ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤ ​ទំហំ​ពា​ណិ​ជ្ជកម្ម​រវា​ង​កម្ពុជា-​អាមេរិក​​មាន​ចំនួន ​៣,​១​៧ ​ពាន់​​លា​ន​​ដុ​ល្លារ
12, Feb 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក មានតម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៣,១៧ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១៤ ដោយបាន​កើនឡើង ៥ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ដែល​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ មាន​ចំនួន​តែ ៣,០១ ពាន់​ដុល្លារ​នោះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​អាមេរិក ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន មក​ចុះផ្សាយ​ថា ការនាំ​ចេញពី​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក គឺ​បាន​កើនឡើង ២,៦ ភាគរយ គិត​ជា​ទឹកប្រាក់ ២,៨៤ ពាន់​លាន​ដុល្លារ។ ខណៈពេលដែល​ការនាំ​ចូល​ពី​អាមេរិក ក៏បាន​កើនឡើង​ដល់ ៣៦ ភាគរយ​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជា ៣២៨ លាន​ដុល្លារ​ផងដែរ។

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​គឺជា​គោលដៅ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា ដែល​ក្នុងនោះ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អាមេរិក ច្រើនជាងគេ​គឺ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​ជាដើម។ ផ្ទុយ​មកវិញ​កម្ពុជា បាន​នាំចូល​ផលិតផល​មួយចំនួន​ពី​សហរដ្ឋអាមេរិក ដូចជា​រថយន្ត ម៉ាស៊ីន ថ្នាំពេទ្យ និង​បរិក្ខារ​វេជ្ជសាស្ត្រ​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com