ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​សង្កាត់​អាចារ្យ​លាក់​ មាន​​ទម្លាប់​​បង់​ថ្លៃ​ «ទឹកតែ»​​
05, Feb 2015 , 3:07 pm        
រូបភាព
អត្ត​សញ្ញាណបណ្ណ​របស់ពល​រដ្ឋ​ស្រុក​ពួកខេត្ត​សៀមរាប​ (រូបថត៖ អគ្គស្នងកការ​នគរបាលជាតិ)
អត្ត​សញ្ញាណបណ្ណ​របស់ពល​រដ្ឋ​ស្រុក​ពួកខេត្ត​សៀមរាប​ (រូបថត៖ អគ្គស្នងកការ​នគរបាលជាតិ)
ដោយ:
កំពង់ធំ៖ នាពេលថ្មីៗនេះ ប៉ុស្តិ៍នគរបាល​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំ​ធ្វើ​អត្ត​ញ្ញាណ​បណ្ណ​ជូន​ប្រជាពលរដ្ឋ។ កិច្ចការ​នេះ ជា​កាតព្វកិច្ច​របស់​ន​គ​របាល​ក្នុង​សង្កាត់​ស្រប​ទៅតាម​បញ្ជា​ថ្នាក់លើ ក្នុងការ​បម្រើប្រជាជន។ នៅតែមាន​ការផ្តល់​ថ្លៃ​សេវា​ក្រៅផ្លូវការ បើទោះបី​ក្រសួង​បានកំណត់​តម្លៃ​ត្រឹមត្រូវ និង​ច្បាស់លាស់​រួចហើយ​ក៏ដោយ។


បើទោះជា​បានដឹង​ច្បាស់​ហើយ​ថា ការធ្វើ​អត្តសញ្ញាណ​បណ្ណ​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ថ្លៃ​លើស​តម្លៃ​សេវា​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋ​ក៏ដោយ បងស្រី លី សុខា​រី នៅតែ​ចំណាយ​ប្រាក់​បន្ថែម​ទៅជូន​មន្ត្រី​អត្រានុកូលដ្ឋាន។ ទំនង​ការប្រើប្រាស់​លុយ «ទឹកតែ» ឬ «សគុណ» បាន​ក្លាយជា​វប្បធម៌ ឬ​ទម្លាប់​ដែល​មិនអាច​ឈប់​បាន​ទៅហើយ បានជា​បងស្រី សុខា​រី នៅ​អនុវត្ត​សកម្មភាព​ដែល​ត្រូវបាន​ចាត់ទុកថា ខុសច្បាប់​នេះ​ទៀត។ បងស្រី បាន​ពន្យល់ថា៖«ខ្ញុំ​បាន​ឲ្យ​ជាស​គុណ ថ្លៃ​ទឹកប៊ិច​នៅតាម​កន្លែង​និមួយៗ ដូចជា កន្លែង​ផ្តិត​ដៃ កន្លែង​ថតរូប និង​កន្លែង​ចុះហត្ថលេខា​ពី​មេ​យ​ប៉ុស្តិ៍។ គេ​អត់​មាន​បង្ខំ​ឲ្យ​យើង​បង់​ទេ ប៉ុន្តែ​ខ្ញុំ​ជូន​ពួកគាត់»។

បងស្រី សំ ចាន់ មិនបាន​ចំណាយ​ប្រាក់​សេវា​ក្រៅផ្លូវការ​នោះឡើយ។ បងស្រី​មិន​ក៏បាន​ទទួលស្គាល់ថា មន្ត្រី​អត្រានុកូលដ្ឋាន​ក៏​មិនបាន​ទាមទារ​លើស​ថ្លៃ​កំណត់​ដែរ។ ប៉ុន្តែ​បងស្រី​បញ្ជាក់ប្រាប់​អំពី​សាច់ញាតិ​របស់​ស្រី ដែល​ស្ម័គ្រចិត្ត​ជូន​ប្រាក់​សគុណ​ទៅ​មន្ត្រី ដែល​យល់ព្រម​ទទួលយក​ប្រាក់​នោះដែរ។ បើតាម​ប្រសាសន៍​របស់​បងស្រី ចាន់ ប្រជាពលរដ្ឋ​តែងតែបាន​ផ្តល់​ថ្លៃ​សេវា​ក្រៅផ្លូវការ ថា​ជា​ថ្លៃ​ទឹកប៊ិច ដោយសារតែ​មន្ត្រី​ជា​អ្នកសរសេរ​បំពេញ​ឯកសារ​ឲ្យ​ពួកគាត់។

មេ​ប៉ុស្តិ៍​អាចារ្យ​លាក់​នៃ​ក្រុង​ស្ទឹងសែន លោក ស៊ុន គ្រឿន បាន​ប្រាប់​អំពី​ការងារ​មធ្យ័ត​របស់​ក្រុម​លោក​លើ​ការធ្វើ​អត្តសញ្ញាណ​បណ្ណ ដែល​ត្រូវមាន​ការផ្តល់​វិ​ក្ក័​យ​ប​ត្រ​ដល់​ពលរដ្ឋ​ដែល​បាន​បង់ថ្លៃ​សេវា។ មេ​ប៉ុស្តិ៍​ហាក់​មិនបាន​បដិសេធ​អំពី​ការទទួលយក​ប្រា​ក់រប​ស់​ពលរដ្ឋ​ដែល​ផ្តល់​ថ្លៃ​សេវា​សគុណ ពី​សំណាក់​មន្ត្រី​ឡើយ ដោយ​លោក​និយាយថា «នេះ​គឺ​អាស្រ័យ​លើ​ពលរដ្ឋ»។

តើ​វា​អាស្រ័យ​លើទឹក​ចិត្ត​ពលរដ្ឋ ឬ​អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាប់ ?



© រក្សាសិទ្ធិដោយ thmeythmey.com