ជាតិ
សេដ្ឋកិច្ច
ចំណូលប័ណ្ណទស្សនាអង្គរខែកុម្ភៈមានជិត៧លានដុល្លារថយចុះជាង៤ភាគរយ
× សៀមរាប៖ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ មានចំនួនជិត៧លានដុល្លារអាមេរិក។ ចំនួននេះមានការធ្លាក់ចុះជាង៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ។
យោងតាមរបាយការណ៍របស់អាជ្ញាធរអប្សរា បានបង្ហាញថា ក្នុងខែកុម្ភៈកន្លងទៅ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ មានចំនួន ៦,៩៦០,៧២០ ដុល្លារអាមេរិក ក្នុងភ្ញៀវទេសចរចំនួន ២៣៥,៧០៦ នាក់។ របាយការណ៍ដដែល បានបញ្ជាក់ថា ចំណូលនេះមានការថយចុះ ៤,៥៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ក្នុងរបាយការណ៍ដែលមានការរៀបរាប់លម្អិតពីតួលេខភ្ញៀវទេសចរ និងប្រភេទសំបុត្រ ដែលភ្ញៀវបានទិញផងដែរ។ ក្នុងចំណោមសំបុត្រទាំង៣ប្រភេទចូលទស្សនាតំបន់អង្គរ បើតាមរបាយការណ៍របស់អប្សរា គឺប័ណ្ណប្រភេទ២០ ដុល្លារ ដែលលក់បានច្រើនជាងគេ ដែលសរុបចំនួន ១២៦,០១៥ ប័ណ្ណ ដែលគិតជាទឹកប្រាក់ស្មើ ២,៥២០,៣០០ ដុល្លារអាមេរិក។ ក្រៅពីនោះ ប័ណ្ណប្រភេទ៤០ ដុល្លារ មានចំនួន ១០៧,០៥២ ស្មើនឹង ៤,២៨២,០៨០ ដុល្លារ និងប័ណ្ណប្រភេទ៦០ ដុល្លារមានចំនួន ២,៦៣៩ ស្មើនឹង ១៥៨,៣៤០ដុល្លារអាមេរិក។
គួររម្លឹកថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរអប្សរា បានបង្ហាញចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរ បើគិតចាប់ពីដើមឆ្នាំ២០១៥មក។ នៅខែមករា ដើមឆ្នាំ ចំណូលដដែលនេះ មានចំនួន ជាង៧លានដុល្លារ គឺថយចុះដូចគ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ។ យ៉ាងណា ការសម្រេចបង្ហាញចំណូលជាសាធារណៈនេះ ធ្វើឲ្យមហាជនជាច្រើនសប្បាយរីករាយ ដែលកន្លងមកពួកគេចង់ដឹងពីចំនួននេះ។ គេនៅចាំថា កន្លងមក គណបក្សប្រឆាំងក៏ធ្លាប់ប្រើប្រាស់ចំណូលពីការប័ណ្ណនេះ ដើម្បីផលប្រយោជន៍នយោបាយមិនតិចទេ។ បក្សប្រឆាំងបានស្នើឲ្យរដ្ឋាភិបាល គួរគ្រប់គ្រងការលក់សំបុត្រដោយខ្លួនឯង ជាជាងឲ្យក្រុមហ៊ុន សុខាអូតែល៕
© រក្សាសិទ្ធិដោយ thmeythmey.com