ជាតិ
សេដ្ឋកិច្ច
ទេសចរ​កូរ៉េ​ចូលចិត្ត​ទិញ​ផ្សិតសូក្រំ​ព្រោះ​ជឿថា​អាច​ព្យាបាល​ជំងឺ
19, Jan 2015 , 5:07 pm        
រូបភាព
សៀមរាប៖ ក្រៅពី​ទិញ​ត្បូង និង​សម្ភារ​មួយចំនួន ភ្ញៀវទេសចរ​កូរ៉េ ត្រូវបាន​កក់​សម្គាល់​ឃើញថា ចូលចិត្ត​ទិញ​ផ្សិត​ពី​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​ជឿថា អាច​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ។ ផ្សិតសូក្រំ ត្រូវបាន​ប្រជាជន​កូរ៉េ យកទៅ​ត្រាំ​ជាមួយនឹង​ស្រា ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​បានល្អ និង​អាច​ឲ្យ​ពួកគេ​កក់ក្តៅ ធន​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង។



ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​កក់​សម្គាល់​ឃើញថា ភ្ញៀវ​ជនជាតិ​កូរ៉េ​ពេលដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាបម្តងៗ ពួកគេ​តែង​រក​ទិញ​ផ្សិតសូក្រំ ដែលជា​ប្រភេទ​ផ្សិត​ថ្នាំ បង្កើន​កំដៅ​នៅក្នុង​ខ្លួន។ ពួកគេ​និយាយថា ក្នុងចំណោម២០នាក់ មាន​ភ្ញៀវ​ជនជាតិ​កូរ៉េ៥នាក់ ដែល​បាន​ទិញ​ផ្សិតសូក្រំ ពី​ខេត្តសៀមរាប។

លោក គឹម សុវណ្ណ មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​កូរ៉េ បាន​និយាយថា ជនជាតិ​កូរ៉េ យក​ផ្សិតសូក្រំ ទៅ​ត្រាំ​លាយ​ក្នុង​ស្រា សម្រាប់​ផឹក​កំដៅ​ខ្លួន ខណៈដែល​អាកាសធាតុ​ប្រទេស​នេះ​មាន​សភាព​ត្រជាក់​ខ្លាំង។ អនុប្រធាន​សមាគម​ទ្រទ្រង់​ក្តីសង្ឃឹម​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ រូបនេះ​បន្តថា ក្នុង​ភ្ញៀវ​ម្នាក់ អាច​ទិញ​ផ្សិតសូក្រំ​ពី១គីឡូក្រាម​ឡើង ហើយ​ផ្សិត​នេះ ត្រូវគេ​ដឹងថា​មានតម្លៃ​លើសពី​មួយ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក។

លោក គឹម សុវណ្ណ រៀបរាប់​បន្ថែមថា៖« ភ្ញៀវ​កូរ៉េ អំឡុងពេល​ដើរ​កម្សាន្ត​ខេត្តសៀមរាប ក្រុមហ៊ុន​តែង​យក​ចូលក្នុង​ចំនួន៣ ទី១ហាង​លក់​ផ្សិត ទី២ ហាង​លក់​ពូក សម្ភារៈ​បន្ទប់​គេង និង​ទី៣ គឺ​ហាង​លក់​ត្បូង។ ហាង​ផ្សិត និង​ហាង​ត្បូង ឃើញ​ពួកគេ​ទិញ​គួរសម»។

យ៉ាងណាក៏ដោយ ការនិយម​ទិញ​ផ្សិតសូក្រំ​របស់​ជនជាតិ​កូរ៉េ មានការ​ធ្លាក់ចុះ ព្រោះថា ការជឿ​លើ​ថ្នាំបុរាណ ហាក់​មានការ​ថយចុះ​នាពេល​បច្ចុប្បន្ន។ នេះ​ជាការ​អះអាង​របស់លោក ម៉ី សី​ដា។ លោក សី​ដា ដែលជា​មគ្គុទ្ទេសក៍​ភាសា​កូរ៉េ​មួយរូប​ដែរនោះ បាន​កក់​សម្គាល់​ឃើញថា ចរន្ត​ការទិញ​ផ្សិត​របស់​ភ្ញៀវ​កូរ៉េ បាន​ធ្លាក់ចុះ​ច្រើន។ ការណ៍​នេះ​លោក​ពន្យល់ថា ដោយសារ​កត្តា២យ៉ាង ទី១ ការ​អស់ជំនឿ និង​ជាទី២ គឺ​ផ្សិតសូក្រំ មិនសូវ​សុទ្ធ​ល្អ ដូច​ពីមុន​ទេ និយាយ​ឲ្យ​ខ្លី មានការ​នាំចូល​ផ្សិត​ក្លែងក្លាយ យកមក​លក់​នៅ​ទីផ្សារ​សៀមរាប។

កាលពី​បុរាណ ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​ផ្សិតសូក្រំ ដែល​ក្នុងនោះ​ស្ត្រី​តែងតែ​ផឹក​វា ដើម្បី​រំលាយ​ឈាម​ចេញពី​ខ្លួន​នៅ​សេសសល់ ក្រោយពេល​សម្រាលកូន។ បច្ចុប្បន្ន​ផ្សិត​នេះ មិនសូវ​សម្បូរ​ទេ។ បើ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីផ្សារ​ផ្សិតសូក្រំ​បច្ចុប្បន្ន​ត្រូវគេ​នាំចូល​ពី​ប្រទេស​វៀតណាម និង​ឡាវ ហើយ​ទីផ្សារ​ធំ​របស់​ផ្សិតសូក្រំ គឺ​ភ្ញៀវ​ជនជាតិ​កូរ៉េ​តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com