អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ផ្តើម​ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ចែចូវ​របប​សឹក​ថៃ​និង​វៀតណាម
07, Apr 2015 , 5:15 pm        
រូបភាព

បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​វៀតណាម នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev នឹង​បន្តដំណើរ​ទស្សនកិច្ច​ម​ក​កាន់​ប្រទេស​ថៃ។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មកកាន់​ប្រទេស​ថៃ​នេះ ជា​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​ដំបូង​បំផុត​ក្នុង​រយៈពេល ២៥ឆ្នាំ ពោលគឺ​ចាប់តាំងពី​សហភាពសូវៀត​ដួលរលំ។ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជាក់ថា រុស្ស៊ី​ប្រហែលជា​កំពុង​ព្យាយាម​ពង្រីក​តួនាទី​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​និង​ចែចូវ​ប្រទេស​ថៃ ស្របពេល​ដែល​ថៃ​នេះ​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ក្រោយ​រដ្ឋប្រហារ​ឆ្នាំមុន។ គេ​រំពឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លើក​នេះ នឹង​ត្រួស​ត្រាយផ្លូវ​អោយ​ប្រទេស​នេះ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​ព្រមទាំង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​សំខាន់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូចជា​វៀតណាម​និង​ថៃ​ជាដើម។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖




ចាប់តាំងពី​សហភាពសូវៀត​រលំរលាយ​ទៅ រុស្ស៊ី​មិនសូវ​មានឈ្មោះ​បោះ​សម្លេង និង​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុន្មាន​ទេ​នៅក្នុង​ពិភពលោក។ ចំណែក​ចំណង​ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ក៏​ហាក់ដូចជា​មិន​មានការ​វិវឌ្ឍន៍​គួរអោយកត់សម្គាល់​ប៉ុន្មាន​ឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ​រដ្ឋាភិបាល​រុស្ស៊ី​ក្រោម​ការដឹកនាំ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​តួនាទី​របស់ខ្លួន​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​មួយ។ បច្ចុប្បន្ន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានក្លាយ​ជា​តំបន់​ប្រកួតប្រជែង​គ្នា​រវាង​មហាអំណាច​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន​ផង។
កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​លោក Dmitry Medvedev បានធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ប្រទេស​វៀតណាម​ដែលជា​មិត្ត​ចាស់​របស់ខ្លួន។ នាយករដ្ឋមន្ត្រី​រុស្ស៊ី​ខាងលើ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ដោយមាន​បំណង​ចង់​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រីក​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក Medvedev បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម​មាន​ទាំង​នាយករដ្ឋមន្ត្រី ង្វៀន តាន់​ឌុ​ង និង​បណ្តា​មេដឹកនាំ​បក្ស​ក​ម្មុយ​នី​ស្ត​ផងដែរ។ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម នាយករដ្ឋមន្ត្រី​រុស្ស៊ី​បន្តដំណើរ​ទៅ​ជួប​ប្រមុខ​របប​សឹក​ក្រុង​បាងកក​ដើម្បី​ពិភាក្សា​ពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​យោធា​ផង។ ខណៈពេលដែល​ថៃ​ស្ថិតក្រោម​ការរិះគន់​រប​ស់លោក​ខាងលិច រុស្ស៊ី​មើលឃើញ​ពី​ឱកាសល្អ​សម្រាប់​ពង្រឹង​ចំណង​ការទូត​ជាមួយ​រាជាណាចក្រ​ថៃ។

១. វៀតណាម​ត្រៀម​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច​រុស្ស៊ី​អឺ​រ៉ាស៊ី
ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​វៀតណាម លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន​តាន់​ឌុ​ង​បាន​ជជែក​ពិភាក្សាគ្នា​លើ​ជំ​នុ​ចសំខាន់ៗជាច្រើន​ពាក់ព័ន្ធ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរីភាព​រវាង​វៀតណាម​និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ផង។ ភាគី​ទាំង​ពីរបាន​អះអាងថា​ប្រទេស​ទាំងពីរ​បានសម្រេច​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ជាច្រើន​ជុំវិញ​បញ្ហា​នេះ ហើយ​គេ​រំពឹងថា​នៅ​ពាក់កណ្តាល​ឆ្នាំនេះ វៀតណាម​នឹង​អាច​ចុះហត្ថលេខា​លើ​ឯកសារ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​ស្ថាប័ន​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​រុស្ស៊ី​នេះ​បាន។ ការបង្កើតអោយមាន​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​ជំរុញ​អោយ​វៀតណាម​និង​រុស្ស៊ី​ពង្រីក​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​យ៉ាង​ងាយ ហើយ​វា​នឹង​ជួយ​អោយ​វៀតណាម-រុស្ស៊ី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់ ១០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២០តាម​ការគ្រោងទុក​ផងដែរ។

