ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពី២០១៥ទៅដល់២០២០ កម្ពុជាអាចមានអគារកម្ពស់ជិត៧០ជាន់
× ភ្នំពេញ៖ បន្ទាប់ពីទទួលរងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨រួចមក ទីផ្សារអចលនទ្រព្យកម្ពុជាចាប់ផ្តើមងើបក្បាលឡើងវិញពីឆ្នាំ២០១២រហូតមកដល់ឆ្នាំ២០១៤កន្លងមក។ ពីឆ្នាំ២០១៥ទៅដល់ឆ្នាំ២០២០ អ្នកជំនាញអចលនទ្រព្យរំពឹងថា វិស័យដីធ្លី ផ្ទះសម្បែងនឹងមានសញ្ញាល្អ ហើយអគារខ្ពស់នឹងដុះកាន់តែច្រើនជាងមុននៅទីក្រុងភ្នំពេញ។
លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាបានអោយដឹងថា នៅដើមឆ្នាំ២០១៥នេះ អគារកម្ពស់៥០ជាន់មួយកន្លែង និងអគារកម្ពស់៥៥ជាន់មួយកន្លែងផ្សេងទៀតនឹងបើកសម្ពោធទីតាំងរបស់ខ្លួននៅក្នុងឆ្នាំថ្មីនៅទីក្រុងភ្នំពេញ។
បន្ទាប់ពីកម្រោងជាង៥០ជាន់នេះទៅ កម្រោងថ្មីៗជាច្រើនផ្សេងទៀតដែលមានកម្ពស់រហូតដល់ជិត៧០ជាន់អាចនឹងលេចចេញជារូបរាងនៅក្នុងចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២០ ។ «តាមរយៈកម្រោងទាំងអស់នេះ ខ្ញុំគិតថា វាគឺជាសញ្ញាល្អសម្រាប់វិស័យអចលទ្រព្យ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក ចេង ខេង ដែលមានតួនាទីជាប្រធានក្រុមហ៊ុនអចលនទ្រព្យ CPL ផងដែរ។
បើយោងតាមអ្នកជំនាញរូបនេះ តម្លៃអចលនទ្រព្យនៅឆ្នាំ២០១៤ មានការកើនឡើង២០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤កន្លងមក។ នៅឆ្នាំ២០១៥ តម្លៃអចលនទ្រព្យត្រូវបានគេវាយតម្លៃថា នឹងកើនឡើងពី២០ ទៅ២៧ភាគរយបន្ថែមទៀតបើប្រៀបធៀបនឹងឆ្នាំ២០១៤ ។
លោក ស៊ា ឆៃលីន អគ្គនាយកទីភ្នាក់ងារអចលនទ្រព្យ CL Realty បានអត្ថាធិប្បាយដូលលោក ចេង ខេង ដែរថា ទីផ្សារអលចនទ្រព្យខ្មែរនៅឆ្នាំ២០១៥នឹងបន្តកើនឡើងបន្ថែមទៀត។ សម្រាប់លោក ឆៃលីន ការបោះទុនវិនិយោគពីក្នុងស្រុក និងក្រៅស្រុកក្នុងវិស័យអចលនទ្រព្យ បូកនឹងការផ្តល់ទុនពីធនាគារផង ពេលនោះ សន្ទុះតម្លៃអចលនទ្រព្យអាចនឹងកើនឡើងនៅឆ្នាំខាងមុខ ជាពិសេស ឆ្នាំ២០១៥ ។
តើការឡើងថ្លៃដីធ្លីជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចទាំងមូលមែនឬទេ? ជាទ្រឹស្តីសេដ្ឋកិច្ច វាប្រាកដជាអ៊ីចឹងមែន។ លោក ចេង ខេង បានពន្យល់លម្អិតថា វាល្អសម្រាប់អ្នកមានដីធ្លីដើម្បីលក់ចែកជូនទៅដល់សមាជិកគ្រួសារកូនចៅ។ ប៉ុន្តែ វាអាចមិនសូវល្អសម្រាប់អ្នកមានជីវភាពកណ្តាល ឬអ្នកមានជីវភាពខ្សត់ខ្សោយដែលត្រូវការទិញដីធ្លីដើម្បីស្នាក់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com