អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Charlie Hebdo៖ សេរីភាព​សារព័ត៌មាន ឬការ​បំពានសាសនា ?
16, Jan 2015 , 10:07 am        
រូបភាព
ដោយ:
កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន មនុស្ស​រាប់លាន​នាក់ នៅ​ប្រទេស​បារាំង និង​មនុស្ស​ជាច្រើន​នាក់​នៅ​ប្រទេសផ្សេងៗទូទាំង​ពិភពលោក បាននាំគ្នា​ដង្ហែ​ក្បួន​បាតុកម្ម​អន្តរជាតិ បរិហារ​អំពើ​ភេរវកម្ម​ដែល​បានសម្លាប់​មនុស្ស១៧នាក់ នៅ​ទីក្រុង​ប៉ារីស ក្នុងនោះ​មាន១២នាក់ ជា​អ្នក​បំរើការ​នៅ​សារព័ត៌មាន​ស្ហា​លី​អេប​ដូ (Charlie Hebdo)។ គេ​សង្កេតឃើញ ក្នុង​បាតុកម្ម​នេះ មនុស្ស​ភាគច្រើន​ប្រើ​បដា​ចែងថា "ខ្ញុំ​ជា​ស្ហា​លី" ឬ "យើង​ជា​ស្ហា​លី"។ ប៉ុន្តែ នៅ​បារាំង មាន​ជន​មួយចំនួន ដូចជា​សិស្ស និស្សិត ឬ​បណ្តាជន​នៃ​សមាគម​អ្នក​កាន់ សាសនា​អ៊ីស្លាម មិនបាន​សំដែង​ការគាំទ្រ​នឹង​ពាក្យ​ថា "ខ្ញុំ​ជា​ស្ហា​លី"នេះ​ទេ។


សូមស្តាប់ការ​បកស្រាយ​របស់​ ព្រំសឿន សូលីណា ពីប្រទេស​បារាំង



បដា​ចែងថា "ខ្ញុំ​ជា​ស្ហា​លី" រឺ "យើង​ជា​ស្ហា​លី" គឺ​សំដៅ​បង្ហាញ​ទៅ​ក្រុម​ភេរវជន​អោយបាន​ដឹងថា ថ្វីបើ​អំពើ​ភេរវកម្ម​វាយប្រហារ​សារព័ត៌មាន​ស្ហា​លី​អេប​ដូ (Charlie Hebdo) នៅ​ក្រុងប៉ារីស សម្លាប់​អ្នក​គូររូប​ត្លុក​រិះគន់​ប្រមុខ​ដឹកនាំ​សាសនា​អ៊ី​ស្លា​ម៉ា​ហូ​មេ​ត បានទទួល​ជោគជ័យ​ក៏ដោយចុះ ក៏​ភេរវកម្ម​នេះ​មិនអាច​បំបាត់​គំនិត រឺ​ទស្សនៈ​យល់ឃើញ អោយ​ផុត​ចេញពី​ទ្វីបលោក​យើង​នេះដែរ។ គេ​មិនអាច​ហាមឃាត់​មនុស្ស​ម្នាក់​មិនអោយ​មាន​ទស្សនៈ​ផ្ទាល់ខ្លួន​នោះទេ។ ដោយសារ​ការគាំទ្រ​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​នេះហើយ  ទើប​កាលពី​ថ្ងៃអាទិត្យ ១១មករា មាន​មនុស្ស​រាប់លាន​នាក់ ក្នុងនោះ​មាន​មេដឹកនាំ​រដ្ឋាភិបាល​ជាង៤០ប្រទេស បាននាំគ្នា​បាតុកម្ម​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្រុងប៉ារីស។

ដោយឡែក នៅ​ប្រទេស​បារាំង ជន​មួយចំនួន មានដូចជា​សិស្ស ឬ​និស្សិត មិនបាន​សំដែង​ការគាំទ្រ​ចំពោះ​ពាក្យ​បដា ខ្ញុំ​ជា​ស្ហា​លី នេះ​ទេ។ ពួកគេ​មិនបាន​ជំទាស់​ប្រឆាំងនឹង​សិទ្ធិ​នៃ​ការបញ្ចេញមតិ រឺ​ទស្សនៈ​យល់ឃើញ​នោះទេ តែ​ពួកគេ​យល់ថា ការបញ្ចេញមតិ​គឺ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​ការគោរព​គ្នា​ទៅវិញទៅមក។ ពោល​គឺថា គ្រប់គ្នា​មាន​សិទ្ធិ​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន​តែ​ក៏​ត្រូវតែ​គោរព​លើ​គំនិត​និង​ជំនឿ​របស់​អ្នកដទៃ​ផងដែរ។

