ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្មរ​កម្ពុជា-ថៃ​បាន​កើន​ដល់៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០១៤
28, Jan 2015 , 1:20 pm        
រូបភាព
ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ឆ្នាំ២០១៥ នឹង​រៀបចំ​ធ្វើ​ធ្វើ​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី៥ដល់ទី៨ខែ កុម្ភៈ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។ ពិព័រណ៍​នេះ រៀបចំឡើង​ក្នុង បំណង​ផ្សព្វផ្សាយ​ផលិតផល​ថៃ ដែល​មានគុណ​ភាពល្អ​តម្លៃ​សមរម្យ​ដល់​អតិថិជន និង​អាច​ឲ្យ អតិថិជន​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់ ក្នុងតម្លៃ​ថោក​ជាង​ទីផ្សារ។



ក្រុមហ៊ុន​ចំនួន២៥០ នឹងចូលរួម​ការតាំង​ពិព័រណ៍​លើក​នេះ  និង​មាន ស្តង់​ពិព័រណ៍​ចំនួន២៥០ស្តង់ នឹងដាក់​បង្ហាញ និង​លក់​ផលិតផល​របស់ខ្លួន រួមមាន​សម្ភារ​សំណង់ និង​គ្រឿងបន្លាស់​ម៉ាស៊ីន អាហារ និង​ភេសជ្ជៈ សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ គ្រឿងសម្អាង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ សម្ភារ​អគ្គិសនី និង​អេឡិចត្រូនិក រួមទាំង​សម្ភារ​ជាច្រើន​ផ្សេងទៀត។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី២៦មករា ភារធារី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក  Surapol Maneepong បាន​មានប្រសាសន៍ថា ការរៀបចំ​តាំងពិព័រណ៍​នេះ​វា​ជា​ឱកាស​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ ហើយ​លោក​បាន​ប្តេជ្ញា​នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ប្រមាណ​ជា៣០ភាគរយ​ក្នុង​មួយឆ្នាំ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ ក្នុង​ឆ្នាំ២០១៤ បាន​កើន​ដល់​ទឹកប្រាក់៥ពាន់​លាន​ដុល្លារ  កើនឡើង​ប្រមាណ​ជា១២ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៣ ដែលមាន​ចំនួន៤.៦០០លាន​ដុល្លារ។

សូមបញ្ជាក់ថា សិក្ខាសាលា​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ពាណិជ្ជករ​ថៃ ដែល​ចាប់អារម្មណ៍​ទីផ្សារ​កម្ពុជា ក៏​នឹង​រៀបចំ​ធ្វើឡើង នៅមុន​មួយថ្ងៃ នៃ​ការបើក​ពិព័រណ៍​នេះដែរ។ ជាមួយគ្នា​នោះ នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​ចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ពាណិជ្ជករ​កម្ពុជា និង​ការសម្តែង​សិល្បៈ​រួមគ្នា​រវាង​តារា​សម្តែង​របស់​កម្ពុជា និង​ថៃ នឹង រៀបចំ​នៅពេល​រាត្រី​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com