អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ផ្តល់​អាវុធ​ទៅ​រដ្ឋ​អារ៉ាប់ ខណៈ​អ៊ីរ៉ង់-តួ​ក​គី​ត្រៀម​បញ្ចប់​វិបត្តិ​យេ​ម៉ែន
08, Apr 2015 , 3:38 pm        
រូបភាព

អាមេរិក​ត្រៀម​ផ្គត់ផ្គង់​សព្វាវុធ​ដល់​សម្ព័ន្ធ​ប្រទេស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​កំពុង​ទម្លាក់​គ្រាប់​ប្រឆាំង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​យេ​ម៉ែន។ ការប្រកាស​ផ្តល់ជំនួយ​សព្វាវុធ​ដល់​កង​ម្លាំ​ង​ក្រុម​រដ្ឋ​អារ៉ាប់​នេះ ធ្វើឡើង​ស្របពេល​ដែល​វិបត្តិ​នៅ​យេ​ម៉ែន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការប៉ះទង្គិច​គ្នា​នេះ ខណៈ​ប្រជាជន​រាប់​នាក់​កំពុង​រត់​ភៀសខ្លួន​គេច​ពី​គ្រោះថ្នាក់​និង​បាត់បង់​ផ្ទះសម្បែង។ គេ​មិនបាន​ដឹងថា សហគមន៍​អន្តរជាតិ​បានធ្វើ​អ្វីខ្លះ​សម្រាប់​ទប់ស្កាត់​គ្រោះមហន្តរាយ​មនុស្សជាតិ​នោះឡើយ ព្រោះ​គ្មាន​ការដាក់​សម្ពាធ​អោយ​ភាគី​ពាក់ព័ន្ធ​ដាក់អាវុធ​និង​ចូល​តុ​ចរចា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ឡើយ។យ៉ាងណា​រដ្ឋាភិបាល​តួ​ក​គី និង​អ៊ីរ៉ង់​ដែលជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​យេ​ម៉ែន​ដែល​នោះបាន​ឯកភាព​ថា​នឹង​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ​ផល​និស្ស័យ៖




ប្រជាជន​យេ​ម៉ែន​រាប់រយ​នាក់​​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងការ​ប៉ះទង្គិច​គ្នា​និង​ការទម្លាក់​គ្រាប់បែក​របស់​រដ្ឋ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ។ ក្រៅពី​មនុស្ស​បន្ត​ស្លាប់ ប្រជាជន​ស្លូតត្រង់​យេ​ម៉ែន​ប្រហែល​ជាង១ម៉ឺន​នាក់​ផ្សេងទៀត បាត់បង់​ជម្រក និង​បន្ត​រត់​ភៀសខ្លួន​ដើម្បី​គេច​ចេញពី​គ្រោះថ្នាក់។ ការកើនឡើង​នៃ​អ្នកស្លាប់​បាត់បង់​ជីវិត កង្វះខាត​ថ្នាំសង្កូវ ស្បៀងអាហារ ហើយ​ការប្រយុទ្ធ​គ្នា​នៅ​បន្ត កំពុង​បញ្ជាក់ថា វិបត្តិ​មនុស្សជាតិ​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​យេ​ម៉ែន។ ប្រជាជន​យេ​ម៉ែន​កំពុងស្រែ​កដ​ង្ហើ​យ​រក​ការបញ្ចប់​ការប្រយុទ្ធ និង​រក​អ្នក​ជួយ​ស្រោចស្រង់​ប្រទេស​របស់ខ្លួន មិនមែន​ស្វែងរក​អ្នក​ទម្លាក់​គ្រាប់បែក​ឡើយ។ ប៉ុន្តែ​ទោះ​ប្រជាជន​ទាំង​ស្រែក​រក​ជំនួយ​យ៉ាងណាក្តី គ្មាន​អ្នកណាម្នាក់​យកចិត្តទុកដាក់​ឡើយ មហាអំណាច​តំបន់​នៅ​បន្ត​លូកដៃ​ដោយ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់ សហគមន៍​អន្តរជាតិ​បរាជ័យ​ក្នុង​ការនាំ​ជំនួយ​មនុស្សធម៌​ទៅ​ទ្រទ្រង់​ជីវិត​ជនភៀសខ្លួន​នៅ​តំបន់​គ្រោះថ្នាក់​ដូចជា​តំបន់ Aden។