២.រុស្ស៊ី​ត្រៀម​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​អោយ​វៀតណាម
ដោយឡែក​ក្រៅពី​ជជែក​ពិភាក្សា​លើ​គម្រោង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី មេដឹកនាំ​រុស្ស៊ី​និង​វៀតណាម​ក៏បាន​ពិភាក្សា​ពី​គម្រោង​វិនិយោគ​ទ្វេភាគីសំខាន់ៗផ្សេងទៀត ពាក់ព័ន្ធ​វិស័យ​ថាមពល វិស័យ​យោធា និង វិស័យ​ឧស្សាហកម្ម​ជាដើម។ វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​សហព័ន្ធរុស្ស៊ី ហើយ​វៀតណាម​ចង់អោយ​រុស្ស៊ី​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់​ខ្លួន​ផងដែរ។ លោក Medvedev សង្ឃឹមថា​រុស្ស៊ី​នឹង​អាច​ចាប់ផ្តើម​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​វៀតណាមឆាប់ៗបំផុត​នាពេល​ខាងមុខនេះ ហើយ​ទន្ទឹមនឹងនោះ មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​ក៏​នឹងត្រូវ​សាងសង់ឡើង​ព្រមជាមួយ​គ្នា​ដែរ។

៣.រុស្ស៊ី​ព្យាយាម​ចែរ​ចូ​វ​របប​សឹក​ក្រុង​បាងកក
ក្រោយ​បញ្ចប់​ការ​ទស្សនកិច្ច​ដែល​ពោរពេញ​ដោយ​ផ្លែផ្កា​នៅ​វៀតណាម ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​មិនបាន​បង្អង់​យូរ​ដោយ​បន្តដំណើរ​ទៅ​ជួប​ប្រមុខ​របប​សឹក​ក្រុង​បាងកក ប្រា​យុទ្ធ ចាន់​អូ​ចា​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល ២៥ឆ្នាំ​ហើយ​ដែលមាន​វត្តមាន​មន្ត្រី​កំពូល​រុស្ស៊ី​ទៅ​ទស្សនកិច្ច​នៅ​ថៃ។  នាយករដ្ឋមន្ត្រី Medvedev រំពឹងថា​នឹង​លើកយក​បញ្ហា​ចំណង​សេដ្ឋកិច្ច​ទ្វេរ​ភាគី និង​សហប្រតិបត្តិការ​ផ្នែក​យោធា​មក​ពិភាក្សា​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​បង្ហើប​ថា កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​ចំនួន ៥ និង​កិច្ចព្រមព្រៀង​រវាង​វិស័យ​ឯកជន ៥ផ្សេងទៀត​នឹងត្រូវ​គេ​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ថៃ​បាន​កោតសរសើរ​រុស្ស៊ី​ដែល​មិន​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​ខ្លួន​ក្នុងការ​សហប្រតិបត្តិកា​រ​ជាមួយ​រដ្ឋាភិបាល​ថៃ ទោះជា​មានការ​ផ្លាស់ប្តូរ​របប​ដឹកនាំ និង​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ក្តី។ រុស្ស៊ី​កំពុង​ព្យាយាម​ពង្រឹង​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ថៃ ស្រប​ពេលដែល​ទំនាក់ទំនង​ថៃ និង​លោកខាងលិច​ធ្លាក់ចុះ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ ២២ឧសភា​ឆ្នាំមុន។ លោកខាងលិច​នៅ​ព្យាយាម​ដាក់​សម្ពាធ​អោយ​របប​សឹក​ថៃ​ផ្ទេរអំណាច​ទៅអោយ​របប​ស៊ីវិល​វិញ​តាមរយៈ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​អោយ​ឆាប់រហ័ស។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​កើនឡើង​ដល់ ១៥០ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន ហើយ​ទស្សនកិច្ច​លើក​នេះ​នឹង​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​បន្ថែមទៀត។ រុស្ស៊ី​នាំចេញ​ប្រេង ឧស្ម័ន ដែកថែប ជាដើម​ទៅកាន់​ប្រទេស​ថៃ ខណៈ​ថៃ​នាំចេញ​អង្ករ ឡាន ចំណីអាហារ ទៅកាន់​ប្រទេស​រុស្ស៊ី។ បច្ចុប្បន្ននេះ រុស្ស៊ី​ស្វែងរក​ការនាំចេញ​សព្វាវុធ​បន្ថែម​ទៅកាន់​ប្រទេស​ថៃ ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​បាងកក​ចាប់អារម្មណ៍​ចំពោះ​បច្ចេកវិទ្យា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​រុស្ស៊ី ផងដែរ។




© រក្សាសិទ្ធិដោយ thmeythmey.com