ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុងស្ទឹងសែន៖ សេវាសាធារណៈ ដូរពីតម្លៃតាមមាត់ មកជាតម្លៃលើក្រដាសហើយ
× កំពង់ធំ៖ តារាងតម្លៃសេវាធារណៈនានាត្រូវបានបិទនៅតាមសង្កាត់និមួយៗក្នុងក្រុងស្ទឹងសែន ចាប់ពីចុងឆ្នាំ២០១៤ ។ ការបិទតម្លៃសេវានេះ បានធ្វើឱ្យប្រជាពលរដ្ឋមានភាពរីករាយ ព្រោះវាជាតម្លាភាពមួយរវាងអាជ្ញាធរនិងប្រជាជន។
តារាងតម្លៃសេវាសធារណៈបានមកដល់ក្រុងស្ទឹងសែននៃខេត្តកំពង់ធំនៅចុងឆ្នាំ២០១៤ បន្ទាប់ពីមន្ត្រីឃុំសង្កាត់បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីតម្លៃសេវាសាធារណៈ។ អ្នកស្រី ចាយកា ចៅសង្កាត់រងនៃសង្កាត់អាចារ្យលាក់បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំសង្កាត់នានានៃបានផ្សពផ្សាយអំពីតារាងតម្លៃសេវាសាធារណៈនានាដល់ពលរដ្ឋនៅក្នុងសង្កាត់និមួយៗរបស់ខ្លួនហើយ មុននឹងបិទតារាងតម្លៃទាំងនោះនៅក្នុងនៅតាមសាលាសង្កាត់។ អ្នកស្រីសង្កាត់រងដដែលបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ការបិទផ្សាយតារាងតម្លៃទាំងនេះពិតជាបានបង្ហាញពីតម្លាភាពរបស់សង្កាត់ចំពោះប្រជាជន។ វាជារូបភាពថ្មីមួយសម្រាប់ពលរដ្ឋក្នុងសង្កាត់យើង។ ពីមុនតម្លៃទាំងនោះ អាស្រ័យនឹងអាជ្ញាធរជាអ្នកសម្រេច ពោលគឺមិនមានលក្ខណៈច្បាស់លាស់នោះឡើយ»។
វាជាដំណឹងល្អសម្រាប់តែពលរដ្ឋណាដែលចង់ដឹង និងចង់ចូលរួមអភិវឌ្ឍន៍មូលដ្ឋានខ្លួនតែប៉ុណ្ណោះ។ ពលរដ្ឋដែលមិនខ្វាយខ្វល់ នៅតែមិនមិនយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរថ្មីនេះដដែល។ លោក កិះ ស៊ន ដែលជាចៅសង្កាត់កំពង់ក្របៅ បានសារភាពថា ពលរដ្ឋនៅក្នុងសង្កាត់លោកមួយចំនួនតូចនៅតែមិនទាន់ដឹងអំពីការវិវត្តថ្មីនេះនៅឡើយ។ លោកចៅសង្កាត់បានប្រាប់ឲ្យដឹងថា៖«ដូច្នេះនៅពេលដែលពួកគាត់មករកសេវាអ្វីមួយ មន្ត្រីរបស់យើងត្រូវនាំពួកគាត់ទៅអានតារាងតម្លៃទាំងនោះ ហើយឲ្យពួកគាត់បង់តាមតម្លៃដែលត្រូវបានកំណត់»។ លោក កិះ ស៊ន បានបន្ថែមថា៖«ការធ្វើដូច្នេះ វាពិតជាមានតម្លាភាពណាស់ វាមិនធ្វើឱ្យមានការព្រួយបារម្ភ។ ការធ្វើអ៊ីចឹង គឺខុសពីមុនត្រង់ថា យើងធ្លាប់ប្រើសេវាតាមមាត់(មិនច្បាស់លាស់) ស្រេចតែនឹងអាជ្ញាធរ។ តែឥឡូវនេះ ពលរដ្ឋយល់ដឹងច្រើនពីតម្លៃសេវានេះ។ ដូច្នេះ ការងារមានលក្ខណៈច្បាស់លាស់ជាងមុនមិនអាចទារស្រេចតែនឹងមាត់បានដូចមុននោះទេ»។
ក្នុងនាមជាពលរដ្ឋ បងប្រុស ហីន និង សុគីន បាននិយាយដូចគ្នាថា ការបង្ហាញពីតម្លៃសេវាយ៉ាងនេះគឺវាមានសារប្រយោជន៍ដល់ពលរដ្ឋ។ អ្នកទាំងពីរបានរម្លឹកថា ក្នុងពេលកន្លងមក ពួកគេ និងអ្នកភូមិទូទៅ ត្រូវបង់ប្រាក់មិនតិចជាង៤ ឬ៥ម៉ឺននោះទេ ទៅលើថ្លៃសេវាខ្លះ ខណៈដែលសេវាខ្លះមានតម្លៃតែត្រឹម១ម៉ឺនរៀលនោះ។ ហើយប្រសិនបើពលរដ្ឋមិនព្រមបង់ថ្លៃតាមការទាមទាររបស់មន្ត្រីនោះ នោះច្បាស់ជាពលរដ្ឋមិនអាចទទួលបានសេវានោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com