អ្នកវិភាគ​មួយចំនួន​នាំគ្នា​រិះគន់​សហគមន៍​អន្តរជាតិ​ជាពិសេស​សហរដ្ឋអាមេរិក។ អ្វីដែល​គួរអោយ​ខ្មាសអៀន​សម្រាប់​សហគមន៍​អន្តរជាតិ​​និង​សហរដ្ឋអាមេរិក គឺ​ការមិន​ជំរុញ​ឬ​ដាក់​សម្ពាធ​អោយ​ភាគី​ជម្លោះ​បង្កើត​បទ​ឈប់​បាញ់​និង​ចរចា​គ្នា​ឡើយ តែ​បែរជា​ប្រកាស​ផ្តល់​អាវុធ​គាំទ្រ​រដ្ឋ​អារ៉ាប់​ប្រឆាំង​ក្រុម​ឧទ្ទាម Houthisទៅវិញ។ សហរដ្ឋអាមេរិក​ការពារ​ទង្វើ​របស់ខ្លួន ដោយ​អះអាងថា​ខ្លួន​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រឆាំង​ក្រុម​ឧទ្ទាម ដែល​ចង់​កាន់កាប់​អំណាច​ដោយ​ប្រើ​កម្លាំងបាយ។

១.សហរដ្ឋអាមេរិក​ប្រកាស​ផ្គត់ផ្គង់​ស​ពា្វ​វុ​ធ​ដល់​ក្រុម​រដ្ឋ​អារ៉ាប់​ដែល​ទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែន
សហរដ្ឋអាមេរិក​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​អោយ​ទប់ស្កាត់​ក្រុម​ឧទ្ទាម​យេ​ម៉ែន​មិនអោយ​ពង្រឹងកម្លាំង​និង​ដណ្តើម​អំណាច​ដោយ​ប្រើប្រាស់​ចុង​កាំភ្លើង។ ប៉ុន្តែ​ការគាំទ្រ​របស់​អាមេរិក​នេះ​កំពុង​ក្លាយជា​ក្តីបារម្ភ​មួយ។ ជាក់ស្តែង​កាលពី​ម្សិលមិញ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បានប្រកាសថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀមលក្ខណៈ​ដើម្បី​ផ្តល់​របាយការណ៍​ចារកម្ម និង​ព​ន្លឿ​ន​ការផ្គត់ផ្គង់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​បណ្តា​រដ្ឋ​អារ៉ាប់​ដែល​ចូលរួម​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម Houthisយេ​ម៉ែន។ សហរដ្ឋអាមេរិក​គាំទ្រ​មេដឹកនាំ​រដ្ឋាភិបាល​ដែល​កំពុង​ភៀសខ្លួន​លោក Hardiហើយ​រដ្ឋបាល​លោក​អូ​បា​ម៉ា​ក៏​គាំទ្រ​ការប្រើប្រាស់​សង្គ្រាម​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​ផងដែរ បើទោះជា​មានការ​រិះគន់​ពី​សំណាក់​បណ្តា​ប្រទេស​មួយចំនួន​ក៏ដោយ។ យ៉ាងណាមិញ​ការផ្តល់​សព្វាវុធ​ទៅអោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​នេះ កំពុង​បង្កើន​ក្តីបារម្ភ ព្រោះ​គេ​មិនដឹងថា​អាវុធ​នោះ​យកមកប្រើ​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ឬ​សម្លាប់​ជន​ស៊ីវិល​ឡើយ។ របាយការណ៍​ថ្មី​បាន​បង្ហាញថា ការវាយប្រហារ​ចុងក្រោយ​បានសម្លាប់​ជន​ស៊ីវិល​ជាពិសេសក្មេងៗ ដោយសារ​ទីតាំង​នោះ​ជា​សាលារៀន ហើយ​ភ្នាក់ងារ​កាកបាទក្រហម​បាន​ព្រមាន​រួច​ហើយពី​ការបន្ត​វាយប្រហារ​នេះ។

