សេដ្ឋកិច្ច
AFD ​កំពុង​ក្លាយជា​ដៃគូ​ផ្តល់ជំនួយ​ទ្វេភាគី​ធំជាងគេ​ដល់​កម្ពុជា ក្នុងចំណោម​បណ្តា​ស្ថាប័ន​មកពី​អឺរ៉ុប
13, Mar 2015 , 12:56 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី១២ ខែមីនា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានរៀបចំ​ការប្រជុំ​ប្រចាំឆ្នាំ​លើក​ទី៧ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ​លើ​គម្រោង    ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ AFD នៅ​កម្ពុជា។ កិច្ចពិភាក្សា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ហ្ស​ង់-ក្លូដ ពាំ​ប៊ឹ​ហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ដោយមាន​វត្តមាន​លោកស្រី ហ្វ្រ​ង់​ស៊័​រ សាលី​យេ (Françoise Charlier) អនុប្រធាននាយកដ្ឋាន​អាស៊ី​របស់​ទីភ្នាក់ងារ AFDនៅ​ប៉ារីស៍។ ស្ថាប័ន​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ។



អ្នកចូលរួម​ទាំងអស់​បានធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ពិនិត្យឡើងវិញ​អំពី​វឌ្ឍនភាព​របស់​គម្រោង​និមួយៗ ព្រមទាំង​ស្វែងយល់​កាន់តែច្បាស់​អំពី​តម្រូវការ និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​អនុវត្ត​គម្រោង​ទាំងនោះ។ ការត្រួតពិនិត្យ​ឡើងវិញ​នេះ​បាន​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​ប្រសិទ្ធភាព​នៃ​អន្តរាគមន៍​របស់ ទីភ្នាក់ងារ AFD ក្នុងការ​រៀបចំ និង​ពង្រឹង​វិស័យសេដ្ឋកិច្ច​សង្គមសំខាន់ៗរបស់​កម្ពុជា។ ការប្រជុំ​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ពី​តួនាទី​លេចធ្លោ​របស់ AFD ក្នុងការ​ផ្តល់​ឥណទាន​ដល់​ប្រទេស​កម្ពុជា។ ជាមួយនឹង​កំណើន​នៃ​ហិរញ្ញប្បទាន​សន្យា​កន្លងមក ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​កំពុង​ក្លាយជា​ដៃគូ​ផ្តល់ជំនួយ​ទ្វេភាគី​ធំជាងគេ​ដល់​កម្ពុជា​ក្នុងចំណោម​បណ្តា​ស្ថាប័ន​មកពី​អឺរ៉ុប ។

ឆ្នាំ២០១៤បានក្លាយ​ទៅជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ទីភ្នាក់ងារ AFD ដែល​បាន​សន្យា​ផ្តល់ជំនួយ​ជាង១០០លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។ ស្ថានភាព​នេះ​នឹង​បន្ត​នៅ​ឆ្នាំ២០១៥ទៀត ដោយហេតុថា AFD មាន​គម្រោង​បង្កើន​ការផ្តល់​កម្ចី​ទ្វេដង​នៅ​ឆ្នាំនេះ។ ជារួម ចាប់តាំងពី​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៩៣មក ទីភ្នាក់ងារ​AFDបាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ជិត៤០០លាន​ដុល្លារ ក្នុង​នោះបាន​ផ្តល់ជូន​រួចហើយ​ចំនួន១៧០លាន​ដុល្លារ។

កាលពី​ឆ្នាំ​កន្លងទៅ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ក៏បាន​បង្កើន​ការផ្តល់ប្រាក់​កម្ចី​គ្មាន​ការធានា​ពីរ​ដ្ឋ​ផងដែរ ពោល​គឺជា​កម្ចី​ដែល​ផ្តល់អោយ​ផ្នែក​ឯកជន ស្ថាប័ន​សាធារណ: ឬ​ពាក់កណ្តាល​សាធារណ:ជាដើម។  ជាក់ស្តែង​នៅ​ឆ្នាំ២០១៤ ទីភ្នាក់ងារ​AFDបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ជាច្រើន​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ពាណិជ្ជកម្ម ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ទទួលបាន​ទឹកស្អាត និង​អគ្គិសនី​នៅតាម​ទីជនបទ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន២១លាន​ដុល្លារ (ក្នុងនោះ​ឥណទាន១៥លាន​ដុល្លារ​ត្រូវបាន​ផ្តល់អោយ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា និង៦លាន​ដុល្លារ​ទៀត​អោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ធនាគារ​ភូមិ និង​វី​សិន​ហ្វា​ន់)។ គម្រោង​ទាំងនេះ​មាន​លក្ខណ:ថ្មី​សម្រាប់​កម្ពុជា ដោយសារ​វា​ផ្សំ​បញ្ចូល​គ្នា​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​ជាច្រើន មានដូចជា​កម្ចី ហិរញ្ញប្បទាន​សម្បទាន និង​ការធានា) ព្រមទាំង​មានការ​ចូលរួម​ទាំងពី​ផ្នែក​ឯកជន និង​សាធារណ:ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com