គួរបញ្ជាក់ ថា នៅ​ប្រទេស​បារាំង គ្រប់គ្នា​មាន​សិទ្ធិ​គោរព​ប្រ​ណិ​ប​ត្តិ​សាសនា​ដែល​ខ្លួន​ពេញចិត្ត ឬក៏​មាន​សិទ្ធិ​មិន​ជឿ​សាសនា​ក៏បាន។ ការដែល​យើង​គោរព​សាសនា​មួយ ឬក៏​ថា ការដែល​យើង​មិន​ជឿ​សាសនា​អ្វី​ទាំងអស់ មិនមែន​មានន័យថា យើង​ត្រូវ​មើលងាយ​សាសនាផ្សេងៗនោះទេ។ ហេតុនេះ ជន​មួយចំនួន​ដែល​មិនបាន​គាំទ្រ​ពាក្យ​ថា ខ្ញុំ​ជា​ស្ហា​លី​នោះ ដោយសារតែ​ពួកគេ​គិតថា​ការដែល​សារព័ត៌មាន​ស្ហា​លី បាន​គូររូប​ត្លុក​ប្រមុខ​សាសនា​អ៊ីស្លាម​ម៉ា​ហូ​មេ​ត ដែល​បាន​ស្លាប់​រាប់រយ​សតវត្ស​មកហើយ​នោះ ថ្វីបើ​រូប​ត្លុក​ខ្លះ​ធ្វើអោយ​អ្នកមើល​ផ្ទុះសំណើច​ក្អាកក្អាយ តែ​វា​ជាការ​ប្រមាថ​ចំអក​សាសនា​អ៊ីស្លាម ជា​ទង្វើ​ដែល​ដើរ​ហួស​ពី​សិទ្ធិ​នៃ​ការបញ្ចេញមតិ ព្រោះថា ជាការ​មិន​គោរព​ជំនឿ​សាសនា​របស់​អ្នកដទៃ។

គួរ​បញ្ជាក់ដែរថា សារ​ព័ត​មាន​ស្ហា​លី​ក៏​ធ្លាប់​គូររូប​ត្លុក​ចំអក​សាសនា​ផ្សេងទៀត ដូចជា​សាសនា​ជ្វី​ហ្វ ឬ​សាសនា​យេស៊ូ​ផងដែរ។ មុន​នឹងមាន​ភេរវកម្ម​ធ្ងន់​លើ​សារព័ត៌មាន​ស្ហា​លី កាលពី​សប្តាហ៍​មុននេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន រូប​ត្លុក​របស់​សារព័ត៌មាន​ស្ហា​លី ធ្លាប់បាន​បង្ក​ភាពចម្រូងចម្រាស ក្នុងប្រទេស​បារាំង​រួចមកហើយ​ហើយ​សារ​ព័ត​មាន​នេះ​ក៏​ធ្លាប់​រង​អគ្គិភ័យ​ម្តង​ហើយ​ដែរ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន គេ​ឃើញ​ក្នុង​រូបគំនូរ​របស់​ស្ហា​លី​អេប​ដូ មាន​រូប​ត្លុក​ស្រាត​របស់​ប្រមុខ​សាសនា​ម៉ា​ហូ​មេ​ត រឺក៏​រូប​ប្រមុខ​សាសនា​ម៉ា​ហូ​មេ​ត ថើប​មាត់​គ្នា​ជាមួយ​អ្នក​គំនូរ​ត្លុក​បស់​សារព័ត៌មាន​ស្ហា​លី​ខ្លួនឯង។

ប្រាកដ​ណាស់ ក្រុម​អ្នក​ជឿ​ស៊ប់​ក្នុង​សាសនា​អ៊ីស្លាម រឺ​ក្រុម​ភេរវជន​អ៊ីស្លាម​និយម​ជ្រុល ពិតជា​មិនអាច​ទទួលយក​រូប​ត្លុក​បែបនេះ​ទេ។ ប៉ុន្តែ អ្នក​កាន់សាសនា​អ៊ីស្លាម​ក៏​មិនបាន​គាំទ្រ​អំពើ​ភេរវកម្ម​សម្លាប់ អ្នក​គូររូប​ត្លុក​សារព័ត៌មាន​ស្ហា​លី​ដែរ។ ពួកគេ​មានតែ​ថ្កោលទោស​ភេរវកម្ម។ ដោយឡែក ពួកគេ​ក៏​ភិតភ័យ​ចំពោះ​ការ​សងសឹក​ណាមួយ​ពី​ជនអនាមិក​ក្នុងប្រទេស​បារាំង​ផងដែរ ព្រោះថា​ក្រោយ​មាន​ភេរវកម្ម​ប្រឆាំង​សារព័ត៌មាន​ស្ហា​លី វិហារ​អ៊ីស្លាម​ជាច្រើន​កន្លែង​នៅ​បារាំង ត្រូវបាន​រង​ការវាយប្រហារ។

