ ថា អត្រា​លក់​ចេញ​មាន​ជា​មធ្យម​តែប៉ុណ្ណោះ ដោយសារ ៧០ភាគរយ នៃ​យូ​និ​ត​ខុន​ដូ ត្រូវបាន​គេ​សម្គាល់​ឃើញថា​នៅ​ទំនេរ​នៅឡើយ។

លោក ខេ​វិ​ន ហ្គូ​ស អគ្គនាយក​ក្រុមហ៊ុន Century 21 ប្រចាំ​នៅ​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​ខុន​ដូ​នឹង​បន្ត​លូតលាស់​ច្រើន​ទៀត ដែលជា​ការ​តប​ទៅនឹង​កំណើន​តម្លៃ​ដី ដើម្បី​អភិវឌ្ឍ និង​ការកើនឡើង​ឥតឈប់ឈរ​នៃ​អត្រា​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ខេ​វិ​ន ហ្គូ​ស បញ្ជាក់ថា៖«អ្វីដែល​យើង​បានឃើញ​អំពី​ទីផ្សារ​ខុន​ដូ​នៅទីនេះ គឺ​មិន​ខុសគ្នា​ពីអ្វី​ដែល​បានកើត​ឡើង​នៅ​ប្រទេស​ថៃ​កាលពី២០ឆ្នាំមុន​នោះទេ។ អ្នក​អភិវឌ្ឍ​បាន​រំពឹងថា ទីផ្សារ​ខុន​ដូ​នឹង​ទាញ​អតិថិជន​បរទេស​ដែល​មក​ធ្វើការ​ក្នុងស្រុក ប៉ុន្តែ​ក្រោយមក​មាន​និន្នាការ​ប្រែប្រួល​យ៉ាងខ្លាំង ដែល​ប្រជាជន​ថៃ​ប្តូ​មក​រស់នៅក្នុង​ខុន​ដូ​វិញ»។

នាពេល​បច្ចុប្បន្ន តម្លៃ​នៃ​ការលក់​ខុន​ដូ​នៅ​ភ្នំពេញ ជា​មធ្យម​ត្រូវ​ដាក់លក់ ១៩០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ដែលមាន​កំណើន​ធៀប​នឹង​ឆ្នាំមុន ៦ភាគរយ។ រីឯ ខុន​ដូ​ដែល​ដាក់ លក់​ក្នុងតម្លៃ​ទាប​បំផុត​ជា​មធ្យម​តម្លៃ ១១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈដែល​អគារ​ខុន​ដូ​ដ៍​ប្រណិត​ដូចជា TheBridge ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រហូតដល់​ទៅ ៣៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ការសិក្សា​ពី​ទីផ្សារ​បាន​ពិនិត្យឃើញថា និន្នាការ និង​ទិសដៅ​នៃ​ការអភិវឌ្ឍ​ខុន​ដូ​នៅក្នុង​រាជ ធានី​ភ្នំពេញ​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ទិស​ខាងលិច​មក​ទិសខាងកើត ជាមួយនឹង​គម្រោងធំៗ ដែល​ធ្វើឡើង​ក្នុង​ទឹកប្រាក់​រហូតដល់​ទៅ ៧០០លាន​ដុល្លារ​អាមេរិក៕





© រក្សាសិទ្ធិដោយ thmeythmey.com