អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋបាល​លោក​អូ​បា​ម៉ា​ពិចារណា​លុបឈ្មោះ​គុយបា​ពី​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​ក្រុម​ភេរវជន
08, Apr 2015 , 3:20 pm        
រូបភាព

ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា​ខ្លួន​កំពុង​ត្រៀម​បញ្ជូន​ការស្នើ​លុបចោល​ឈ្មោះ​រដ្ឋ​អាមេរិក​ឡាទីន​គុយបា​ចេញពី​បញ្ជី​រដ្ឋ​ដែល​ឧបត្ថម្ភ​គាំទ្រ​ក្រុម​ភេរវជន​ទៅកាន់​ប្រធានាធិបតី។អាមេរិក​ពិចារណា​ធ្វើ​ដូច្នេះ​ដោយសារ​គុយបា​និង​អាមេរិក​សម្រេច​ស្តារ​ចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ​កាលពី​ចុងឆ្នាំ​មុន​ហើយ​អាមេរិក​ប្រកាស​ត្រៀម​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​ក្រុង​ហា​វ៉ា​ណា​ផង។


មានសំឡេង




ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេលដែល​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​ចូលរួម​ក្នុង​សន្និសីទ​កំពូល​រដ្ឋ​អាមេរិក​ដែល​លោក​នឹង​ជួបពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​សម​ភាគី​គុយបា​ប្រ​ធានា​ធីប​តី​រ៉ា​អ៊ូ​ល​កា​ស្ត្រូ​ក្រសួងការបរទេស​អាមេរិក​បានប្រកាសថា​ខ្លួន​កំពុង​ត្រៀម​បញ្ជូន​ឯកសារ​ស្នើសុំ​លុបឈ្មោះ​គុយបា​ចេញពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​ទៅកាន់​ប្រធានាធិបតី។ក្រសួងការបរទេស​អា​មេ​រិ​ក​កំពុង​មរ​មា​ញឹក​ត្រួត​ពិនិត្យមើល​បញ្ជី​ឈ្មោះ​រដ្ឋ​គាំទ្រ​ចលនា​ភេរវកម្ម​ហើយ​ស្ថាប័ន​នេះ​នឹង​រៀបចំ​សេចក្តីសម្រេច​ចុងក្រោយ​ស្តីពី​ការដក​គុយបា​ចេញពី​បញ្ជីខ្មៅ​នេះ​ជូនទៅ​ប្រធានាធិបតី​អូ​បា​ម៉ា​ចុង​សប្តាហ៍​នេះ។

គួរ​រម្លឹក​បន្តិច​កាល​ពី​ខែធ្នូ​ឆ្នាំ២០១៤ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​និង​លោក​ប្រធានាធិបតី​គុយបា​រ៉ា​អ៊ូ​ល​កា​ស្ត្រូ​បាន​ព្រមព្រៀងគ្នា​ភ្ជាប់​ចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ។ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ជា​ក់​ផ្អើល​ដ្បិត​ប្រទេស​ទាំងពីរ​បានក្លាយ​ជាស​ត្រូវ​ជាមួយគ្នា​អស់​ជាង៥ទសវត្ស​មកហើយ​នោះ​ពោល​ចាប់តាំងពី​មាន​វិបត្តិ​មី​ស៊ី​ល​នៅ​គុយបា​ឆ្នាំ១៩៦១។

ក្រោយ​ប្រកាស​ស្តារ​ចំណងមិត្តភាព​ជាមួយ​ស​ត្រូវ​ហើយ​លោក​អូ​បា​ម៉ា​បាន​បញ្ជា​ឲ្យ​ក្រសួងការបរទេស​ខ្លួន​ត្រួត​ពិនិត្យមើល​លើ​ការដក​ឈ្មោះ​បញ្ជី​ប្រទេស​ដែល​គាំទ្រ​និង​ឧបត្ថម្ភ​ក្រុម​ភេរវជន​ព្រោះថា​ដោយសារ​បញ្ហា​នេះហើយ​អាមេរិក​មិនអាច​បង្កើន​ការស្តារ​ចំណង​ការទូត​ជាមួយ​គុយបា​បាន​រហ័ស​ជាង​បច្ចុប្បន្ននេះ។គុយបា​ត្រូវបាន​គេ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​រដ្ឋ​ផ្តល់ជំនួយ​ដល់​ភេរវជន​នេះ​កាលពី​ឆ្នាំ១៩៨២ជាមួយ​ប្រទេស​មួយចំនួនទៀត​ដូចជា​អ៊ីរ៉ង់​ស៊ូដង់​និង​ស៊ី​រី​ក្រោយពេល​គុយ​បាន​ផ្តល់ជំនួយ​ដល់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដែល​និយម​លទ្ធិ​ម៉ាក​នៅ​ប្រទេស​កូ​ឡុំ​ប៊ី។

ចំណែក​កិច្ចប្រជុំ​កំពូល​រដ្ឋ​អាមេរិក​នោះ​ចាប់ផ្តើម​នៅ​ថ្ងៃ១០ដល់​ថ្ងៃ១១មេសា។ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​លោក​អូ​បា​ម៉ា​នឹង​ចាក​ចេញទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ចា​ម៉ៃ​ហ្កា​ហើយ​បន្ទាប់មក​លោក​នឹង​បន្តទៅ​ចូលរួម​កិច្ចប្រជុំ​បន្ត​នៅក្នុង​ប្រទេស​ប៉ា​ណា​ម៉ា​ផងដែរ។គេ​រំពឹងថា​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នាក់​នឹងមាន​ពេលវេលា​សម្រាប់​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ដើម្បី​ជំរុញ​ឲ​កិច្ចសហប្រតិបត្តិការ​រ​វាង​គុយបា​និង​សហរដ្ឋអាមេរិក​ល្អប្រសើរ​នៅពេល​អនាគត។ការដក​ឈ្មោះ​គុយបា​ចេញពី​បញ្ជីខ្មៅ​អនុញ្ញាត​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​គុយបា​ផង។

បច្ចុប្បន្ននេះ​ប្រជាជន​គុយបា​ទូទៅ​បង្ហាញ​ក្តី​រីករាយ​និង​មាន​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​ការភ្ជាប់​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ការដក​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​ប្រឆាំង​ប្រទេស​គុយបា​ផងដែរ។ពួកគេ​រំពឹងថា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់គេ​នឹង​បាន​ប្រសើរឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​កំពុង​បញ្ចុះបញ្ចូល​ឲ​សភា​បញ្ចប់​ទណ្ឌកម្ម​ដែល​ដាក់​ប្រឆាំង​សេដ្ឋកិច្ច​គុយបា​អស់​ជាច្រើន​ទសវត្ស​មកហើយ​នេះ​ផង​ដរ៕



© រក្សាសិទ្ធិដោយ thmeythmey.com