បក​មក និយាយ​ពី​សេរីភាព​នៃ​ការបញ្ចេញ​មតិយោបល់​វិញ យើង​ឃើញថា ខណៈ​មនុស្ស​ម្នាក់​មិន​ជឿ​សាសនា​អ្វី​ទាំងអស់ ហើយ​បែរជា​បញ្ចេញ​ទស្សនៈ​រិះគន់​ជន​ណាមួយ​ក្នុង​សាសនា​ណាមួយ បើ​ខ្លួន​មិន​ប្រយ័ត្ន ទស្សនៈ​នោះ​អាច​នឹង​ដើរ​ជ្រុល​ហួស​រហូត​ប៉ះទង្គិច​បំពាន​សាសនា​ដទៃ​បាន។ ផលវិបាក​គឺ​គ្រោះថ្នាក់​ធ្ងន់ បែបយ៉ាង​ការសង​សឹក​ពី​ក្រុម​ជ្រុលនិយម ដែល​មិន​គោរព​ច្បាប់​បែបយ៉ាង​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម​នេះឯង។ ក្រោយ​ភេរវកម្ម​សម្លាប់​បុគ្គលិក​ខ្លួន​ច្រើន​នាក់ សារព័ត៌​ស្ហា​លី​អេប​ដូ​មិនបាន​ញញើត​នឹង​បន្ត​ការតស៊ូ​មតិ​យល់ឃើញ​ខ្លួន​ទេ ថែមទាំង​បាន​បោះពុម្ព​លេខ​ថ្មី មាន​រូប​ត្លុក​ប្រមុខ​សាសនា​ម៉ា​ហូ​មេ​ត​ស្រក់​ទឹកភ្នែក និង​កាន់​បដា​សរសេរថា "ខ្ញុំ​ជា​ស្ហា​លី"ទៀតផង។ មនុស្ស​ជាច្រើន​បាន​គាំទ្រ​សារព័ត៌មាន​និង​បាន​ទិញ​សារព័ត៌មាន​ស្ហា​លី​យកមក​អាន រហូត​អស់ពី​តូប។

ថ្វីបើ សារព័ត៌មាន​ទទួលជោគជ័យ​ពី​សំណាក់​អតិថិជន​នៅ​បារាំង និង​នៅ​បរទេស​ក៏ដោយចុះ ក៏មាន​ប្រទេស​មួយចំនួន​មិនបាន​ស្វាគមន៍​លេខ​ថ្មី​របស់​ស្ហា​លី​ដែលមាន​រូប​ត្លុក ម៉ា​ហូ​មេ​ត​ស្រក់​ទឹកភ្នែក​នេះដែរ។ ប្រទេស​កាន់សាសនា​អ៊ីស្លាម​ជាច្រើន​បាន​បរិហារ​កាសែត​ស្ហា​លី​ថា បាន​ដៀលត្មះ​សាសនា​អ៊ីស្លាម។ អ្នកដឹកនាំ​សាសនា​អ៊ីស្លាម​ច្រើន​នាក់​ក៏​បារម្ភ​ថា​រូប​ត្លុក​របស់​សារព័ត៌មាន​នេះ មានតែ​ញុះញង់​អោយ​មានការ​ស្អប់ខ្ពើម​គ្នា​ថែមទៀត​ប៉ុណ្ណោះ។

ការគិត បែបនេះ​ក៏​មិនអាច​ខុស​នោះដែរ។ ថ្ងៃ​ព្រហស្បតិ៍១៥មករា​នេះ ក្រុម​តា​លី​បង់​បាន​បរិហារ​សារព័ត៌មាន​ស្ហា​លី ថា​បានធ្វើ​ទង្វើ​អមនុស្សធម៌ គួរអោយ​ខ្ពើម និង​បានចាត់ទុក​អ្នក​គូរគំនូរ​រូប​ត្លុក​ថា ជាស​ត្រូវ​នៃ​មនុស្សលោក​ទៀតផង។ ក្រុម​តា​លី​បង់​ថែមទាំង​អំពាវនាវ​អោយ​រដ្ឋាភិបាល​ប្រទេស​ជាប់​ពាក់ព័ន្ធ​នានា ហាមឃាត់​ទង្វើ​របស់​កាសែត​ស្ហា​លី​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com