អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូនេស៊ី​មិន​លើកទោស​ប្រហារជីវិត​ដល់​ជនល្មើស​គ្រឿងញៀន​អូស្ត្រាលី​ឡើយ
07, Apr 2015 , 2:53 pm        
រូបភាព

ជនល្មើស​ជួញដូរ​គ្រឿងញៀន​អូស្ត្រាលី​ទាំងពីរ​នាក់​បរាជ័យ​ក្នុងការ​ស្នើអោយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថ្មី​ផ្តល់​ការលើកលែងទោស​ប្រហារជីវិត។ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​ប្រកា​រហើយ​ថា​គ្មាន​ការសម្រុះសម្រួល​ណាមួយ​ធ្វើឡើង​ដើម្បី​បន្ថយទោស​ដល់​ជនល្មើស​អូស្ត្រាលី​ឡើយ​ព្រោះ​ឥណ្ឌូនេស៊ី​កំពុង​ប្រឈមមុខ​បញ្ហា​ដោយសារ​ការជួញដូរ​គ្រឿង​ញៀន​នេះ។យ៉ាងណាមិញ​ការកំណត់​កាលបរិច្ឆេទ​ប្រហារជីវិត​អាចធ្វើ​ឡើង​ក្រោយ​បញ្ចប់​នីតិវិធីតុលាការ​សព្វគ្រប់​ហើយ។

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​ប្រមុខរដ្ឋ​ឥណ្ឌូនេស៊ី​JokoWidodoផ្តល់​ការលើកលែងទោស​ប្រហារជីវិត​ដល់​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ទាំងពីរ​នាក់​Andrew Chan និង​MyuranSukumaranនោះឡើយ។រដ្ឋាភិបាល​អូស្ត្រាលី​តូ​នី​អា​បូត​បាន​បន្ត​ដ​ង្ហើ​យ​អោយ​រដ្ឋាភិបាល​ក្រុង​ហ្សា​កាតា​ពិចារណា​ជាថ្មី​លើ​ការកាត់ទោស​ប្រហារជីវិត​អ្នកទោស​ទាំងពីរ​នាក់​នេះ។នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ថ្លែងថា​ជនល្មើស​ទាំងពីរ​នា​ក់​ពិតជា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​មែន​ប៉ុន្តែ​ការកាត់ទោស​ប្រហារជីវិត​នេះ​ប្រហែលជា​មិន​សក្តិសម​សម្រាប់​ពួកគេ​ទេ​ព្រោះ​អ្នក​ទាំងពីរ​ក៏បាន​រៀនសូត្រ​ច្រើន​ពី​កំហុស​របស់គេ​ដែរ។

រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ធ្លាប់​ស្នើ​សុំអោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ពិចារណា​ជាថ្មី​ចំពោះ​ការសម្រេច​កាត់ទោស​ប្រហារជីវិត​នេះ​ព្រោះ​វា​អាចធ្វើអោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ហើយ​អ្វីដែល​សំខាន់​នោះ​អូស្ត្រាលី​ព្យាយាម​រំលឹក​ពី​គុណបំណាច់​របស់ខ្លួន​ដែល​បានធ្វើ​កន្លងមក​ដើម្បី​ជួយ​ដល់​ឥណ្ឌូនេស៊ី​ផងដែរ។

មេធាវី​ការពារ​ជនល្មើស​ទាំងពីរ​នាក់​បាន​ដាក់ពាក្យ​បណ្តឹង​បន្ត​ប្រឆាំង​ការសម្រេច​របស់​ប្រធានាធិបតី​JokoWidodoដែល​មិន​ផ្តល់​ការលើកលែងទោស​ប្រហារជីវិត​ដល់​ពួកគេ​នោះ។កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​តុលាការ​រដ្ឋបាល​រដ្ឋ​ឥណ្ឌូនេស៊ី​បាន​ទទួលស្គាល់ថា​ខ្លួន​គ្មាន​យុត្តាធិការ​គ្រប់គ្រាន់​ដើម្បី​បើកសវនាការ​លើ​បណ្តឹង​ប្រឆាំង​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ឡើយ។ក្រោយ​មានការ​ប្រកាស​របស់​តុលាការ​មេធាវី​ជនល្មើស​បាន​រិះគន់​តុលាការ​រដ្ឋបាល​ប៉ុន្តែ​មេធាវី​រូបនេះ​បាន​បញ្ជាក់ថា​ខ្លួន​គោរព​ការសម្រេច​របស់​តុលាការ។

យ៉ាងណាក៏ដោយ​មេធាវី​ជនល្មើស​គ្រោង​នឹងដាក់​ពាក្យស្នើសុំ​អោយ​តុលាការ​ធម្មនុញ្ញ​បកស្រាយ​ពី​កាតព្វកិច្ច​របស់​ប្រធានាធិបតី​ក្នុងការ​ផ្តល់​ការលើកលែងទោស​ប្រហារជីវិត​ដល់​អ្នកស្នើសុំ។អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ី​TonySpontanaបាន​ថ្លែងថា​ការផ្តល់​ការលើកលែងទោស​ប្រហារជីវិត​ឬ​អត់​វា​ជា​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី​ក្នុងនាម​ជា​ប្រមុខរដ្ឋ​បើទោះជា​មានការ​ដាក់ពាក្យ​ប្តឹង​ក៏​តុលាការ​នៅតែ​ទាត់ចោល​ដែរ។

ជុំវិញ​ការផ្តល់​ការលើកលែងទោស​ដល់​អ្ន​ក​ជួញដូរ​គ្រឿងញៀន​នេះ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ខាងលើ​បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ថា​គ្មានអ្វី​ត្រូវ​សម្រុះសម្រួល​ឬ​លើកលែងទោស​ដល់​អ្នកជួញដូ​រ​គ្រឿងញៀន​នេះឡើយ។លោក​បាន​បន្ថែមថា​ឥណ្ឌូនេស៊ី​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន​និង​រងគ្រោះ​ខ្លាំង​ដោយសារ​ការជួញដូរ​គ្រឿង​ញៀន​នេះ។តាមពិតទៅ​លោក​JokoWidodoព្យាយាម​បំពេញ​តួនាទី​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​និង​បំពេញ​តាម​អ្វីដែល​លោក​បាន​សន្យា​នៅពេល​លោក​ឡើងកាន់តំណែង​តែប៉ុណ្ណោះ។បើសិនជា​លោក​ហ៊ាន​ផ្តល់​ការលើកលែងទោស​ប្រហារជីវិត​ដល់​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ទាំងពីរ​នាក់លោក​ប្រហែលជា​ត្រូវ​ប្រឈមមុខ​នឹង​ការប្រឆាំង​និង​សម្ពាធ​នៅក្នុង​ស្រុក​ជាមិនខាន៕


© រក្សាសិទ្ធិដោយ thmeythmey.com