២.អ៊ីរ៉ង់​បន្ត​ថ្កោលទោស​ការទម្លាក់​គ្រាប់បែក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត
តាំងពី​ថ្ងៃ​ដំបូង​នៃ​ការទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែន​មកម្ល៉េះ អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល បាន​ថ្កោលទោស​រដ្ឋ​អារ៉ាប់ ដោយ​លើកឡើងថា​ការទម្លាក់​គ្រាប់​រំលោភ​អធិបតេយ្យ​យេ​ម៉ែន។ ការប្រើប្រាស់​កម្លាំង​ដោយ​ទម្លាក់​គ្រាប់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​រៀបចំឡើង​ដោយមាន​ការអំពាវនាវ​ពី​ប្រ​ធានា​ធីប​តី​ធ្លាក់​ពី​តំណែង Hardiហើយ​រដ្ឋ​អារ៉ាប់​ជឿ​ខ្លួន​កំពុង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​ទទួលស្គាល់​និង​បង្កើតឡើង​ដោយ​មានការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad JavadZarifបាន​ថ្កោលទោស​កម្ម​ភាព​នេះ និង​មេដឹកនាំ​កំពូល​សាសនា​Ayatollah Ali Khamenei បានស្នើ​អោយមាន​ការបញ្ចប់​ការវាយប្រហារ​នៅ​យេ​ម៉ែន​បន្តទៀត​ដែរ។

៣. អ៊ីរ៉ង់ និង​តួ​ក​គី​ឯកភាពគ្នា​រក​ដំណោះស្រាយ​នយោបាយ​បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន
ដោយសារ​បញ្ហា​យេ​ម៉ែន​កាន់តែ​ធ្ងន់ធ្ងរ តួ​ក​គី​និង​អ៊ីរ៉ង់​បានប្រកាស​ឯកភាពគ្នា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ម្សិលមិញ​ប្រធានាធិបតី​អ៊ីរ៉ង់  Hassan Rouhani បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ត្រៀមខ្លួន​ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅ​យេ​ម៉ែន។ សម​ភាគី​ទាំងពីរ​បញ្ជាក់ថា បទ​ឈប់​បាញ់​គួរតែ​ជំហាន​ដំបូង​បំផុត ដើម្បី​បើកផ្លូវ​ទៅរក​ការចរចា។ យ៉ាងណាមិញ ប្រធានាធិបតី​តួ​ក​គី លោក RecepTayyipErdogan មិនបាន​និយាយ​ពី​បញ្ហា​យេ​ម៉ែន​ច្រើន​ឡើយ ហើយ​តួ​ក​គី​នេះ​ក៏​ជា​អ្នកគាំទ្រ​ការទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែន​ដែរ។ ក្រោយ​មានការ​ឯកភាពគ្នា​ហើយ នៅ​ថ្ងៃ​ពុធ​នេះ គេ​លេច​លឺថា រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ គ្រោង​ធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន ដើម្បី​ជជែក​ពី​ការបញ្ចប់​ជម្លោះ​នៅ​យេ​ម៉ែន។ គេ​ដឹង​ច្បាស់​ថា​រដ្ឋមន្ត្រីការបរទេស​រដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​បញ្ចុះបញ្ចូល​ក្រុង​ឥស្លាម​បាត​កុំអោយ​ចូល​ដៃ​ចូល​ជើង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​យេ​ម៉ែន។ គម្រោង​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ក្រោយពេល​ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន  Nawaz Sharif អំពាវនាវ​អោយ​អ៊ីរ៉ង់​ចូលរួម​ដោយផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​ឧបទ្វីប​អារ៉ាប់​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com